ប្រមុខការទូតអាមេរិក ប្រាប់អ៉ីស្រាអែលថាមានមធ្យោបាយផ្សេងល្អប្រសើរ ជាងការវាយលុកចូលទីក្រុង Rafah

Posted By: RoogRog Robot | 02-May-2024 11:43:42

2024-05-02 10:35am

(Ashdod)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃពុធ ទី១ ខែឧសភា បាននិយាយថាលោកផ្ទាល់បានបញ្ជាក់ច្បាស់ៗទៅកាន់ មេដឹកនាំអ៉ីស្រាអែល ពីការប្រឆាំងជំទាស់របស់សហរដ្ឋអាមេរិក ទៅនឹងការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុង Rafah ហើយលោកបានលើកឡើងពី មធ្យោបាយល្អប្រសើរផ្សេងទៀត ដើម្បីដោះស្រាយជាមួយហាម៉ាស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Antony Blinken បានគូសបញ្ជាក់ដូច្នេះថា <<គោលជំហររបស់យើងបានបង្ហាញយ៉ាងច្បាស់រួចហើយ។ យើងមិនអាច ហើយនឹងមិនគាំទ្រដល់ប្រតិបត្តិការទ្រង់ទ្រាយធំក្នុងទីក្រុង Rafah ដោយមិនមានផែនការច្បាស់លាស់ដើម្បីធានាឱ្យបានថាជនស៊ីវិលនឹងមិនរងការឈឺចាប់ នោះទេ>>។ លោក Blinken បន្ថែមថាសហរដ្ឋអាមេរិកមិនទាន់បានឃើញផែនការជាក់លាក់របស់អ៉ីស្រាអែលនោះទេ ជុំវិញគម្រោងវាយលុកជើងគោកចូល ទីក្រុង Rafah។ ប៉ុន្តែប្រមុខការទូតអាមេរិករូបនេះបានកត់សម្គាល់ថាមានមធ្យោបាយផ្សេងទៀត ដែលល្អប្រសើរក្នុងការដោះស្រាយបញ្ហាប្រឈមសព្វថ្ងៃ ជាមួយក្រុមហាម៉ាស ដែលមិនតម្រូវឱ្យមានការបើកប្រតិបត្តិការទ្រង់ទ្រាយធំក្នុងទីក្រុង Rafah នោះទេ។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានសន្យាថាអ៉ីស្រាអែលនឹងបើកការវាយលុកចូលទីក្រុង Rafah តាមផែនការ បើទោះជាមាន ឬមិនមានបទឈប់បាញ់ ឬមិនថាសហរដ្ឋអាមេរិក គាំទ្រ ឬមិនគាំទ្រនោះទេ។ កន្លងមក សហរដ្ឋអាមេរិកក៏បានជំរុញផងដែរឱ្យអ៉ីស្រាអែល ដឹកនាំប្រតិបត្តិការកំណត់គោលដៅជាក់លាក់ប្រឆាំងនឹងក្រុមហាម៉ាសក្នុងទីក្រុង Rafah ជំនួសឱ្យការវាយលុកទ្រង់ទ្រាយធំ៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...