រយៈពេល ៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវទេសចរប្រមាណ ១៧ម៉ឺននាក់

Posted By: RoogRog Robot | 17-Apr-2024 12:23:07

2024-04-17 11:14am

(ពោធិ៍សាត់)៖ រយៈពេល ៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពស.២៥៦៧ គិតចាប់ពីថ្ងៃទី១៣-១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៤នេះ ខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវទេសចរ សរុបប្រមាណ​ ១៧១,៣៦៦​នាក់ ក្នុងនោះ ទេសចរជាតិ ចំនួន១៧១,២១៧​នាក់ និងទេសចរបរទេស ចំនួន​ ១៤៩​នាក់ បើប្រៀបធៀបនឹងឆ្នាំមុន ភ្ញៀវមានការកើនឡើងជាង​ ២១,២១%។

បើតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ ខេត្តពោធិ៍សាត់ បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តពោធិ៍សាត់ ឱ្យដឹងថា ស្ថិតិភ្ញៀវទេសចរ ក្នុងខេត្តពោធិ៍សាត់ នាឱកាសថ្ងៃបញ្ចប់ពិធីបុណ្យចូលឆ្នាំ ថ្ងៃទី៤ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរសរុបចំនួន ៦៤,៥៤៤​នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ ចំនួន​៦៤,៥៣១នាក់ និងភ្ញៀវបរទេស ចំនួន​១៣​នាក់។

ប្រភពបន្តថា សម្រាប់រយៈពេល៣ថ្ងៃ គឺថ្ងៃទី១៣-១៥ ខែមេសា ឆ្នាំ២០២៤ ភ្ញៀវទេសចរមានចំនួនសរុប ១១១,៣២២នាក់ ក្នុងនោះទេសចរជាតិ ចំនួន១១១,១៨៦នាក់ និងទេសចរបរទេស ចំនួន១៣៦នាក់។

ប្រភពបានបន្ថែមថា ទីកន្លែងដែលភ្ញៀវទេសចរ និយម និងចូលចិត្តទៅលេងកម្សាន្ដច្រេីនជាងគេ រួមមាន៖ទី១៖ ទីតាំងមហាសង្ក្រាន្តកោះសំពៅមាសពោធិ៍សាត់, ទីតាំងសង្ក្រាន្តវត្តបាកានទី២៖ បូជនីយដ្ឋាន ឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវទី៣៖ រមណីយដ្ឋានល្បាក់កំរោញ នៅស្រុកភ្នំក្រវាញ ទី៤៖ តំបន់កម្សាន្តក្នុងស្រុកក្រគរ រួមមាន៖ រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង , រមណីយដ្ឋានវប្បធម៌ ធម្មជាតិ និងប្រវត្តិសាស្រ្ត <<ភ្នំនាគស>> ជាដេីម។

បន្ថែមពីនោះ មន្ទីរក៏បានបញ្ជាក់ពីការថយចុះ ចំនួនភ្ញៀវទេសចរ នៅភ្នំ១៥០០(ផ្លូវបុប្ផាលាក់ខ្លួន) ស្រុកវាលវែង ដោយសារឆ្នាំនេះអាកាសធាតុក្តៅខ្លាំង ទេសភាពមិនសូវស្រស់ស្អាត ទើបទេសចរបង្វែរពីការដើរលេងព្រៃភ្នំ មកលេងទឹកធ្លាក់ ខេត្តជាប់មាត់សមុទ្រ ឬសង្ក្រាន្ត ដែលរៀបចំដោយរដ្ឋបាលខេត្តនីមួយៗ វិញម្តង។

មន្ទីរទេសចរណ៍ ខេត្តពោធិ៍សាត់ ក៏បានបែងចែក ក្រុមការងារចុះសហការ និងធ្វើការទំនាក់ទំនង ជាមួយមន្ទីរ អង្គភាព អាជ្ញាធរពាក់ពន្ធ័ ពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នីតិវិធីស្តង់ដារប្រតិបត្តិអប្បរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី និងវិធានការការពារ <<៣កុំ ៣ការពារ>>ផងដែរ៕





























































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...