ជម្លោះប្រដាប់អាវុធប៉ះពាល់ពាណិជ្ជកម្ម តាមព្រំដែនរវាងមីយ៉ាន់ម៉ានិងថៃ

Posted By: RoogRog Robot | 30-Apr-2024 08:47:55

2024-04-30 07:45am

(បាងកក)៖ សហព័ន្ធឧស្សាហកម្មថៃ (FTI) ឱ្យដឹងថា ជម្លោះប្រដាប់អាវុធរវាងរបបយោធាមីយ៉ាន់ម៉ា និងក្រុមជនជាតិភាគតិចអាចកាត់បន្ថយតម្លៃពាណិជ្ជកម្ម តាមព្រំដែនរវាងប្រទេសថៃ និងមីយ៉ាន់ម៉ាចំនួន ៤០%។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

មីយ៉ាន់ម៉ានាំចូលផលិតផលប្រើប្រាស់ និងថាមពលជាចម្បង តាមរយៈច្រកព្រំដែនមីយ៉ាវ៉ាឌី (Myawaddy) ជាប់និងស្រុកមែស៊ុតក្នុងខេត្តតាករបស់ប្រទេសថៃ។ ផ្លូវហាយវេអាស៊ានឆ្លងកាត់ទីក្រុងនេះ ភ្ជាប់ខេត្តតាករបស់ថៃ និងទីក្រុងយ៉ាងហ្គូនរបស់មីយ៉ាន់ម៉ា។

លោក Suriyon Tuchinda ប្រធានអនុគណៈកម្មាធិការពាណិជ្ជកម្មព្រំដែន ស្ថិតក្រោមសហព័ន្ធ FTI បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា៖ <<ពាណិជ្ជកម្មព្រំដែនសរុបរវាងប្រទេសថៃ និងមីយ៉ាន់ម៉ាមានតម្លៃជាង ១០០ពាន់លានបាតក្នុងមួយឆ្នាំ។ ពាណិជ្ជកម្មនឹងរងគ្រោះប្រសិនបើជម្លោះអូសបន្លាយ>>។

លោកបាននិយាយថា លោកសង្ឃឹមថា របបយោធា និងក្រុមជនជាតិភាគតិចការ៉ែន អាចស្វែងរកដំណោះស្រាយ ចំពោះការប្រឈមមុខដាក់គ្នាចុងក្រោយរបស់ពួកគេ ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ច។

ក្រសួងពាណិជ្ជកម្មថៃបានរាយការណ៍ថា ទំនិញនាំចូលធំទាំង១០ របស់មីយ៉ាន់ម៉ាពីប្រទេសថៃនៅចន្លោះខែមករា ដល់ខែកុម្ភៈមានចំនួន ២៧,៥ពាន់លានបាត ធ្លាក់ចុះ ០,១៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមសហព័ន្ធ FTI ពាណិជ្ជកម្មជាមួយមីយ៉ាន់ម៉ាមានចំនួន ២៤% នៃពាណិជ្ជកម្មព្រំដែនសរុបរបស់ប្រទេសថៃ ខណៈដែលពាណិជ្ជកម្មតាមព្រំដែនជាមួយម៉ាឡេស៊ីមាន ៣១% ឡាវ ២៨% និងកម្ពុជាមាន ១៧%។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...