សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានអាជីព ដែលគោរពវិជ្ជាជីវៈ ប្រៀបបានជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងដ៏មានប្រសិទ្ធភាព អំពីបញ្ហាសង្គម

Posted By: RoogRog Robot | 02-May-2024 16:47:55

2024-05-02 03:41pm

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា អ្នកសារព័ត៌មានអាជីព ដែលគោរពវិជ្ជាជីវៈ គឺប្រៀបបានជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងដ៏មានប្រសិទ្ធភាព អំពីបញ្ហាសង្គម និងលើកទឹកបន្តចូលរួមលើកស្ទួយវិស័យព័ត៌មាន ដោយប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវវិជ្ជាជីវៈសារព័ត៌មាន និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ បំភ្លៃការពិត មានចរិតបំពុលសង្គម ជេរប្រមាថ និងញុះញង់បង្កឱ្យកើតមានអរិភាព និងការបែកបាក់សាមគ្គីភាពជាតិ។

ដើម្បីលើកកម្ពស់គុណភាពសារព័ត៌មាន អ្នកសារព័ត៌មានត្រូវឈរ លើគោលការណ៍ជាមូលដ្ឋាននៃការគោរពក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។ នៅលើពិភពលោក អ្នកសារព័ត៌មាន បានបំពេញ តួនាទីដ៏សំខាន់ក្នុងការចូលរួមកែលម្អចំណុចខ្វះខាត នៅក្នុងសង្គម និងបាននាំយកព័ត៌មានពីរាជរដ្ឋាភិបាល ទៅកាន់ប្រជាពលរដ្ឋ និងនាំមកវិញនូវព័ត៌មានពីប្រជាពលរដ្ឋមករាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាឱ្យទាន់ពេលវេលា និងសុខុដុមនីយកម្មក្នុងសង្គម ចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍ។ នេះបើយោងតាមសារលិខិត ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

តាមរយៈសារលិខិតដដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានគាំទ្រចំពោះយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ <<និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ>>។ បច្ចុប្បន្នវិស័យសារព័ត៌មាន បានប្រឈមជាមួយការរីកចម្រើន យ៉ាងឆាប់រហ័សនៃប្រព័ន្ធបច្ចេកវិទ្យាទំនើប ដូចជាឥទ្ធិពលនៃបញ្ញាសិប្បនិមិត្ត ដែលកំពុងជ្រៀតចូលយ៉ាងខ្លាំង ក្នុងវិស័យព័ត៌មាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជាមួយនេះមានការកើនឡើង នូវសារព័ត៌មានអនឡាញ និងការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនង សង្គម ដែលគ្មានវិជ្ជាជីវៈ និងផ្សព្វផ្សាយព័ត៌មាន ដែលមានចរិតបំពុលសង្គម ញុះញង់ឱ្យកើតមានវិបត្តិនៅក្នុងសង្គម និងការប្រើប្រាស់រូបភាព ធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ អរិយធម៌ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជាតិ។ បញ្ហាប្រឈមទាំងនេះ ចាំបាច់យើងត្រូវចូលរួមដោះស្រាយទាំងអស់គ្នា៕






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...