ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការិយាល័យកណ្តាលថ្មីនៃធនាគារ ARDB

Posted By: RoogRog Robot | 30-Apr-2024 13:11:05

2024-04-30 12:05pm

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ការិយាល័យកណ្តាលថ្មីនៃធនាគារ ARDB នៅទីតាំងអគារកណ្តាលថ្មីនៃធនាគារ ARDB ស្ថិតនៅអគារលេខ១៦៨ ផ្លូវបេតុងលេខ៧ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ អតិថិជន និងបុគ្គលិករបស់ធនាគារ ARDB សរុបប្រមាណចំនួន ៥០០នាក់។

ថ្លែងក្នុងឱកាសនោះ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ARDB បានថ្លែងថា អគារការិយាល័យកណ្តាលថ្មីនេះ កសាងឡើង ដើម្បីឆ្លើយតបទៅនឹងការពង្រីកសកម្មភាពអាជីវកម្ម, កំណើនបុគ្គលិកពីមួយឆ្នាំទៅមួយឆ្នាំ, ផែនការយុទ្ធសាស្ត្រអាជីវកម្ម រយៈពេលមធ្យម និងរយៈពេលវែងរបស់ធនាគារ ARDB ស្របតាមផែនទីចង្អុលផ្លូវរយៈពេល ១០ឆ្នាំខាងមុខ, និង ដើម្បីឱ្យបុគ្គលិកបំពេញការងារប្រកបដោយផាសុខភាព និងសុវត្ថិភាព ក្នុងការបំពេញសេវាធនាគារជូនអតិថិជន ជាពិសេស ការបំពេញតួនាទីជាធនាគារបម្រើគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព និងស័ក្កិសិទ្ធិភាព។

លើសពីនេះ អគារការិយាល័យកណ្តាលថ្មីនេះ នឹងអាចបម្រើផលប្រយោជន៍ជូនសង្គមជាតិឱ្យបានយូរអង្វែង និងអាចរក្សាទុកជាអគារប្រវត្តិសាស្រ្តរបស់ធនាគារ ARDB ដើម្បីធនាគារ ARDB អាចបន្តពង្រឹង និងពង្រីកតួនាទីជា ធនាគារអភិវឌ្ឍន៍ស្របតាមនិន្នាការក្នុងតំបន់ និងសកល ទន្ទឹមនឹងការបម្រើគោលនយោបាយ របស់រាជរដ្ឋាភិបាល។

លោកបណ្ឌិតបន្តថា ក្រោមការដឹកនាំ និងការចង្អុលបង្ហាញរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អគារកណ្តាលថ្មីនៃធនាគារ ARDB នេះ ត្រូវបានគូសប្លង់ និងត្រួតពិនិត្យ គុណភាពសំណង់ដោយស្ថាបត្យករ និងវិស្វករខ្មែរ ដោយចាប់ផ្តើមសាងសង់លើផ្ទៃដីចំនួន ៦ ១០២ ម៉ែត្រការ៉េ ពីថ្ងៃទី១៦ ខែកក្ដដា ឆ្នាំ២០២១ និងបានបញ្ចប់ការដ្ឋាននៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ដោយចំណាយពេល ២៩ខែ។

រចនាបទនៃអគារនេះ មានរាងជាអក្សរ H នៅចំកណ្តាលនៃអគារត្រូវបានរចនាឡើងតាមបែបក្លាស៊ិកចម្រុះគ្នា រវាងស្ថាបត្យកម្មសម័យបុរាណខ្មែរ និងស្ថាបត្យកម្មសម័យទំនើប សហសម័យ ដោយមានការតុបតែងគ្រឿងលម្អវិចិត្រកម្មបុរាណខ្មែរ សម័យអង្គរនិយម មានរចនាជាក្បាច់ក្បាលនាគ ក្បាច់ខ្នងនាគ ក្បាច់ហោជាងជាមួយក្បាច់ផ្តែរ ក្បាច់សសរខាងលើ-ខាងក្រោម និងមាននិមិត្តសញ្ញាធនាគារ ARDB នៅខាងក្រោម។ នៅក្លោងទ្វារចូលអគារ មានរចនាក្បាច់បាំងខ្លែង១វង់ ដែលមានក្បាច់ក្បាលនាគ រួមជាមួយប្រាសាទព្រះភូមិសងខាង និងនៅតាមក្បាលសសររបងព័ទ្ធជុំវិញបរិវេណអគារ ហើយនៅក្រោមក្បាច់បាំងខ្លែងមានឆ្លាក់ ឈ្មោះធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

ដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីនយោបាយ និង គោលនយោបាយរបស់រាជរដ្ឋាភិបាល,ធនាគារអភិវឌ្ឍន៍ជនបទ (RDB) ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៨ និង ត្រូវបានធ្វើបរិវត្តកម្មទៅជាធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម (ARDB) នៅឆ្នាំ ២០១៩ ក្រោមការផ្តួចផ្តើមប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងគោលបំណងផ្តល់ហិរញ្ញប្បទានគាំទ្រដល់វិស័យកសិកម្ម ដែលជាវិស័យអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាប្រជាកសិករនៅជនបទ និងបំពេញចន្លោះខ្វះខាតនៃការផ្តល់ហិរញ្ញប្បទាន ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងជនបទ។

លោកបណ្ឌិតបន្តថា ធនាគារ ARDB បានបន្តពង្រឹង និងពង្រីកវិសាលភាពនៃការផ្តល់សេវាធនាគារជាបន្តបន្ទាប់ រួមមាន៖ ការពង្រីកបណ្តាញផ្តល់សេវាជូនអតិថិជន តាមរយៈការបើកសាខា និងការិយាល័យចល័ត, និងប្រតិបត្តិការធនាគារបែបឌីជីថល (CDM/ATM, ARDB Mobile App, និង Bakong) ជូនប្រជាកសិករ សហគមន៍កសិកម្ម រោងម៉ាស៊ីនកិនស្រូវ សហគ្រាសធុនតូចនិងមធ្យម ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។ ហេដ្ឋារចនា-សម្ព័ន្ធទាំងនេះ បាននិងកំពុងរួមចំណែកបន្ថែម ក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងការផ្ដល់សេវាធនាគារឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ជាពិសេស ការបន្តបំពេញតួនាទី ជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព និងស័ក្កិសិទ្ធិភាព ស្របតាមពាក្យស្លោករបស់ធនាគារ <<ដើម្បីកសិករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម>> ស្របតាមស្ថានភាពសេដ្ឋកិច្ច ការរីកចម្រើននៃវិស័យធនាគារនិងហិរញ្ញវត្ថុ និងគោលនយោបាយជាតិ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ប៉ិនប្រសប់, ស្វាហាប់ និងឈ្លាសវៃ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាអាណាព្យាបាល ជាពិសេស អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា អគារការិយាល័យកណ្តាលថ្មីរបស់ ARDB នេះ គឺជាសក្ខីភាពជាក់ស្តែងនៃសមិទ្ធផល ប្រកបដោយមោទនភាព និងជាសញ្ញានៃការបោះជំហានទៅមុខ ប្រកបដោយភាពស្វាហាប់ របស់ធនាគារធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម ក្នុងការបំពេញបេសកកម្មរបស់ខ្លួន នៅក្នុងដំណាក់កាលបន្តបន្ទាប់ខាងមុខ សំដៅពង្រីកវិសាលភាពប្រតិបត្តិការ, ពង្រឹងគុណភាព និង ផ្តល់ភាពកាន់តែងាយស្រួល ក្នុងការផ្តល់សេវាធនាគារ ក៏ដូចជា ដើម្បីបង្កើនការជឿទុកចិត្តពីសំណាក់ អតិថិជន និង សាធារណជនទូទៅ ។

លោកបន្តថា សម្រាប់ទិសដៅអនាគត, ធនាគារអភិវឌ្ឍជនបទ និងកសិកម្ម ចាំបាច់ត្រូវបន្តបេសកកម្ម និងតួនាទីរបស់ខ្លួន ឱ្យបានកាន់តែប្រសើរ ក្នុងនាមជាធនាគារគោល-នយោបាយរបស់ជាតិ ក្នុងការផ្តល់ហិរញ្ញប្បទានដល់ការអភិវឌ្ឍជនបទ និង វិស័យកសិកម្ម, ការចូលរួមអភិវឌ្ឍខ្សែក្រវ៉ាត់កសិកម្ម និង ការផ្គត់ផ្គង់, ខ្សែច្រវាក់តម្លៃ និងផលិតភាព, ក្នុងវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ ឱ្យកាន់តែសកម្ម និង ខ្លាំងក្លា បន្ថែមទៀត ប្រកបដោយប្រសិទ្ធភាព និងជវភាពខ្ពស់។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងទៀតថា <<ខ្ញុំមានជំនឿយ៉ាងមុតមាំថា អគារការិយាល័យកណ្តាលថ្មីនេះ នឹងរួមចំណែកក្នុងការបង្កើនប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាជូនអតិថិជន របស់ធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម ឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត។ ខ្ញុំក៏សូមស្នើឱ្យថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់ យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែទាំអគារថ្មីនេះ ឱ្យបានល្អ និង ស្អាត សម្រាប់ការប្រើប្រាស់យូរអង្វែងទៅអនាគត>>។

បន្ថែមពីសមិទ្ធផលខាងលើ ធនាគារ ARDB ក៏បាននិងកំពុងធ្វើបច្ចុប្បន្នកម្មផែនទីចង្អុលផ្លូវរយៈពេល ១០ឆ្នាំ (២០២៤-២០៣៣) ដែលមានចក្ខុវិស័យក្លាយជាស្ថាប័នហិរញ្ញវត្ថុឈានមុខ ក្នុងការផ្តល់ហិរញ្ញប្បទាន គាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងការអនុវត្តគម្រោងទាក់ទងនឹងហិរញ្ញប្បទានបៃតង និងការចូលរួមដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព។

សូមជម្រាបថា ធនាគារ ARDB បានសម្រេចសមិទ្ធផលចម្បងៗ រួមមាន៖ * ចាប់ផ្តើមពីធនាគារដែលមានតែទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ ទៅជាធនាគារដែលមានបណ្តាញសាខា និងការិយាល័យចល័តចំនួន១៤ នៅតាមបណ្តាខេត្តក្រុង * ចាប់ផ្តើមពីធនាគារដែលបម្រើសេវាបែបប្រពៃណី ទៅជាធនាគារដែលបម្រើសេវាបែបឌីជីថល។* មូលនិធិភាគទុនិក (Total Shareholder Equity) ចាប់ផ្តើមពី ២.៤៨លានដុល្លារ ក្នុងឆ្នាំ១៩៩៨ រហូតកើនដល់ប្រមាណ ១៧០លានដុល្លារអាមេរិក នៅឆ្នាំ២០២៣ ដែលមានកំណើនជាមធ្យមប្រមាណ ២២% ក្នុងមួយឆ្នាំ* សំពៀតឥណទាន (Total Loan Portfolios) ដោយចាប់ផ្តើមពី ០.៥២លានដុល្លារ នៅឆ្នាំ១៩៩៨ រហូតកើនដល់ប្រមាណជា ៤២៣លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៣ ដែលមានកំណើនជាមធ្យមប្រមាណ ២៨% ក្នុងមួយឆ្នាំ* ទ្រព្យសកម្មសរុប (Total Assets) ដោយចាប់ផ្តើមពី ២.៤៩លានដុល្លារ នៅឆ្នាំ១៩៩៨ រហូតកើនដល់ប្រមាណជា ៤៦០លានដុល្លារ នៅឆ្នាំ២០២៣ ដែលមាន កំណើនជាមធ្យមប្រមាណ ២៣% ក្នុងមួយឆ្នាំ៕


















































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...