អាជ្ញាធរស្រុកទឹកឈូ ស្នើដល់អាជីវករ ប្រជាពលរដ្ឋ ត្រូវរក្សាអនាម័យបរិស្ថាន និងការផ្តល់សេវាកម្មល្អ សំដៅចូលរួមប្រលងប្រណាំងពានរង្វាន់ «ភូមិទេសចរណ៍ឆ្នើម ២០២៤

Posted By: RoogRog Robot | 02-May-2024 20:36:32

2024-05-02 07:30pm

(កំពត)៖ ដើម្បីប្រកួតប្រជែងយកឈ្នះពានរង្វាន់<<ភូមិទេសចរណ៍ឆ្នើម ២០២៤>> របស់អង្គការទេសចរណ៍ពិភាពលោក (UNWTO) លោក អុឹម ច័ន្ចសោធន អភិបាលស្រុកទឹកឈូ នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ បានធ្វើការអំពាវនាវ និងស្នើដល់អាជីវករ ម្ចាស់រមណីយដ្ឋាន ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ធ្វើយ៉ាងណាត្រូវប្រឹងប្រែងបន្តទៀតលើការងាររក្សាអនាម័យបរិស្ថាន ការផ្តល់សេវាកម្មល្អ និងការច្នៃបង្កើតសេវាកម្ម និងកន្លែងទេសចរណ៍ទាក់ទាញថ្មីៗបន្ថែមទៀត ដើម្បីឲ្យភ្ញៀវទេសចរមកលេងខេត្តកំពតកាន់តែច្រើន។

លោកអភិបាលស្រុក អុឹម ច័ន្ចសោធន រំពឹងដែរថា ពាក់ព័ន្ធការប្រឡងប្រណាំងយកភាពឈ្នះពានរង្វាន់ <<ភូមិទេសចរណ៍ឆ្នើម ២០២៤>>នេះ និយាយដោយឡែក ក្នុងភូមិសាស្ត្រនៃស្រុកទឹកឈូ គឺមានភូមិស្នំប្រាំពីរ នៃឃុំម៉ាក់ប្រាំង ស្រុកទឹកឈូ នឹងអាចឈ្នះជ័យលាភីភូមិទេសចរណ៍ឆ្នើម២០២៤ ជាក់ជាមិនខាន ព្រោះផ្អែកសម្អាងថា ភូមិនេះបានបំពេញតាមលក្ខខណ្ឌទាំង ៩ចំណុច របស់គណៈកម្មាធិការវាយតម្លៃ។

បើតាមការបញ្ជាក់របស់អាជ្ញាធរ និងជំនាញ បានបញ្ជាក់ថា ភូមិនេះត្រូវបានជ្រើសរើសធ្វើជាបេក្ខភាពភូមិទេសចរណ៍ឆ្នើមមួយ ក្នុងចំណោមភូមិពីរ របស់ខេត្តកំពត ដើម្បីដាក់ប្រកួតពានរង្វាន់ <<ភូមិទេសចរណ៍ឆ្នើម២០២៤>> ហើយបើតាមការរំពឹងថា ភូមិនេះអាចនឹងឈ្នះ។

លោកអភិបាលស្រុកទឹកឈូ បានឲ្យដឹងទៀតថា ភូមិស្នំប្រាំពីរខាងលើ គឺជាភូមិដ៏សំខាន់មួយ សម្រាប់ផ្ដល់កិត្តិយសឲ្យរដ្ឋបាលស្រុក ក៏ដូចជាប្រជាពលរដ្ឋក្នុងស្រុកទឹកឈូទាំងមូលផងដែរ ហើយក៏ជាមុខមាត់សម្រាប់រដ្ឋបាលខេត្តកំពត ដែលជាខេត្តទេសចរណ៍ដ៏សំខាន់មួយសំបូរទៅដោយសក្តានុពលសម្បូរបែប។

បើតាមមន្ត្រីជំនាញ បានជ្រើសរើសភូមិ ចំនួន២ ក្នុងស្រុក ជាភូមិទេសចរណ៍ឆ្នើមរបស់ខេត្ត ដើម្បីដាក់ចូលក្នុងការប្រកួតដណ្តើមពានរង្វាន់ <<ភូមិទេសចរណ៍ឆ្នើម២០២៤>> របស់អង្គការទេសចរណ៍ពិភាពលោក (UNWTO)។ ដោយឡែកភូមិស្នំប្រាំពីរ គឺពិតជាភូមិទេសចរណ៍មួយដ៏ទាក់ទាញ ព្រោះភូមិនេះមានតំបន់រមណីយដ្ឋានធម្មជាតិ និងកែច្នៃជាច្រើន ដែលភ្ញៀវទេចរណ៍ជាតិ និងអន្តរជាតិ ធ្លាប់បានមកលេងកម្សាន្តយ៉ាងច្រើន រួមមានដូចជា៖ ទឹកជ្រោះតាដា, កោះស្នេហ៍តាលុន, រមណីយដ្ឋានទឹកឈូ, រមណីយដ្ឋានដូងទេរ, ឧទ្យានដងព្រែក និងកាហ្វេរជ្រលងភ្នំ ជាដើម។ល។ និងសម្បូរទៅដោយចំការដំណាំផ្លែឈើ សម្រាប់ដើរលេងកម្សាន្តទេសចរណ៍។

យោងតាមមន្ត្រីជំនាញ នៃមន្ទីរទេសចរណ៍ខេត្តកំពត បានបញ្ជាក់ថា ដើម្បីចូលរួមក្នុងការប្រកួតពានរង្វាន់ ភូមិទេសចរណ៍ឆ្នើម ២០២៤ របស់អង្គការទេសចរណ៍ពិភាពលោក រដ្ឋបាលខេត្តកំពតដោយមានការសហការ ពីមន្ត្រីជំនាញមន្ទីរទេសចរណ៍ បានជ្រើសរើសភូមិ ចំនួនពីរ របស់ស្រុកទឹកឈូ រួមមាន ភូមិស្នំប្រាំពីរ និងភូមិកំពង់កែស ជាភូមិទេសចរណ៍ឆ្នើមរបស់ខេត្ត ដើម្បីដាក់ជាបេក្ខភាពប្រកួត ហើយភូមិទាំងពីរនេះ សុទ្ធតែមានសក្តានុពលលើវិស័យទេសចរណ៍ខ្ពស់ ដែលអាចសង្ឃឹមច្រើនក្នុងការដណ្តើមយកជ័យលាភី ជាពិសេសភូមិស្នំប្រាំពីរនេះតែម្តង៕






























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...