(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសយ៉ាងមហោឡារិកគាំទ្រព្រះរាជសុន្ទរកថាសម្តេចប៉ាប LÉON XIV ដែលបានអំពាវនាវឱ្យពិភពលោក <<ប្រកាន់យកសន្តិភាព>>។
ការគាំទ្ររបស់សម្តេចតេជោ ហ៊ុន សែន ចំពោះព្រះរាជសុន្ទរកថា <<ប្រកាន់យកសន្តិភាព>> បានធ្វើឡើងតាមរយៈលិខិតផ្ញើទៅកាន់ដូនជី Raffaella Petrini ប្រធានអភិបាលបុរីវ៉ាទីកង់ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ។
ក្នុងសារលិខិតនេះ សម្តេចតេជោ បានគូសរំលេចថា អស់រយៈពេលជិតបីទសវត្សរ៍មកហើយ ដែលកម្ពុជា បានរស់នៅក្នុងសន្តិភាព និងភាពរីកចម្រើន បន្ទាប់ពីបានទទួលរងការបំផ្លិចបំផ្លាញដោយអំពើអយុត្តិធម៌ និងអំពើហិង្សា។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ក្នុងសារលិខិតនោះថា ការអំពាវនាវរបស់សម្តេចប៉ាប ឱ្យពិភពលោកប្រកាន់យកសន្តិភាព បានរន្ទឺយ៉ាងខ្លាំងក្លានៅក្នុងដួងចិត្តរបស់សហគមកាតុលិកខ្មែរ។
<<ក្នុងឋានៈខ្ញុំជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាល ខ្ញុំតែងតែគាំទ្រដល់រាល់ ការខិតខំប្រឹងប្រែងរបស់ប្រជាជាតិ និងប្រជាជននានាលើសកលលោក ដើម្បីសន្តិភាព យុត្តិធម៌ និងការផ្សះផ្សាជាតិ>>។ នេះជាការបង្ហាញនូវការគាំទ្ររបស់សម្តេចតេជោ លើសារសំខាន់នៃសុខសន្តិភាព៕