បណ្ឌិត អ៊ាង សុផល្លែត៖ ការរីកចម្រើនវិស័យព្រះពុទ្ធសាសនា និងសុខដុមរមនានៅកម្ពុជា ឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាល និងភាពចុះសម្រុងគ្នារវាងសាសនាទាំងអស់

Posted By: RoogRog Robot | 02-May-2024 19:05:17

2024-05-02 05:58pm

(ត្បូងឃ្មុំ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានបង្ហាញមោទនភាពចំពោះការរីកចម្រើនវិស័យសាសនានៅកម្ពុជា ទាំងពុទ្ធចក្រ ក៏ដូចជាការគោរពជំនឿសាសនាផ្សេងទៀត របស់ប្រជាជនកម្ពុជា ដែលរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា។ នេះឆ្លុះបញ្ចាំងឱ្យឃើញអំពីការរីកចម្រើន ក៏ដូចជា៖ ការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ចំពោះព្រះពុទ្ធសាសនា និងភាពចុះសម្រុងគ្នារវាងសាសនាទាំងអស់ក្នុងគោលដៅដឹកនាំមនុស្សឱ្យល្អ មានសន្តិភាពក្នុងចិត្ត និងក្នុងសង្គមជាតិ។

ការលើកឡើងបែបនេះរបស់លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងនៅក្នុងឱកាសដែលលោកបណ្ឌិត បានអញ្ជើញសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តវេឡុវនារាម (ហៅវត្តកំពង់ឫស្សី) ស្ថិតនៅភូមិកំពង់ឫស្សី ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ។

សមិទ្ធិផលនានារួមមាន៖ ឧបដ្ឋានសាលា (សាលាឆាន់) (១៨ម៉ែត្រ គុណ២៧ម៉ែត្រ) សាលាធម្មសភាពីរជាន់ (២១ម៉ែត្រ គុណ១៦ម៉ែត្រ) ក្លោងទ្វារ (៥ម៉ែត្រ គុណ ៨ម៉ែត្រ) ផ្លូវបេតុងប្រវែង ១ ០០០ម៉ែត្រ រូបសំណាកសម្តេចសង្ឃ ជួន ណាត និងសមិទ្ធផលមួយចំនួនទៀត ក្នុងវត្តវេឡុវនារាម ហៅវត្តកំពង់ឬស្សី សរុបថវិកាចំនួន ៧៦៥.៧៥០ដុល្លារ (ប្រាំពីរយហុកសិបប្រាំពាន់ ប្រាំពីររយហាសិបដុល្លារគត់)។ នេះជាសក្ខីកម្ម នៃការរីកចម្រើននៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋក្រោមម្លប់នៃសុខសន្តិភាព។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្តថា ប្រសិនបើយើងគ្រប់គ្នា ម្នាក់ប្រព្រឹត្ត អំពើល្អ១ក្នុង១ថ្ងៃ នោះយើងនឹងមានអំពើជាង១០លានអំពើល្អ ក្នុង១ថ្ងៃ។ ឈរលើគោលការណ៍ធម៌នៃពុទ្ធឱវាទក៏ដូចជាអនុលោមតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល កម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្នុងមុំទី៥ នៃបញ្ចកោណទី១ គឺការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកប ដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលផ្តោតសំខាន់លើការធ្វើ ភាវូបនីយកម្មពលរដ្ឋ ឱ្យមានសីលធម៌ គុណធម៌ និងសុជីវធម៌ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលផ្ដោតលើភាពស្អាត ភាពបៃតង និងចីរភាព។ ភាពស្អាតនេះ គឺសំដៅដល់ភាពស្អាតចេញពីក្នុងចិត្ត និងភាពស្អាតទាំងបរិស្ថានរស់នៅលើដី លើមេឃ និងក្នុងទឹក។

លោកបណ្ឌិត បានលើកឡើងថា ជ្រកក្រោមម្លប់នៃសុខសន្តិភាព និងក្រោមមគ្គុទ្ទេសក៍ ដ៏ឆ្លាតឈ្លាសវៃ របស់រាជរដ្ឋាភិបាលកម្ពុជា ជាតិជាកូនខ្មែរ អ្នកសាងអង្គរ មានឈាមជ័រ ជាអ្នកមានសីល និងគុណធម៌ ដ៏ជ្រាលជ្រៅ ជាពិសេសដែលមានពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលតែងតែប្រៀនប្រដៅ អប់រំបរិស័ទ។ លោកមានសុទិដ្ឋិនិយម និងជឿជាក់យ៉ាងមុតមាំថា ខ្មែរអាចធ្វើបាន និងអាចរួមគ្នាកសាង សង្គមដែលស្អាតបាន ដើម្បីកសាងភាពស្អាតមួយទុកឲ្យកូនចៅជំនាន់ក្រោយយើងបន្តរាប់ជំនាន់ទៅមុខទៀត លើសពីនេះទៀត ការបណ្តុះគំនិតស្រឡាញ់ភាពស្អាត ដល់សិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សីនេះ នឹងជំរុញពួកគាត់ឱ្យក្លាយជាធនធាន ដ៏មានសារៈសំខាន់ចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍ និងយុទ្ធនាការផ្សេងៗទៀតដើម្បីឈានទៅសម្រេចបាននូវភាពស្អាត ភាពបៃតង និងចីរភាពសម្រាប់កម្ពុជាផងដែរ។

លោកបានបន្តថា ចំណងទាក់ទងរវាងពុទ្ធចក្រ និងអាណាចក្រ ជាទំនាក់ទំនង យ៉ាងជ្រាលជ្រៅដែលមិនអាចកាត់បេះដាច់ចេញពីគ្នា។ កិច្ចការដ៏សំខាន់នេះ អាចសម្រេចទៅបានលុះត្រាតែមានការចូលរួមដ៏ចម្បង ពីសំណាក់ការអប់រំទូន្មាន តាមបែបសាសនា ជាពិសេសការជំរុញការរស់នៅតាមពុទ្ធឱវាទនៃព្រះពុទ្ធសាសនា ដែលតែងប្រោសសត្វលោកឱ្យរស់នៅប្រកបដោយភាពថ្លៃថ្នូរ និងសុខដុមរមនារវាងគ្នាទៅវិញទៅមកនៅក្នុងបរិបទដែលសង្គមកម្ពុជាកាន់តែ អភិវឌ្ឍន៏ និងកាន់ តែទំនើប ការលើកកម្ពស់វិធាននៃការរស់នៅស្របតាមដំបូន្មាន នៃសាសនា គឺពិតជាសំខាន់។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា ការបញ្ចប់សង្គ្រាមនៅកម្ពុជាបានស្រោចស្រង់ និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពជ្រើសរើសសាសនា ហើយទោះ បីថាសាស នាព្រះពុទ្ធ ត្រូវបានកំណត់ថាជាសាសនារបស់រដ្ឋក៏ដោយ រដ្ឋាភិបាលកម្ពុជាបានជំរុញ និងលើកកម្ពស់គ្រប់សាសនាទាំងអស់ឱ្យចូលរួមចំណែក ក្នុងការអប់រំបរិស័ទ ឱ្យដើរលើមាគ៌ាល្អត្រឹមត្រូវ នេះជាអ្វីដែលបានចូលរួមក្នុងការថែរក្សា នូវភាពសុខសាន្ត ក្នុងជំនឿសាសនាចំពោះអ្នក កាន់សាសនាផ្សេងគ្នាឱ្យជៀសផុតពីការបំផ្លាញ។

រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តនូវប្រពៃណី និងគោលនយោបាយដែលរាជរដ្ឋាភិបាលនៅក្នុង ៤០ឆ្នាំជាងនេះ គោរពប្រតិបត្តិ និងបន្តជំរុញ បើកសិទ្ធិ សេរីភាព និងធានាសិទ្ធិសេរីភាព ដល់គ្រប់សាសនាទាំងអស់ ដើម្បីថែរក្សាការពារ សុខដុមរមនីយកម្មសាសនានេះ ឱ្យល្អស្ថិតស្ថេរជានិច្ចនិរន្តរ៍៕














News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...