អាមេរិកទទូចឱ្យចិននិងរុស្ស៉ី ចូលរួមប្រកាសថា មានតែមនុស្សប៉ុណ្ណោះមិនមែន AI ឡើយ ដែលនឹងគ្រប់គ្រងអាវុធនុយក្លេអ៊ែរ

Posted By: RoogRog Robot | 02-May-2024 14:46:09

2024-05-02 01:43pm

(វ៉ាស៉ីនតោន)៖ មន្រ្តីជាន់ខ្ពស់អាមេរិកមួយរូប នៅថ្ងៃព្រហស្បតិ៍នេះ បានទទូចឱ្យចិននិងរុស្ស៉ី ធ្វើសេចក្តីប្រកាសដូចសហរដ្ឋអាមេរិក និងប្រទេស​មួយចំនួនផ្សេងទៀតថា មានតែមនុស្សប៉ុណ្ណោះ ហើយគ្មានថ្ងៃឱ្យបញ្ញាសិប្បនិម្មិត ឬ AI ឡើយ ដែលនឹងធ្វើការសម្រេចចិត្តពាក់ព័ន្ធទៅនឹង ​ការដាក់ពង្រាយក៏ដូចជាប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤។

មន្រ្តីក្រសួងការបរទេសអាមេរិក លោក Paul Dean បានប្រាប់ថា ទីក្រុងវ៉ាស៉ីនតោន បានបង្ហាញការប្តេជ្ញាយ៉ាងរឹងមាំ និងជាក់ច្បាស់ថា មានតែមនុស្សមួយគត់ ដែលជាអ្នកមានសិទ្ធិគ្រប់គ្រងពេញលេញទាំងស្រុង លើអាវុធនុយក្លេអ៊ែរ ហើយបារាំង ព្រមទាំងចក្រភពអង់គ្លេស ក៏បានធ្វើដូចគ្នាដែរ។ លោក Dean បានបន្តថា <<យើងនឹងស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍ស្រដៀងគ្នា ពីសំណាក់ចិននិងសហព័ន្ធរុស្ស៉ី។ យើងយល់ថា វាគឺជាបទដ្ឋានដ៏សំខាន់បំផុតមួយ នៃអាកប្បកិរិយាប្រកបដោយការទទួលខុសត្រូវ ហើយយើងគិតថា វាគឺជាអ្វីដែលនឹងត្រូវ​បានស្វាគមន៍ជាខ្លាំង ក្នុងបរិបទនៃ P5>>។ P5 ក្នុងន័យនេះចង់សំដៅលើ សមាជិកអចិន្រ្តៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

គួរបញ្ជាក់ថា ការលើកឡើងដូចខាងលើរបស់មន្រ្តីរដ្ឋាភិបាលអាមេរិក គឺកើតមានស្របពេលរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងព្យាយាមធ្វើឱ្យកាន់តែស៉ីជម្រៅ នូវកិច្ចពិភាក្សាដាច់ដោយឡែកពីគ្នាជាមួយចិន ជុំវិញបញ្ហាគោនយោបាយអាវុធនុយក្លេអ៊ែរ ហើយនិង​ការរីកធំឡើងនៃ AI។ ការរីកសុសសាយនៃបច្ចេកវិទ្យា AI ក៏បានលេចឡើង ផងដែរ អំឡុងកិច្ចពិភាក្សារវាងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្រ្តីការបរទេសចិន​លោក Wang Yi នៅឯទីក្រុងប៉េកាំង កាលពីថ្ងៃទី២៦ ខែមេសា៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...