ភ្ញៀវទេសចរជិត ១៤មុឺននាក់ បានដើរលេងកម្សាន្តនៅខេត្តព្រះវិហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

Posted By: RoogRog Robot | 17-Apr-2024 13:15:32

2024-04-17 12:11pm

(ព្រះវិហារ)៖ រយៈពេល៤ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពស ២៥៦៨ គ.គ.ស២០២៤ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ភ្ញៀវទេសចរជាតិ និងបរទេសបានទស្សនាកម្សាន្តនៅតាមរមណីយដ្ឋាន និងតាមគោលដៅទេសចរនានាព្រមទាំងប្រជាពលរដ្ឋ ដែលបានចូលរួមកម្សាន្តសប្បាយនៅតាមទីតាំងសង្រ្កាន្តឆ្នាំថ្មី នៅក្នុងខេត្តចំនួន ១៣៥,២០៨នាក់ ក្នុងនោះមានភ្ញៀវជាតិចំនួន១៣៥,០៧៩នាក់ និងភ្ញៀវបរទេសចំនួន១២៩នាក់។

បើតាមលោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះវិហារ បានឱ្យដឹងថា ក្រៅពីទីតាំងសង្ក្រានដែលអាជ្ញាធរបានរៀបចំសម្រាប់ប្រជាពលរដ្ឋលេងកម្សាន្តក្នុងឱកាសពិធីបុណ្យចូលឆ្នាំជាតិខ្មែរ ភ្ញៀវទេសចរអាចទៅលេងកម្សាន្តនៅតាមគោលដៅទឹសចរណ៍នានាក្នុងខេត្តរួមមាន៖ ប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ភ្នំត្បែងមានជ័យដែនដីពិសិដ្ឋ ស្ថិតក្នុងស្រុកត្បែងមានជ័យ ប្រាសាទកោះកែរ ស្ថិតក្នុងស្រុកគូលែន និងទឹកធ្លាក់ព្រះនិម្មិត ស្ថិតក្នុងស្រុកឆែប ជាប់ព្រំដែនប្រទេសឡាវ ព្រមទាំងតំបន់ទេសចរណ៍ជាច្រើនកន្លែងផ្សេងទៀត។

សូមបញ្ជាក់ថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤នេះ ខេត្តព្រះវិហារ បានផ្លាស់ប្តូរមុខមាត់ថ្មី ដោយមានការកែលម្អទីតាំងសំខាន់ៗមួយចំនួនដូចជា៖ រង្វង់មូលព្រះនរាយណ៍ បុស្បុកតម្កល់រូបសំណាកលោកតាឌី ផ្សាររាត្រីផាប់ស្ត្រីត ក៏ដូចជាតាមផ្លុវសំខាន់ៗមួយចំនួន។ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីនៅខេត្តព្រះវិហារ រយះពេល៤ថ្ងៃនេះ ធានាបានសន្តិខុស សុវត្ថិភាព ល្អប្រសើរ ទាំងនៅក្នុងទីប្រជុំជនខេត្ត ក៏ដូចជាទីប្រជុំជនតាមក្រុង ស្រុក ទាំង៨ ផងដែរ។

ហើយនៅថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មី នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកស្រី បានដឹកនាំមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន រៀបចំពីធីស្រង់ព្រះ ដោយឡែកនៅតំបន់សើម ក្នុងបរិវេណសាលាខេត្ត និងតំបន់ផាប់ស្រ្ទីត គេសង្កេតឃើញប្រជាពលរដ្ឋ ចូលរួមលេងកម្សាន្ត មានចំនួនកើនឡើងទ្វេរដង ដោយសារថ្ងៃនេះជាថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំ៕


















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...