លោក Blinken ប្រាប់ក្រុមហាម៉ាស់ ឱ្យទទួលយកលក្ខខណ្ឌបទឈប់បាញ់ «ដ៏មានចិត្តទូលាយបំផុត» របស់អ៊ីស្រាអែល

Posted By: RoogRog Robot | 29-Apr-2024 21:21:47

2024-04-29 08:19pm

(រីយ៉ាទ)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជំរុញឱ្យក្រុមហាម៉ាស់ ទទួលយកយ៉ាងឆាប់រហ័ស នូវលក្ខខណ្ឌបទឈប់បាញ់ចុងក្រោយរបស់អ៊ីស្រាអែល នៅហ្គាហ្សា ដែលលោកបានពិពណ៌នាថាវា ជាសំណើរ <<ដ៏មានចិត្តទូលាយបំផុត>>។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។

ក្រុមអ្នកចរចារបស់ក្រុមហាម៉ាស់ នៅថ្ងៃចន្ទនេះគ្រោងនឹងជួបជាមួយអ្នកសម្រុះសម្រួលពីកាតា និងអេហ្ស៊ីប ដើម្បីឆ្លើយតបទៅនឹងសំណើបទឈប់បាញ់បណ្តោះអាសន្នរបស់អ៊ីស្រាអែល។ នេះ​កើត​ឡើង​ ចំពេលមានការគំរាមកំហែង​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ ដែល​អាច​កើត​មាន​លើ​ទីក្រុង​ Rafah ភាគខាង​ត្បូង​តាម​បណ្តោយ​ព្រំដែន។

លោក Blinken និយាយថា ក្រុមហាម៉ាសគឺជាឧបសគ្គចម្បងក្នុងការសម្រេចបានបទឈប់បាញ់ ហើយបង្ហាញក្តីសង្ឃឹមថា ពួកគេនឹងធ្វើការសម្រេចចិត្តត្រឹមត្រូវយ៉ាងឆាប់រហ័ស។

លោកបាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំពិសេស នៃវេទិកាសេដ្ឋកិច្ចពិភពលោក ដែលធ្វើឡើងនៅក្នុងរដ្ឋធានីរីយ៉ាទរបស់អារ៉ាប៊ីសាអូឌីត យ៉ាងដូច្នេះថា <<រឿងតែមួយគត់ដែលឈរនៅចន្លោះប្រជាជនហ្គាហ្សា និងបទឈប់បាញ់ គឺក្រុមហាម៉ាស>>។ លោកបានបន្ថែមថា <<ខ្ញុំសង្ឃឹមថាពួកគេធ្វើការសម្រេចចិត្តត្រឹមត្រូវ>>។

យោងតាមប្រភពដែលដឹងពីការពិភាក្សា សំណើរបស់អ៊ីស្រាអែលរួមមាន ការដោះលែងចំណាប់ខ្មាំងប្រមាណជិត ៤០ នាក់ក្នុងចំណោមចំណាប់ខ្មាំងប្រហែល ១៣០ នាក់ជាថ្នូរនឹងការដោះលែងជនជាតិប៉ាឡេស្ទីនដែលជាប់ឃុំ នៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល។ លើសពីនេះទៀត សំណើនេះរួមបញ្ចូលទាំងដំណាក់កាលទីពីរនៃបទឈប់បាញ់ ដែលកំណត់ដោយ <<រយៈពេលនៃភាពស្ងប់ស្ងាត់ប្រកបដោយនិរន្តរភាព>> ដែលសំដៅលើការអំពាវនាវរបស់ពួកហាម៉ាស សម្រាប់បទឈប់បាញ់ជាអចិន្ត្រៃយ៍។

គួរជម្រាបថា លោក Blinken ដែល​បច្ចុប្បន្ន​ស្ថិត​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​សង្កត់​ធ្ងន់​លើ​ការ​ប្រឆាំង​របស់​សហរដ្ឋ​អាមេរិក ​ចំពោះ​ការ​វាយ​ប្រហារ​តាមផ្លូវគោក ​របស់​អ៊ីស្រាអែល​លើ​ក្រុង Rafah ដោយ​គ្មាន​ផែនការ​ការពារ​ជន​ស៊ីវិល។ លោក​ក៏បាន​ចង្អុល​បង្ហាញ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជា​បន្ត​បន្ទាប់ ដើម្បី​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​អារ៉ាប៊ីសាអូឌីត និង​អ៊ីស្រាអែល​មាន​ប្រក្រតីភាព ​ដែល​បាន​រង​ផល​ប៉ះ​ពាល់​ដោយ​ជម្លោះ​នៅ​ហ្គាហ្សា។ លោក Blinken គូសបញ្ជាក់ថា ដំណើរឆ្ពោះទៅរកភាពប្រក្រតី ទាមទារភាពស្ងប់ស្ងាត់នៅក្នុងតំបន់ហ្គាហ្សា និងផ្លូវដែលអាចទុកចិត្តបានទៅកាន់ការបង្កើតរដ្ឋប៉ាឡេស្ទីន៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...