រុស្ស៊ី ច្រានចោលសេចក្តីសម្រេច UN ដែលថា ខ្លួនទទួលខុសត្រូវលើការបាញ់ទម្លាក់យន្តហោះម៉ាឡេស៊ី MH17

Posted By: RoogRog Robot | 13-May-2025 18:41:13

2025-05-13 06:36pm

(មូស្គូ)៖ វិមានក្រឹមឡាំង នៅថ្ងៃអង្គារនេះ បានច្រានចោលទាំងស្រុង នូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាកាសចរណ៍នៃអង្គការសហប្រជាជាតិ ដែលថារុស្ស៊ីទទួលខុសត្រូវចំពោះការធ្លាក់យន្តហោះម៉ាឡេស៊ី (MH17) លើប្រទេសអ៊ុយក្រែនកាលពីឆ្នាំ ២០១៤ ដែលបានសម្លាប់មនុស្សទាំងអស់ ២៩៨នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា <<ជំហររបស់យើងគឺត្រូវបានគេស្គាល់យ៉ាងច្បាស់... រុស្ស៊ីមិនមែនជាប្រទេសដែលបានចូលរួមក្នុងការស៊ើបអង្កេតលើឧប្បត្តិហេតុនេះទេ ដូច្នេះយើងមិនទទួលយកការសន្និដ្ឋានលម្អៀងណាមួយឡើយ>>។ ក្នុងចំណោមជនរងគ្រោះនៃហេតុការណ៍ MH17 រួមមានពលរដ្ឋហូឡង់ ១៩៦នាក់ និងអូស្ត្រាលី ៣៨នាក់។

កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ចៅក្រមហូឡង់បានកាត់ទោសបុរសរុស្ស៊ីពីរនាក់ និងបុរសអ៊ុយក្រែនម្នាក់កំបាំងមុខពីបទឃាតកម្ម ចំពោះតួនាទីរបស់ពួកគេក្នុងការបាញ់ទម្លាក់យន្តហោះនេះ។ ទីក្រុងមូស្គូនៅពេលនោះ បានហៅសេចក្តីសម្រេចនេះថា <<ជារឿងអាស្រូវ>> ហើយបានប្រកាសថានឹងមិនធ្វើបត្យាប័នពលរដ្ឋរបស់ខ្លួនឡើយ។

គួរបញ្ជាក់ថា ការបាញ់ទម្លាក់យន្តហោះ MH17 នៅតែជាប្រធានបទដ៏រសើប និងបង្កឲ្យមានភាពតានតឹងផ្នែកការទូតរវាងរុស្ស៊ី និងបណ្តាប្រទេសលោកខាងលិច ដែលភាគច្រើនជឿជាក់ថា យន្តហោះនេះត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលដែលផ្គត់ផ្គង់ដោយរុស្ស៊ី។

យន្តហោះជើងហោះហើរ MH17 របស់អាកាសចរណ៍ Malaysian Airlines បានចាកចេញពីទីក្រុងអាំស្ទែដាំ ឆ្ពោះទៅទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ នៅពេលដែលយន្តហោះនោះ ត្រូវបានបាញ់ទម្លាក់នៅលើ​តំបន់ភាគខាងកើតអ៊ុយក្រែន ស្របពេលដែលការប្រយុទ្ធគ្នាកំពុងផ្ទុះឡើង រវាងពួកផ្តាច់ខ្លួនគាំទ្រដោយរុស្ស៉ី និងយោធាអ៊ុយក្រន៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...