នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ចាត់ទុកការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងប្រទេស ជាយុទ្ធសាស្ត្រយូរអង្វែងកសាងកងយោធពលខេមរភូមិន្ទ នាពេលបច្ចុប្បន្ន និងអនាគត

Posted By: RoogRog Robot | 13-May-2025 13:13:59

2025-05-13 01:11pm

(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានគូសបញ្ជាក់ និងនៅតែចាត់ទុកការបណ្តុះបណ្តាល និងហ្វឹកហ្វឺនលើគ្រប់ជំនាញនៅក្នុងប្រទេស គឺជាយុទ្ធសាស្ត្រយូរអង្វែងក្នុងការកសាងសមត្ថភាពធនធានមនុស្សសម្រាប់យោធិនគ្រប់ថ្នាក់ គ្រប់ជំនាញ មានសមត្ថភាពពិតប្រាកដ ទាំងវិទ្យាសាស្ត្រមូលដ្ឋាន និងវិទ្យាសាស្ត្រយោធា ប្រកបដោយចំណេះដឹង ចំណេះធ្វើ ដើម្បីទៅបំពេញភារកិច្ចនៅតាមអង្គភាពរៀងៗខ្លួននាពេលបច្ចុប្បន្ន និងអនាគត។

ការថ្លែងបែបនេះរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងពិធីបិទវគ្គវិក្រិតការនាយទាហានបញ្ជាការ-សេនាធិការ ឆ្នាំ២០២៤ និងបើកវគ្គវិក្រឹត្យការនាយទាហាន បញ្ជាការ-សេនាធិការឆ្នាំ ២០២៥ នៅឯវិទ្យាស្ថានបញ្ជាការ-សេនាធិការ នៃកងយោធពលខេមរភូមិន្ទ ត្មាតពង ស្ថិតក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់យកគោលនយោបាយអាទិភាពគន្លឹះ៥ គឺ <<មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា>> ក្នុងនោះកត្តាមនុស្ស ជាអាទិភាពខ្ពស់បំផុតសម្រាប់ការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

ចំពោះវិស័យការពារជាតិ, ត្រូវបាននាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្ថែមថា រាជរដ្ឋាភិបាល អាណត្តិទី៧ បាននឹងកំពុងយកចិត្តទុកដាក់បន្តជំរុញការកែទម្រង់កងយោធពលខេមរភូមិន្ទ លើកកម្ពស់កសាងបណ្តុះបណ្តាលធនធានមនុស្ស ការអភិវឌ្ឍសមត្ថភាពកងទ័ព ប្រកបដោយវិជ្ជាជីវៈ និងឧត្តមគតិស្នេហាជាតិ ហ៊ានលះបង់កម្លាំងកាយចិត្ត បូជាជីវិត ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានសង្កត់ធ្ងន់ថា ក្រៅពីកិច្ចការខាងលើ រាជរដ្ឋាភិបាលខិតខំអភិវឌ្ឍសម្ភារៈបច្ចេកទេស យុទ្ធោបករណ៍ ភស្តុភារ និងហិរញ្ញវត្ថុ សំដៅឈានទៅធ្វើទំនើបកម្មកងទ័ពឱ្យឆ្លើយតបទៅនឹងភាពជឿនលឿននៃបច្ចេកវិទ្យាទំនើប និងការធ្វើនវានុវត្តន៍យោធា ក្នុងតំបន់ និងពិភពលោកប្រកបដោយចីរភាព នៅក្នុងរយៈពេលមធ្យម និងវែង សំដៅលើក កម្ពស់ប្រសិទ្ធភាពគ្រប់កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ។

ទន្ទឹមនឹងនោះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា ការបណ្តុះបណ្តាល និងហ្វឹកហ្វឺននៅវិទ្យាស្ថានបញ្ជាការ-សេនាធិការ គឺជាចក្ខុវិស័យរបស់ កងយោធពលខេមរភូមិន្ទ ក្នុងការខិតខំកសាងធនធានមនុស្សឱ្យមានសមត្ថភាព គ្រប់គ្រាន់ទាំងចំណេះដឹង និងចំណេះធ្វើ ដើម្បីទៅបំពេញភារកិច្ចដោយប្រសិទ្ធភាព ហើយការបណ្តុះបណ្តាល និងហ្វឹកហ្វឺននេះមិនមែនគ្រាន់តែជាការបង្កើនចំណេះដឹង និងជំនាញប៉ុណ្ណោះទេ ប៉ុន្តែវាជាការកសាងចរិត និងស្មារតីរបស់យោធិនថ្នាក់បញ្ជាការ-សេនាធិការ ដែលត្រូវមានការដឹកនាំ និងបញ្ជាដោយភាពអង់អាចក្លាហាន ការសាមគ្គីភាព ឧត្តមគតិស្នេហាជាតិ និងការប្តេជ្ញាខ្ពស់ ក្នុងការការពារបូរណភាពទឹកដី របស់យើង តាមការ ដឹកនាំរបស់រាជរដ្ឋាភិបាល។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានជំរុញឱ្យគណៈគ្រប់គ្រងវិទ្យាស្ថានយោធាចារ្យ និងសិក្ខាកាមដែលត្រូវបញ្ចប់វគ្គ និងសិក្ខាកាមដែលត្រូវបន្តវគ្គហ្វឹកហ្វឺរៀនសូត្រសម្រាប់ឆ្នាំ ២០២៥ទាំងអស់ ត្រូវបន្តចូលរួមថែរក្សាសន្តិភាពរបស់ប្រទេសជាតិ និងគាំទ្រអនុវត្តរាល់កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសត្រូវស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីការបោះឆ្នោត ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងទប់ស្កាត់រាល់ឧបាយកលបំផ្លាញសុខសន្តិភាព របស់ប្រទេសជាតិឱ្យបានជាដាច់ខាត។

បើតាមរបាយការណ៍របស់ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកវិទ្យាស្ថានបញ្ជាការ-សេនាធិការ នៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា វគ្គវិក្រិតការនាយទាហានបញ្ជាការ-សេនាធិការឆ្នាំ២០២៥ ដែលបានដំណើរការបើកវគ្គ បន្ទាប់ពីវគ្គវិក្រិតការនាយទាហានបញ្ជាការ-សេនាធិការឆ្នាំ ២០២៤ ត្រូវបានបញ្ចប់មានសិក្ខាកាមចូលហ្វឹកហ្វឺនរៀនសូត្រសរុប ១១៨នាក់ មានរយៈពេលសិក្សារៀនសូត្រ ៦ខែ លើខ្លឹមសារមេរៀន ចំណេះដឹងទូទៅយោធា-វិទ្យាសាស្រ្តយោធា-វិទ្យាសាស្ត្រសង្គម និងការងារជាក់ស្ដែងមួយចំនួនទៀត៕


























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...