(ព្រៃវែង)៖ លោក ឡុង ថាត អនុប្រធានគណៈកម្មាធិការគណបក្ស ខេត្តព្រៃវែង តំណាងលោក ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្ស ខេត្តព្រៃវែង នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញប្រកាសទទួលស្គាល់ សមាជិកគណបក្សប្រជាជនកម្ពុជា មកពីគណបក្សនយោបាយនានា ចំនួន១៤៨នាក់ ស្រី៨៥នាក់។
ពិធីនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង ស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកព្រះស្ដេច ដែលមានការចូលរួមពី លោក សោម ច័ន្ទថុក ប្រធានក្រុមការងារ ចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តព្រៃវែង, លោក ព្រុំ សុខានី អនុប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកព្រះស្ដេច,លោកបណ្ឌិតឃួន សុវណ្ណ ទីប្រឹក្សាសម្ដេចតេជោហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា, លោក តោ នី អនុប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកព្រះស្ដេច តំណាងលោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះស្រុកព្រះស្ដេច។
លោក ឡុង ថាត អនុប្រធានគណៈកម្មាធិការគណបក្ស ខេត្តព្រៃវែងបានលើកឡើងថា ក្រោមម្លប់សន្តិភាពរបស់សម្តេចតេជោហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា គឺអាចឲ្យយើងមានលទ្ធភាពគ្រប់គ្រាន់សម្រាប់បន្តការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិ របស់យើងទាំងអស់គ្នា ដូច្នេះមានតែគណបក្សប្រជាជនកម្ពុជានោះទេ ដែលបានស្វែងរកសន្តិភាព និងការអភិវឌ្ឍ ជូនប្រជាជន មិនដូចគណបក្សប្រឆាំងមួយចំនួន គឺមានតែការមានការញុះញង់បំផ្លាញផលប្រយោជន៍ជាតិ និងចង់បង្ករអស្ថេរភាពសង្គមជាតិ។
សមាជិក-សមាជិកាទាំង១៤៨នាក់ មកពីគណបក្សប្រឆាំងផ្សេងៗ បានឡើងធ្វើការចាប់អារម្មណ៍នៅប្ដេជ្ញាចិត្ត ក្រោយពីបានស្ដាប់នូវសេចក្តីសម្រេច ដូចខាងក្រោម៖
*១៖ សូមធ្វើការប្ដេជ្ញាស្មោះត្រង់ដាច់ខាតជាមួយគណបក្សប្រជាជនកម្ពុជាឥតងាករេ*២៖ ប្ដេជ្ញាគាំទ្រទាំងស្រុងនូវកម្មវិធីនយោបាយនិងលក្ខន្តិកៈគណបក្សប្រជាជនកម្ពុជានិងប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួនជាដាច់ខាត*៣៖ ប្ដេជ្ញាចូលរួមពង្រីកពង្រឹងការសាមគ្គីភាពឲ្យបានល្អប្រសើរ*៤៖ ប្ដេជ្ញាចូលរួមប្រតិបត្តិ ក្នុងកិច្ចការជួយមូលដ្ឋានតាមគោលការណ៍របស់គណបក្សពិសេសការកសាងកម្លាំងបន្ថែម ដើម្បីឆ្ពោះទៅដណ្ដើមមហាជោគជ័យដាច់ខាតក្នុងការបោះឆ្នោតនៅពេលខាងមុខនេះ។*៥៖ ប្ដេជ្ញាយកចិត្តទុកដាក់រាល់ប្រសាសន៍ណែនាំរបស់គណៈអធិបតីឲ្យទទួលបានជោគជ័យដាច់ខាត៕