អភិបាលខេត្តកំពត៖ ប្រសិន ១០ថ្ងៃទៀតគ្មានធ្លាក់ភ្លៀងទេនោះ រដ្ឋបាលខេត្តនឹងបើកយុទ្ធនាការសង្គ្រោះពាក់ព័ន្ធគ្រោះរាំងស្ងួតជូនប្រជាពលរដ្ឋ

Posted By: RoogRog Robot | 02-May-2024 20:42:50

2024-05-02 07:39pm

(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានឱ្យដឹងថា រដ្ឋបាលខេត្តបានដាក់ផែនការសម្រាប់ត្រៀមបម្រុងជួយសង្គ្រោះពលរដ្ឋទទួលរងគ្រោះរាំងស្ងួត នៅតាមទីតាំងតំបន់ប្រឈមមួយចំនួនក្នុងខេត្ត រួចជាស្រេចអស់ហើយ ហើយបើក្នុងរយៈពេល១០ ទៅ១៥ថ្ងៃទៀត អាកាសធាតុនៅតែក្តៅ ហើយគ្មានភ្លៀងធ្លាក់នោះទេ អាជ្ញាធរនឹងបើកយុទ្ធាការជួយសង្គ្រោះប្រជាពលរដ្ឋនៅទូទាំងខេត្តតែម្តង។

ការថ្លែងបែបនេះ ខណៈដែលលោក ច័ន្ទ លំផាត់ តំណាងនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងលោក ម៉ៅ ធនិន ជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពត ចូលរួមជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារគ្របគ្រងគ្រោះមហន្តរាយ និងការងារអតីតយុទ្ធជន ក្នុងខេត្តកំពត ដែលប្រព្រឹត្តធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពត នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ដោយមានការចូលរួមពីជួរថ្នាក់ដឹកនាំនៃមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោក ម៉ៅ ធនិន បានលើកឡើងទៀតថា ក្នុងនាមអាជ្ញាធរខេត្ត ថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត គឺបានគិតគូរនិងរៀបចំផែនការត្រៀមបម្រុង ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិនានា ទៅលើទីតាំងភូមិសាស្ត្រមួយចំនួនក្នុងខេត្ត ដែលងាយរងគ្រោះរួចរាល់អស់ហើយ។ ជាពិសេសទីតាំងណាដែលងាយរងគ្រោះនឹងការជន់លិច និងទីតាំងណាដែលងាយរងគ្រោះដោយគ្រោះរាំងស្ងួត។

ហើយកន្លងមករដ្ឋបាលខេត្ត បានដាក់ផែនការទៅឲ្យអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ស្រុក ក្រុង និងជំនាញ ដោយផ្អែកទៅលើការប្រើបា្រស់កម្លាំងសរុប មធ្យោបាយសរុប ដើម្បីអន្តរគមន៍ទៅលើបញ្ហាទាំងអស់នោះ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរបស់ប្រជាពលរដ្ឋ ហើយជាងមួយឆ្នាំកន្លងមកនេះ ឃើញថារដ្ឋបាលខេត្ត បានរៀបចំស្តាប្រឡាយ បឹង បួរ ដើម្បីស្តុកទឹកទុកបានមួយចំនួនធំ។

ពាក់ព័ន្ធការងារខាងលើ អាជ្ញាធរខេត្តបានធ្វើឡើងយ៉ាងម៉ឹងម៉ាត់បំផុត តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងក្រោមកិច្ចដឹកនាំផ្ទាល់របស់នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។

នាឱកាសនោះដែរ លោក ច័ន្ទ លំផាត់ បានលើកឡើងកោតសរសើរចំពោះគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត ពិសេសលោកអភិបាលខេត្តកំពត ដែលបានត្រៀមផែនការយ៉ាងច្បាស់លាស់សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ។

លោក ច័ន្ទ លំផាត់ ក៏បានស្នើនិងណែនាំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ត្រីជំនាញពាក់ព័ន្ធ បន្តកិច្ចសហការល្អបន្ថែមទៀត លើការងារគ្រប់គ្រងគ្រោះមហន្តរាយនេះ ហើយបើមានតម្រូវការអ្វីបន្ថែម សូមធ្វើរបាយការណ៍ឬរាយការណ៍មកថ្នាក់លើពីព្រោះលោកកិត្តិសង្គហបណ្ឌិត គន់ គីម កំពុងតែខិតខំស្វែងរកលទ្ធភាពក្នុងការរៀបចំពាក់ព័ន្ធបញ្ហាទឹក ដើម្បីចែកចាយជូនប្រជាពលរដ្ឋ។

បើតាមមន្ត្រីជំនាញ បានរាយការណ៍ថា អាកាសធាតុនឹងបន្តក្តៅហួតហែង រហូតដល់ចុងខែឧសភានេះ ទើបមានភ្លៀងធ្លាក់៕




































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...