សភាពាណិជ្ជកម្មកម្ពុជា និងសហគ្រិនខ្មែរ (KE) សហការគ្នាជួយសហគ្រិន អ្នកចាប់ផ្តើមអាជីវកម្ម និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

Posted By: RoogRog Robot | 03-Jul-2025 03:00:13

2025-07-03 07:55am

(ភ្នំពេញ)៖ សភាពាណិជ្ជកម្មកម្ពុជា (CCC) និងសហគ្រិនខ្មែរ (KE) នៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៥ បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីជំរុញកិច្ចសហការ និងការអភិវឌ្ឍសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs)។

អនុស្សរណៈយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលនៃ វេទិកាធុរកិច្ច និងនវានុវត្តន៍ឆ្នាំ២០២៥ ដែលជាផ្នែកមួយនៃសន្និសីទប្រចាំឆ្នាំ ដែលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា។

ភាគី ហត្ថលេខីនៃអនុស្សរណៈនេះ រួម មាន អ្នកឧកញ៉ា គិត ម៉េង ប្រធាន សភាពាណិជ្ជកម្ម កម្ពុជា និង ជា ប្រធាន ក្រុមប្រឹក្សា ប្រឹក្សា ធុរកិច្ច អាស៊ាន សម្រាប់ កម្ពុជា និង ឯកឧត្តម បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកនាយកប្រតិបត្តិនៃសហគ្រិនខ្មែរ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ានសម្រាប់កម្ពុជាបានមានប្រសាសន៍គូសបញ្ជាក់ថា អនុស្សរណៈនេះ គឺដើម្បីផ្តល់នូវក្របខ័ណ្ឌទូទៅ និងវិសាលភាពសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការនិងសកម្មភាពរវាងសភាពាណិជ្ជកម្មកម្ពុជា និងសហគ្រិនខ្មែរ ក្នុងការប្តេជ្ញាចិត្តទៅវិញទៅមកក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីប្រកបដោយនិរន្តរភាព និងផ្ដល់ផលប្រយោជន៍ដល់សហគ្រិន អ្នកចាប់ផ្តើមអាជីវកម្ម និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា <<កិច្ចសហប្រតិបត្តិការនេះ បានឱ្យសហគ្រិនខ្មែរ មានឱកាសជំរុញគោលនយោបាយ និងការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈបណ្តាញដ៏ធំទូលំទូលាយរបស់សភាពាណិជ្ជកម្មកម្ពុជា ដូចជា សភាពាណិជ្ជកម្មខេត្ត ដែលផ្តល់ជាប្រយោជន៍ទៅដល់សមាជិករបស់ខ្លួន និងសហគ្រាសធុនតូច និងមធ្យមនៅ ទូទាំងប្រទេស>>។

អនុស្សរណៈខាងលើនេះ មានគោលបំណងសំខាន់ជំរុញកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងសភាពាណិជ្ចកម្មកម្ពុជា និង សហគ្រិនខ្មែរ។ អនុស្សរណៈនេះ មានសារៈសំខាន់ក្នុងការគូសបញ្ជាក់ថា ភាគីទាំងពីរ បានសហការគ្នាលើកម្មវិធីផ្សេងៗ តាំងពីឆ្នាំ២០២២ មកម្ល៉េះ។កម្មវិធីទាំងអស់នោះ បានជួយដល់ម្ចាស់អាជីវកម្មប្រមាណ៤៦២៩នាក់ តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងការពង្រីកបណ្តាញ ដើម្បីពង្រីកឱកាសទីផ្សារ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...