មន្រ្តីការទូតថៃចូលនិវត្តន៍ លោក Maris Sangiampongsa អាចនឹងក្លាយជារដ្ឋមន្រ្តីការបរទេសថ្មី

Posted By: RoogRog Robot | 30-Apr-2024 15:01:18

2024-04-30 01:58pm

(បាងកក)៖ ប្រភពដែលទីភ្នាក់ងារព័ត៌មាន Reuters ទទួលបាន បានបង្ហើបឱ្យដឹងថា អ្នកការទូតថៃចូលនិវត្តន៍ លោក Maris Sangiampongsa គឺជាបេក្ខជននាំមុខគេ ក្នុងការក្លាយជារដ្ឋមន្រ្តីការបរទេសថៃ របស់ប្រទេសអាស៊ានមួយនេះ បន្ទាប់ពីប្រមុខការទូតមុន បានសម្រេចលាលែងពីតំណែង ក្រោយបាត់បង់តួនាទីជា ឧបនាយករដ្ឋមន្រ្តី ក្នុងការរុះរើគណៈរដ្ឋមន្រ្តី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤។

លោក Maris គឺជាអតីតឯកអគ្គរាជទូតថៃប្រចាំប្រទេសអូស្រ្តាលី និងប្រទេសកាណាដា ហើយជាទីប្រឹក្សាម្នាក់របស់រដ្ឋមន្រ្តីការបរទេសមុន គឺលោក Parnpee Bahiddha-Nukara។ បើតាមប្រភពដដែល លោក Maris ត្រូវបានរដ្ឋាភិបាលថៃ ទាក់ទងទៅពាក់ព័ន្ធតួនាទី​ជារដ្ឋមន្រ្តីការបរទេស កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ នៅក្នុងថ្ងៃដដែលនោះ នាយករដ្ឋមន្រ្តីថៃ លោក Srettha Thavisin ក៏បាននិយាយដែរថា រូបលោកបានជ្រើសរើសបេក្ខជនរដ្ឋមន្រ្តីការបរទេសថ្មីម្នាក់ ដែលមានបទពិសោធយូរមកហើយ នៅក្នុងរង្វង់កិច្ចការការទូត។ លោក Srettha មិនបានបង្ហើបឈ្មោះបេក្ខជននោះចំៗឡើយ ក្រោមហេតុផលថា ដំណើរការពិនិត្យវាយតម្លៃគុណវឌ្ឍិ កំពុងបន្តប្រព្រឹត្តទៅ​មិនទាន់ចប់រួចរាល់នៅឡើយ។

គួរបញ្ជាក់ថា រដ្ឋាភិបាលថៃ កាលពីថ្ងៃអាទិត្យ ទី២៨ ខែមេសា បានប្រកាសថា រដ្ឋមន្ត្រីការបរទេស លោក Parnpree Bahiddha-Nukara បានលាលែងពីតំណែង បន្ទាប់ពីរបូតតំណែងឧបនាយករដ្ឋមន្ត្រី នៅក្នុងការរុះរើគណៈរដ្ឋមន្ត្រី ចំពេលដែលប្រទេសអាស៊ានមួយនេះ ព្យាយាមដោះស្រាយជម្លោះនៅមីយ៉ាន់ម៉ា។ នៅក្នុងលិខិតលាលែងពីតំណែង លោក Parnpree បាននិយាយថាលោកផ្ទាល់ជឿជាក់ថា រូបលោកមិនមែនត្រូវបានដកតំណែងឧបនាយករដ្ឋមន្ត្រី ដោយសារតែការធ្វើការមិនបានល្អនោះទេ តែផ្ទុយទៅវិញលោកបានធ្វើការបានយ៉ាងល្អ និងបានជួយស្ដារមុខមាត់ ថៃនៅលើឆាកអន្តរជាតិទៀតផង៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...