(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញជួបសម្តែងការគួរសម ជាមួយលោក វណ្ណឡាល វ៉ូណា បាវិតលុង (H.E. Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។ ជំនួបខាងលើ ធ្វើឡើងដើម្បីរឹតចំណងមេត្រីភាព របស់រដ្ឋបាលខេត្តកែប និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ដែលទើបចូលកាន់តំណែង ឲ្យកាន់តែល្អប្រសើរថែមទៀត។
ក្នុងជំនួបនោះ លោកបណ្ឌិត សោម ពិសិដ្ឋ បានបង្ហាញពីសក្តានុពល ដែលខេត្តកែបមាន ជាពិសេស ភាពរីកចម្រើនលើវិស័យទេសចរណ៍ ក្នុងនោះ លោកអភិបាលខេត្ត បានគូសបង្ហាញពី ទីតាំងទេសចរណ៍ថ្មីៗជាច្រើន កំពុងរីកលូតលាស់បម្រើដល់សេចក្តីត្រូវការរបស់អ្នកទេសចរទាំងជាតិ អន្តរជាតិ។
លោកអភិបាលខេត្ត បានលើកឡើងទៀតថា ប្រជាជនកម្ពុជា និងសាធារណរដ្ឋឥណ្ឌា មានទំនៀមទម្លាប់ ប្រពៃណី ប្រហាក់ប្រហែលគ្នា ជាពិសេស លើជំនឿសាសនា ក្នុងនោះខេត្តកែប ក៏កំពុងស្ថាបនាទីឋានសាសនាមួយ ដោយសាងសង់ព្រះពុទ្ធរូបកម្ពស់៤៥ម៉ែត្រនៅលើភ្នំ ក្នុងតំបន់ឧទ្យានជាតិខេត្តកែប សម្រាប់អ្នកដែលចូលចិត្តការធ្វើសមាធិមកពីគ្រប់បណ្តាប្រទេស ដ៏ដូចជាសាធារណរដ្ឋឥណ្ឌាផងដែរ។
លោកអភិបាលខេត្ត បានស្នើដល់ភាគីឥណ្ឌា ជួយផ្តល់ការឧបត្ថម្ភគាំទ្រដល់ខេត្តកែប ក្នុងការអភិវឌ្ឍលើវិស័យមួយចំនួន ដូចជា វិស័យទេសចរណ៍ វិស័យកសិកម្ម វិស័យសុខាភិបាល និងជួយបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការផ្តល់នូវអាហាររូបករណ៍ ឬវគ្គបណ្តុះបណ្តាលជាដើម។
ជាការឆ្លើយតប លោក វណ្ណឡាល វ៉ូណា បាវិតលុង ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានកោតសរសើរ លើភាពរីកចម្រើនរបស់ខេត្តកែប ទៅលើការកសាងបាននូវហេដ្ឋារចនាសម្ព័ន្ធនានា។ លោកទទួលស្គាល់ថា ខេត្តកែបពិតជាមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍។
ដោយមើលឃើញដូចនេះ លោកឯកអគ្គរដ្ឋទូត បានលើកជាគំនិតមួយ តាមរយៈសមាគមន៍ទេសចរណ៍កម្ពុជា និងសមាគមន៍ទេសចរណ៍ឥណ្ឌា ធ្វើការជាមួយគ្នា ក្នុងការផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍ខេត្តកែប ឲ្យកាន់តែទូលំទូលាយ សំដៅទាក់ទាញពលរដ្ឋឥណ្ឌា និងអ្នកទេសចរពីបណ្តាប្រទេសដទៃទៀត ធ្វើដំណើរមកកាន់ខេត្តកែប ក៏ដូចជាកម្ពុជាឲ្យកាន់តែច្រើនឡើង។ លោកសន្យាផងដែរ ក្នុងការផ្តល់អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលនានា ជូនដល់មន្រ្តីសាលាខេត្តកែប និងសិស្សានុសិស្ស នៅខេត្តកែបផ្ទាល់ តាមរយៈស្ថានទូតឥណ្ឌា។
លោកឯកអគ្គរដ្ឋទូតឥណ្ឌា នឹងសន្យាបន្តជំរុញលើកិច្ចព្រមព្រៀងស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព រវាងខេត្តកែប នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋហ្គោអា នៃសាធារណរដ្ឋឥណ្ឌា ឲ្យចេញជាផ្លែផ្កានាពេលឆាប់ៗនេះ។
សូមជម្រាបថា មុនជំនួបសម្តែងការគួរសមនេះ លោកឯកអគ្គរដ្ឋទូតឥណ្ឌា បានអញ្ជើញមកទស្សនកិច្ចនៅខេត្តកែប តាមតំបន់សក្តានុពលនានា របស់ខេត្តកែប ក្នុងនោះ លោកឯកអគ្គរដ្ឋទូតឥណ្ឌា ក៏មានភាពភ្ញាក់ផ្អើលលើធនធានធម្មជាតិរបស់ខេត្តកែប ជាពិសេស ដំណាំម្រេច នៅតាមតំបន់ភ្នំវល្លិ៍ជាដើម៕