លោក Netanyahu និយាយថា ក្រុមហាម៉ាស់គួរតែយល់ច្បាស់ថា សម្ពាធអន្តរជាតិលើអ៊ីស្រាអែលនឹងមិនបានការទេ

Posted By: RoogRog Robot | 27-Mar-2024 23:23:56

2024-03-27 09:56pm

(ហ្សេរុយសាឡឹម)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃពុធថា ការលុបចោលដំណើរទស្សនកិច្ចរបស់ជំនួយការជាន់ខ្ពស់របស់លោក ទៅកាន់ទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ គឺមានបំណងបង្ហាញក្រុមហាម៉ាស់ ឱ្យដឹងថា អ៊ីស្រាអែលនឹងមិនចុះចាញ់នឹងសម្ពាធអន្តរជាតិ ដែលកើនឡើងដើម្បីបញ្ឈប់សង្គ្រាមនៅតំបន់ហ្គាហ្សានោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។

លោកបានលើកឡើងបែបនេះ នៅក្នុងវីដេអូអត្ថាធិប្បាយមួយក្នុងអំឡុងពេលកិច្ចប្រជុំ ជាមួយសមាជិកព្រឹទ្ធសភាអាមេរិក លោក Rick Scott នៅថ្ងៃពុធនេះ។ នាឱកាសនោះ លោកបាននិយាយដូច្នេះថា <<វាគឺជាសារដំបូង និងសំខាន់បំផុតចំពោះក្រុមហាម៉ាស់ថា៖ កុំភ្នាល់លើសម្ពាធនេះ វានឹងមិនបានការទេ>>។

គួរជម្រាបថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ សមាជិកក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិចំនួន ១៤ រូបក្នុងចំណោម ១៥ រូប បានបោះឆ្នោតគាំទ្រសេចក្តីសម្រេច ដែលបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់មួយ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ និងការដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។ ចំណែកសមាជិកមួយរូបទៀតនោះ គឺសហរដ្ឋអាមេរិក ដែលបានបោះឆ្នោតអនុប្បវាទ។

ក្រុមហាម៉ាសបានចេញមុខស្វាគមន៍ ដំណោះស្រាយបទឈប់បាញ់នេះ ខណៈអ៉ីស្រាអែលហាក់មិនអើពើនោះទេ ដោយនៅតែបន្តទម្លាក់គ្រាប់បែកលើតំបន់ភាគខាងជើង និងតំបន់ភាគខាងត្បូងហ្កាហ្សា៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...