មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី ប្រកាសជួយស្ត្រីម្នាក់ ដែលត្រូវអ្នកលក់ខោអាវ២នាក់ប្តីប្រពន្ធ ជេរប្រមាថធ្ងន់ធ្ងរជាសាធារណៈ ដោយប្តឹង៣បទល្មើស

Posted By: RoogRog Robot | 30-Apr-2024 00:08:44

2024-04-29 11:03pm

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារីនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ បានប្រកាសជួយស្ត្រីម្នាក់ ដែលត្រូវអ្នកលក់ខោអាវតាមអនឡាញ២នាក់ប្តីប្រពន្ធ ជេរប្រមាថធ្ងន់ៗជាសាធារណៈ ដោយប្រពាក្យគំរោះគំរើយ ដែលមិនអាចទទួលយកបាន។

លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ប្រាប់ Fresh News ថា ករណីអ្នកលក់ខោអាវនៅខេត្តសៀមរាប ប្រមាថស្ត្រីម្នាក់ជាអ្នកទិញ នៅខេត្តប៉ៃលិន លោកស្រីបានទាក់ទង ស្នងការរងខេត្តសៀមរាប និងមេធាវីផង ដើម្បីប្តឹងជនបង្ក ៣បទល្មើស រួមមាន៖

ទី១៖ បទបរិហារកេរ្តិ៍ជាសាធារណៈទី២៖ បទជេរប្រមាថជាសាធារណៈទី៣៖ បទញុះញង់ឲ្យមានការរើសអើង។

លោកស្រី បញ្ជាក់ថា <<យើងរួមគ្នាលើកកម្ពស់សីលធម៌សង្គម មិនគួរឲ្យមនុស្ស ២នាក់បំផ្លាញសីលធម៌សង្គមអីចឹងទេ រកស៊ីនៅខេត្តសៀមរាបផង ថ្ងៃណាមួយគាត់អាចមានរឿងជាមួយភ្ញៀវទេសចរជាតិ អន្តរជាតិទៀតក៏ថាបាន បើពួកគាត់និយាយស្តីគ្មានដឹងខ្យល់អីយ៉ាងនេះ>>។

សូមជម្រាបថា ស្ត្រីលក់លើកឡើងចំពោះអតិថិជនថា <<សង្វេគហ្អែងណាស់ហង អត់មានលុយ ១រៀលផង កម្មង់អីវ៉ាន់គេ>> ខណៈបុរសជាប្តី ក៏លើកឡើងថា <<ភ្ញៀវដូចចែឯងរាងប្រកាច់ៗ កន្ត្រាក់ៗអីចឹង ទើបជក់ថ្នាំហើយរាងបែកៗ ធ្វើចរិតថោកទាប គេជេរហើយ>>។

តាមការបញ្ជាក់របស់ស្រ្តីជាអតិថិជន ដែលត្រូវបានគេចែកចាយព្រោងព្រាតតាមបណ្តាញសង្គមអមដោយសាររិះគន់ខ្លាំងៗចំពោះ២នាក់ប្តីប្រពន្ធនោះ គាត់បានបាញ់លុយដែលកម្មង់ទិញខោអាវរួចហើយ តែ៣ថ្ងៃក្រោយមិនទាន់ទទួលឥវ៉ាន់ ក៏គាត់សួរនាំ ប៉ុន្តែត្រូវបាន២នាក់ប្តីប្រពន្ធចេញមកជេរប្រមាថយ៉ាងខ្លាំងៗទៅវិញ។

មហាជនដែលបានចែករំលែករឿងនេះ សូមអំពាវនាវដល់ថ្នាក់ដឹកនាំពាក់ព័ន្ធ និងក្រសួងស្ថាប័នជំនាញ មានចំណាត់ការយ៉ាងម៉ឺងម៉ាត់ចំពោះ២នាក់ប្តីប្រពន្ធនេះ ដើម្បីរួមគ្នាជួយលើកម្ពស់ សីលធម៌នៅក្នុងសង្គមរបស់យើង៕



(លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី)






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...