ប្រធានាធិបតីតួកគី រិះគន់ការបង្រាបរបស់សហរដ្ឋអាមេរិកលើក្រុមបាតុករនៅតាមសកលវិទ្យាល័យ

Posted By: RoogRog Robot | 02-May-2024 23:06:42

2024-05-02 10:04pm

(អង់ការា)៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើអត្ថាធិប្បាយលើបញ្ហាបាតុកម្មតវ៉ាប្រឆាំងនឹងសង្គ្រាមនៅហ្គាហ្សា របស់និស្សិត នៅតាមសកលវិទ្យាល័យសហរដ្ឋអាមេរិក ដោយរិះគន់អាជ្ញាធរថា បានប្រព្រឹត្តអំពើព្រៃផ្សៃចំពោះនិស្សិតទាំងនោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។

បាតុកម្មបានរីករាលដាលនៅតាមបរិវេណសកាលវិទ្យាល័យ នៅទូទាំងសហរដ្ឋអាមេរិក ជុំវិញអាកប្បកិរិយារបស់អ៊ីស្រាអែលក្នុងសង្គ្រាមនៅតំបន់ហ្គាហ្សា ដែលជំរុញឱ្យមានការបង្ក្រាប និងការចាប់ខ្លួននៅតាមកន្លែងមួយចំនួន ដូចជាសាកលវិទ្យាល័យ Columbia ក្នុងទីក្រុងញូវយ៉កជាដើម។

លោក Erdogan បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុងអង់ការ៉ាថា <<និស្សិត និងអ្នកសិក្សាដែលមានមនសិការ រួមទាំងជនជាតិជ្វីហ្វប្រឆាំងនឹងស៊ីយ៉ូននិយម នៅសាកលវិទ្យាល័យល្បីៗរបស់អាមេរិក កំពុងតវ៉ានឹងការសម្លាប់រង្គាលនៅហ្គាហ្សា>>។

លោកបានបន្ថែមថា <<បុគ្គលទាំងនេះកំពុងប្រឈមមុខនឹងអំពើហឹង្សា ភាពឃោរឃៅ និងសូម្បីតែការធ្វើទារុណកម្ម សម្រាប់ការតស៊ូមតិរបស់ពួកគេដើម្បីបញ្ចប់ការសម្លាប់រង្គាល>>។ លើសពីនេះ លោកបានកត់សម្គាល់ថា បុគ្គលិកសាកលវិទ្យាល័យមួយចំនួនក៏ត្រូវបានបណ្តេញចេញពីការងារផងដែរ..>>។

គួរជម្រាបថា តួកគីដែលជាប្រទេសសមាជិកអង្គការណាតូ បានរិះគន់យ៉ាងចាស់ដៃចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា និងអ្វីដែលខ្លួនហៅថា ការគាំទ្រដោយគ្មានលក្ខខណ្ឌពីបណ្តាប្រទេសលោកខាងលិច។

សហរដ្ឋអាមេរិកគឺជាអ្នកផ្តល់ជំនួយយោធាដ៏ធំបំផុតរបស់អ៊ីស្រាអែល ហើយកំពុងការពារប្រទេសនេះ ពីការបោះឆ្នោតសេចក្តីសម្រេចសំខាន់ៗរបស់អង្គការសហប្រជាជាតិ។

លោក Erdogan បាននិយាយថា <<ដែនកំណត់នៃលទ្ធិប្រជាធិបតេយ្យលោកខាងលិច ត្រូវបានកំណត់ដោយផលប្រយោជន៍របស់អ៊ីស្រាអែល។ ហើយអ្វីក៏ដោយដែលមើលឃើញថា ជាការគំរាមកំហែងដល់ផលប្រយោជន៍របស់អ៊ីស្រាអែល ត្រូវបានគេដាក់ឈ្មោះថាជាពួកប្រឆាំងលទ្ធិប្រជាធិបតេយ្យ ឬប្រឆាំងនឹងសាសនា>>៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...