លោក Jeremiah Manele ដែលមានទំនាក់ទំនងល្អជាមួយចិន ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសសូឡូម៉ុន

Posted By: RoogRog Robot | 02-May-2024 10:10:14

2024-05-02 09:06am

(Honiara)៖ អតីតរដ្ឋមន្ត្រីការបរទេស លោក Jeremiah Manele ដែលមានទំនាក់ទំនងល្អជាមួយចិន ត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសសូឡូម៉ុន នៅថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភានេះ ដោយយកឈ្នះលើគូប្រជែងដែលមានទំនោរទប់ស្កាត់ឥទ្ធិពលចិននៅក្នុងប្រទេសដែនកោះមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

តាមអគ្គទេសាភិបាលនៃប្រទេសសូឡូម៉ុន លោក David Vunagi លោក Manele ទទួលបានសំឡេងគាំទ្រចំនួន ៣១ ក្នុងការបោះឆ្នោតជាសម្ងាត់របស់សមាជិកសភា៥០រូប ខណៈគូប្រជែងរបស់លោក គឺមេដឹកនាំគណបក្សប្រឆាំង លោក Matthew Wale ទទួលបានការគំាទ្រ១៨សំឡេង។

ក្រោយជ័យជម្នះរបស់លោក Jeremiah Manele ក្រុមអ្នកតាមដានស្ថានការណ៍តំបន់ប៉ាស៊ីហ្វិក បាននិយាយថាលោក Manele នឹងរក្សាទំនាក់ទំនងល្អជាមួយចិន បើទោះជា លោកមិនមានទំនោរងាកទៅរកចិនខ្លាំងដូចអតីតនាយករដ្ឋមន្ត្រី លោក Manasseh Sogavare ក៏ដោយ។

គួរបញ្ជាក់ថា លោក Manele ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីការបរទេសនៃប្រទេសសូឡូម៉ុន ក្នុងឆ្នាំ២០១៩ ជាពេលដែលប្រទេសដែនកោះក្នុងតំបន់ប៉ាស៊ីហ្វិកមួយនេះផ្ដាច់ ទំនាក់ទំនងជាមួយតៃវ៉ាន់ ដើម្បីងាកទៅបង្កើតទំនាក់ទំនងការទូតជាមួយទីក្រុងប៉េកាំង។ លោក Manele បានសន្យាថាលោកនឹងដឹកនាំរដ្ឋាភិបាលរួបរួមជាតិមួយដែលនឹង ផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច និងស្ដារភាពរីកចម្រើនឆ្ពោះទៅរកការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយកូវីដ១៩៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...