(ភ្នំពេញ)៖ នៅតំបន់កាស្មៀរ- Kashmir, បើនិយាយអំពីជម្លោះសព្វាវុធយ៉ាងសន្ធោសន្ធៅ និងតែងតែប្រយុទ្ធគ្នាមិនឈប់ឈរវាងឥណ្ឌា និងប៉ាគីស្ថានកាលពីថ្ងៃទី៦ ឧសភា ឆ្នាំ២០២៥ មានរយៈពេល៤ថ្ងៃនាពេលថ្មីៗនេះ ដែលប្រទេសទាំងពីរជាមហាអំណាចអាវុធនុយក្លេអ៊ែរ នៃតំបន់អាស៊ី និងបន្ទាប់ពីមានការសម្របសម្រួលពីសហរដ្ឋអាមេរិក ពីបទឈប់បាញ់គ្នា រហូតឈានដល់សភាពស្ងប់ស្ងាត់មកនេះ។ មានការចោទជាសំណួរថា តើជម្លោះប្រដាប់អាវុធមិនឈប់ឈរនៅតំបន់កាស្មៀរមានសារៈសំខាន់នៃយុទ្ធសាស្ត្រយ៉ាងណា?
អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា ក្នុងជម្លោះតំបន់កាស្មៀរដែលតែងតែប្រយុទ្ធគ្នាមិនឈប់ឈរម្ដងហើយម្ដងទៀត យ៉ាងសន្ធោសន្ធៅរវាងឥណ្ឌា និងប៉ាគីស្ថាន ដូចសាធារណៈមតិជាតិ និងអន្ដរជាតិតែងឃើញនេះ បើនិយាយអំពីទីតាំងតំបន់កាស្មៀរមានសារៈសំខាន់នៃយុទ្ធសាស្ត្រនោះគឺ៖
*ទី១៖ ប្រភពទឹក តំបន់កាស្មៀរ ជាកន្លែងនៃប្រភពទឹកដ៏សំខាន់ស្លាប់រស់រវាងប្រទេសទាំងពីនៃប្រភពទឹកចេញពីទន្លេឥណ្ឌុ-Indus ហៅថា (ទន្លេហិមាទ្បៃយ៉ា) ដែលមានប្រភពទឹកពីខ្ពង់រាបទីបេ សម្រាប់ការផ្គត់ផ្គង់ទឹកដល់ប្រទេសទាំងពីរ និងស្រោចស្រពលើវិស័យកសិកម្ម។ *ទី២៖ យុទ្ធសាស្រ្ដយោធា តំបន់កាស្មៀរ គ្របដណ្តប់តំបន់ភ្នំហិម៉ាឡៃយ៉ាជាទីតាំងយុទ្ធសាស្ត្រសំខាន់មួយសម្រាប់សន្តិសុខជាតិរៀងៗខ្លួន។ * ទី៣៖ និមិត្តសញ្ញាអត្ដសញ្ញា តំបន់កាស្មៀរជានិមិត្តសញ្ញាដ៏មានអានុភាពនៃអត្តសញ្ញាណរវាងប្រទេសទាំងពីរ ក្នុងនោះសម្រាប់ប្រទេសឥណ្ឌា វាតំណាងឲ្យបូរណភាពទឹកដី និងប្រវត្ដិសាស្រ្ដ, រីឯប្រទេសប៉ាគីស្ថានវិញ វាគឺជាតំបន់និមិត្ដរូបសាសនាមូស្លីម ដែលមិនត្រូវបានដោះស្រាយចាប់តាំងពីការបែកបាក់គ្នានៅឆ្នាំ១៩៤៧ បន្សល់មកដល់បច្ចុប្បន្ន។
ហេតុនេះតំបន់កាស្មៀរ ក្លាយជាទីលានចំណុចកណ្តាលរវាងគូប្រកួតប្រជែងទឹកដី យោធា សាសនា នយោបាយ និងប្រវត្ដិសាស្រ្ដ គឺជាជម្លោះមិនឈប់ឈរចាប់តាំងពីការបែកបាក់គ្នារវាងបងប្អូនបង្កើតពីអតីតកាលរវាងឥណ្ឌា និងប៉ាគីស្ថាន ដែលបន្សល់ទុកពីមរតកអាណានិគមអង់គ្លេសពីឆ្នាំ១៩៤៧ ដែលមានអាយុកាលរាប់ទសវត្សមកនេះ។ ក្នុងនោះ ជម្លោះធំៗមានបីលើកគឺ៖ លើកទី១ ៖ នៅឆ្នាំ១៩៦៥ ,លើកទី២៖ ឆ្នាំ១៩៩៩ និងលើកទី៣ ខែឧសភា ឆ្នាំ២០២៥ថ្មីៗនេះ ក៏ដូចជាការប៉ះទង្គិចតូចៗជាច្រើនទៀត។
បើពោលឲ្យចំ ជម្លោះសព្វាវុធនៅតំបន់កាស្មៀរម្ដងហើយម្ដងទៀត រវាងឥណ្ឌានិងប៉ាគីស្ថានក្រោយពីឆ្នាំ១៩៤៧មក គឺជាបណ្ដាសាដែលបន្សល់ពីមរតកអាណានិគមអង់គ្លេស មិនខុសពីតំបន់កាហ្សា -ប៉ាទ្បេស្ទីន ជាទឹកដីបណ្ដាសាបន្សល់ពីមរតករបស់ព្រះនៃតំបន់នោះទ្បើយ។
លោក រ័ត្ន សណ្ដាប់ បន្ដថាមួយវិញទៀត បើយើងពោលឲ្យទូលំទូលាយជាងនេះបន្ដិច យើងអាចចោទសួរទៀតថា តើតំបន់កាស្មៀរ Kashmir ដែលបានបន្សល់ពីមរតកអាណានិគមអង់គ្លេស មានវិសាលភាពទឹកដីភូមិសាស្រ្ដយ៉ាងណា?
ក្រោយពីអាណានិគមអង់គ្លេសបានផ្ដល់ឯករាជ្យឲ្យប្រទេសឥណ្ឌានិងប៉ាគីស្ថាន ព្រមទាំងបណ្ដាប្រទេសផ្សេងៗទៀតនាឆ្នាំ១៩៤៧មក គឺបានបន្សល់ទុកនូវទឹកដីតំបន់កាស្មៀរនេះ ដោយមិនបានកំណត់និងបែងចែក ឬក៏កាត់ឲ្យទៅប្រទេសមួយណាឲ្យច្បាស់នោះទេ ទាំងនេះបានក្លាយជាទីលានជម្លោះនៃយោធា, វប្បធម៌, សាសនា និងប្រវត្ដិសាស្រ្ដ។ តំបន់កាស្មៀរ មានទំហំផ្ទៃក្រទ្បាធំជាងប្រទេសកម្ពុជាទៅទៀត, បានលាតសន្ធឹងលើទំហំផ្ទៃដី២២២២៣៦ គីឡូម៉ែត្រក្រឡា និងមានព្រំប្រទល់ខាងជើងជាប់ប្រទេសចិន, ខាងកើតជាប់តំបន់ស្វយ័តទីបេ, ខាងត្បូងជាប់ខេត្ដឥណ្ឌា Himachal Pradesh និង Punjab, ខាងលិចជាប់ទីក្រុង Rawalpindi ប្រទេសប៉ាគីស្ថាន, នៅភាគពាយ័ព្យជាប់នឹងប្រទេសអាហ្គានីស្ថាន និងជាទឹកដីនៅក្បែរប្រទេសរុស្ស៊ី គឺជាទឹកដីយុទ្ធសាស្រ្ដយោធារបស់ប្រទេសនីមួយៗទៀតផងដែរ។
មរតកតំបន់កាស្មៀរ បន្សល់ពីអាណានិគមអង់គ្លេសក្នុងឆ្នាំ១៩៤៧ ត្រូវបានបំបែកជាបំណែកក្នុងកំឡុងសង្គ្រាមនាឆ្នាំ១៩៦៥ រវាងឥណ្ឌានិងប៉ាគីស្ថានយ៉ាងពេញទំហឹង បង្កឲ្យមានការចែកតំបន់នេះជាបីផ្នែកគឺ៖ កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា, កាស្មៀរ គ្រប់គ្រងដោយប៉ាគីស្ថាន និងកាស្មៀរគ្រប់គ្រងដោយចិន។ តាមលំដាប់ភាគរយផ្ទៃដីសរុប នៃតំបន់កាស្មៀរមានទំហំ២២២២៣៦ គីឡូម៉ែត្រក្រឡាគឺ៖ ៤៨ ភាគរយនៃទឹកដីត្រូវបានកាន់កាប់ដោយឥណ្ឌា, ៣៥ ភាគរយត្រូវបានកាន់កាប់ដោយប៉ាគីស្ថាន, និង១៧ ភាគរយទៀតស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិន។ រីឯប្រទេសអាហ្គានីស្ថាន ដែលមានជាប់ព្រំប្រទល់តំបន់កាស្មៀរ នៅភាគពាយ័ព្យ នោះដែរ មិនបានទាមទារ ឬមានចំណែកបានទឹកដីពីតំបន់កាស្មៀរនោះទេ ព្រោះតែប្រទេសអាហ្គានីស្ថាននេះ រវល់តែសង្រ្គាមផ្ទៃក្នុងជាប់ជាប្រចាំ មិនមានពេលគិតគូដល់ការទាមទារទឹកដីឲ្យបានជាចំណែកពីតំបន់កាស្មៀរនេះទ្បើយ។
ហេតុនេះបានជារឿយៗ យើងតែងឃើញតំបន់កាស្មៀរនេះ តែងមានជម្លោះជាប្រចាំរវាងឥណ្ឌានិងប៉ាគីស្ថាន ឬរវាងឥណ្ឌានិងចិន ប៉ុន្ដែជម្លោះច្រើនជាងគេគឺជម្លោះរវាងឥណ្ឌានិងប៉ាគីស្ថានហ្នឹងឯង។ ដូច្នេះតំបន់កាស្មៀរ ជាទឹកដីយុទ្ធសាស្រ្ដឥណ្ឌា, ប៉ាគីស្ដាន និងចិន ទាំងផ្នែកនយោបាយ, យោធា ,ទូត និងប្រវត្ដិសាស្រ្ដ គឺជាយុទ្ធសាស្ត្រសម្រាប់ប្រទេសចិន ព្រោះវាតភ្ជាប់ពីទីបេជាមួយស៊ីនជាំង និងជាផ្នែកមួយនៃចក្ខុវិស័យភូមិសាស្ត្រនយោបាយនៃ "ផ្លូវសូត្រ" គឺជាក្តារអុក និងជាចំណុចកណ្ដាលនៃការប្រកួតប្រជែងរបស់មហាអំណាចអាវុធនុយក្លេអ៊ែរ នៅប្រទេសអាស៊ីទាំងបីគឺ៖ ឥណ្ឌា ប៉ាគីស្ថាន និងចិន៕