ADB ពញ្ញាក់អារម្មណ៍ឱ្យត្រៀមខ្លួន សម្រាប់បញ្ហាប្រឈមនៃកំណើនប្រជាជនវ័យចំណាស់, ឆ្នាំ២០៥០ ចំនួនមនុស្សចាស់ក្នុងប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិក អាចកើនដល់ ១.២ពាន់លាននាក់

Posted By: RoogRog Robot | 02-May-2024 15:43:53

2024-05-02 02:39pm

(ភ្នំពេញ)៖ តាមរយៈរបាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៉ី ហៅកាត់ថា ADB ដែលចេញផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ធនាគារនេះបានពញ្ញាក់អារម្មណ៍ដល់បណ្តាលប្រទេសក្នុងតំបន់កំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិក ឱ្យត្រៀមខ្លួន សម្រាប់បញ្ហាប្រឈមនៃកំណើនចំនួនប្រជាជនវ័យចំណាស់។

សេចក្ដីប្រកាសព័ត៌មាន របស់ ADB បានលើកឡើងថា តំបន់កំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិក មិនទាន់បានត្រៀមខ្លួន ដើម្បីធានានូវសុខុមាលភាព នៃចំនួនប្រជាជនវ័យចំណាស់ ដែលកើនឡើងយ៉ាងឆាប់រហ័សនោះទេ ដែលជាក់ស្តែងចំនួន មនុស្សចាស់កាន់តែកើនឡើង កំពុងប្រឈមមុខនឹងបញ្ហារួមមានការធានារ៉ាប់រង ប្រាក់សោធននិវត្តន៍ទាប បញ្ហាសុខភាព ភាពឯកោក្នុងសង្គម និងការទទួលបានសេវាសំខាន់ៗមានកម្រិត។

សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងទៀតថា ខណៈដែលអាយុកាន់តែវែងនេះ ឆ្លុះបញ្ចាំងពីភាពជោគជ័យ នៃការអភិវឌ្ឍក្នុងតំបន់ វាទាមទារឲ្យមានកំណែទម្រង់គោលនយោបាយទូលំទូលាយជាបន្ទាន់ ដើម្បីគាំទ្រសុខុមាលភាពរបស់មនុស្សចាស់។ នេះបើយោងតាម អាយុវែងប្រកបដោយសុខុមាលភាពនៅអាស៊ី៖ របាយការណ៍គោលនយោបាយអភិវឌ្ឍន៍អាស៊ី ចេញផ្សាយនៅថ្ងៃនេះ ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាកិច្ចប្រជុំប្រចាំឆ្នាំទី៥៧ របស់ខ្លួន។

ចំនួនមនុស្សមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅក្នុងប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិកត្រូវបានកំណត់ថា នឹងកើនឡើងស្ទើរទ្វេដងនៅឆ្នាំ ២០៥០ ដល់ ១,២ ពាន់លាននាក់ ឬប្រហែលមួយភាគបួន នៃចំនួនប្រជាជនសរុប ដែលនឹងជំរុញកំណើនតម្រូវការ សម្រាប់កម្មវិធីសោធននិវត្តន៍ និងសុខុមាលភាព ក៏ដូចជាសេវាថែទាំសុខភាពផងដែរ។

ក្នុងពេលជាមួយគ្នានេះ ប្រទេសក្នុងតំបន់មានឱកាសទទួលបាន អត្ថប្រយោជន៍ពី <<កំណើនអាយុ និងឆ្នាំនៃផលិតភាព (silver dividend)>> ក្នុងទម្រង់នៃផលិតភាពបន្ថែម របស់មនុស្សចាស់ ដែលអាចជំរុញផលិតផលក្នុងស្រុក សរុបក្នុងតំបន់ បាន០,៩% ជាមធ្យម។

លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB បានថ្លែងថា <<ការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់អាស៊ី និងប៉ាស៊ីហ្វិក គឺជាជោគជ័យមួយ ប៉ុន្តែវាក៏កំពុងជំរុញឲ្យមានការផ្លាស់ប្តូរ ប្រជាសាស្រ្តដ៏ធំផងដែរ ហើយសម្ពាធនេះកំពុងកើនឡើង។ រដ្ឋាភិបាលត្រូវត្រៀមខ្លួនពីឥឡូវ ដើម្បីពួកគាត់អាចជួយប្រជាជនអាស៊ី និងប៉ាស៊ីហ្វិករាប់លាននាក់ឲ្យមានអាយុវែង ប្រកបដោយសុខុមាលភាព។ គោលនយោបាយទាំងឡាយ គួរគាំទ្រការវិនិយោគពេញមួយជីវិតលើផ្នែកសុខភាព ការអប់រំ ជំនាញ និងការត្រៀមលក្ខណៈផ្នែកហិរញ្ញវត្ថុ សម្រាប់ការចូលនិវត្តន៍។ ទំនាក់ទំនងគ្រួសារ និងសង្គមក៏មានសារៈសំខាន់ផងដែរ ក្នុងការជំរុញប្រជាជនវ័យចាស់ឱ្យមានសុខភាពល្អ និងផលិតភាព និងបង្កើនការរួមចំណែករបស់ពួកគាត់ក្នុងសង្គម>>។

យោងតាមរបាយការណ៍នេះ ៤០% នៃមនុស្សមានអាយុលើសពី ៦0 ឆ្នាំនៅអាស៊ី និងប៉ាស៊ីហ្វិក ខ្វះលទ្ធភាពទទួលបានប្រាក់សោធននិវត្តន៍នានា ដែលក្នុងនោះស្ត្រីរងផលប៉ះពាល់មិនសមាមាត្រ ដោយសារពួកគាត់ទំនងជាធ្វើការងារផ្ទះដែលមិនទទួលបានប្រាក់ខែកម្រៃ។ ជាលទ្ធផល ប្រជាជនវ័យចំណាស់ ជាច្រើននៅក្នុងតំបន់គ្មានជម្រើសអ្វី ក្រៅពីធ្វើការឲ្យបានល្អលើសពីអាយុចូលនិវត្តន៍ ដើម្បីអាចគាំទ្រជីវភាពបាន។ ក្នុងចំណោមអ្នកដែលបន្តធ្វើការចាប់ពីអាយុ ៦៥ ឆ្នាំ ឬចាស់ជាងនេះ ៩៤% ធ្វើការក្នុងវិស័យក្រៅផ្លូវការ ដែលជាធម្មតាមិនផ្តល់ការការពារការងារជាមូលដ្ឋាន ឬអត្ថប្រយោជន៍សោធននិវត្តន៍នោះទេ។

បញ្ហាសុខភាពផ្លូវកាយ និងផ្លូវចិត្តក៏កើនឡើងទៅតាមអាយុផងដែរ។ ប្រហែល ៦0% នៃប្រជាជនអាស៊ី និងប៉ាស៊ីហ្វិកវ័យចំណាស់មិនចូលរួម ឬទទួលការពិនិត្យសុខភាពជាទៀងទាត់ទេ ខណៈដែល ៣១% មានរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តដោយសារជំងឺ ភាពឯកោក្នុងសង្គម និងអសន្តិសុខសេដ្ឋកិច្ច។ ស្ត្រីវ័យ ចំណាស់ងាយរងគ្រោះជាងបុរសវ័យចំណាស់ ពីសុខភាពមិនល្អ ដែលរួមមានជំងឺធ្លាក់ ទឹកចិត្ត ជំងឺទឹកនោម ផ្អែម និងជំងឺលើសឈាម។

របាយការណ៍នេះ បានផ្តល់អនុសាសន៍ ទូលំទូលាយអំពីវិធានការគោលនយោបាយ ដើម្បីគាំទ្រដល់ការឈានចូលវ័យចំណាស់ ជាមួយការធានាផ្នែកសុខភាពនិងសេដ្ឋកិច្ច។ ក្នុងចំណោមនោះ មានគម្រោងធានារ៉ាប់រងសុខភាព និងសោធននិវត្តន៍គាំទ្រដោយរដ្ឋាភិបាល ការកែលម្អហេដ្ឋារចនាសម្ព័ន្ធសុខភាព និងការពិនិត្យសុខភាពប្រចាំឆ្នាំដោយឥតគិតថ្លៃ ព្រមទាំងការវាយតម្លៃរបៀបរស់នៅផ្សេងៗ។ អ្នកបង្កើតគោលនយោបាយគួរផ្តោត លើការគ្របដណ្តប់នៃការថែទាំសុខភាពជាសកល ជាមួយនឹងការពង្រីកកិច្ចការ ពារលើការងារជាមូលដ្ឋាន ឲ្យបានដល់កម្មករក្រៅផ្លូវការ ដែលមានវ័យចំណាស់។

តាមរយៈការធ្វើឲ្យអាយុចូលនិវត្តន៍ ជាកាតព្វកិច្ចកាន់តែមានភាពបត់បែន ការជួយមនុស្សចាស់ឲ្យមានសុខភាពល្អ និងការផ្តល់ឲ្យពួកគាត់នូវឱកាសការងារសមរម្យ ក៏ដូចជាការរៀនសូត្រ និងការអភិវឌ្ឍជំនាញពេញមួយជីវិត ប្រទេសក្នុងតំបន់អាចជួយប្រជាជនវ័យចំណាស់រក្សាផលិតភាពបានយូរ៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...