សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី៧៤ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ

Posted By: RoogRog Robot | 03-Jul-2025 07:49:46

2025-07-03 07:46am

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានផ្ញើសារអបអរសាទរ ខួបលើកទី៧៤ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ ( ៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៥ )។

ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីនូវសម្បតិ្តបេតិកភណ្ឌរូបី ចំនួន ៤, សម្បតិ្តបេតិកភណ្ឌអរូបី ចំនួន ៧ និងបញ្ជី​ស្មារតី​ចង​ចាំ​នៃ​ពិភព​លោក ចំនួន ៣ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ ក៏ដូចជាមរតកឥតកាត់ថ្លៃ ដែលបានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា ដោយក្នុងនោះរួមមាន៖

១. បេតិកភណ្ឌរូបីនៃមនុស្សជាតិ៖- តំបន់រមណីយដ្ឋាន​អង្គរ ចុះបញ្ជីនា​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​១៩៩២ នៅ​ទី​ក្រុង​សាន់​តាហ្វេ សហរដ្ឋអាមេរិក​- ប្រាសាទ​ព្រះវិហារ ចុះបញ្ជីនា​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨ នៅ​ទី​ក្រុង​កេបិក ប្រទេស​កាណាដា- តំបន់ប្រាសាទ​សំបូរ​ព្រៃគុក​ ចុះ​បញ្ជីនាថ្ងៃ​ទី​៨ ខែ​កក្កដា​ ឆ្នាំ​២០១៧ នៅ​ទី​ក្រុង​ក្រាកូវ​ ប្រទេស​ប៉ូឡូញ​- រមណីយដ្ឋានប្រាសាទកោះកេរ ចុះបញ្ជីនាថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ។

២. បេតិ​កភណ្ឌ​វប្បធម៌​អរូបីនៃ​មនុស្ស​ជាតិ៖​- របាំ​ព្រះ​រាជ​ទ្រព្យ​ ចុះបញ្ជីនា​ថ្ងៃ​ទី​៧ ខែវិច្ឆិកា​ ឆ្នាំ​២០០៣ នៅ​ទី​ក្រុង​អ៊ីស្ដន់ប៊ូល​ ប្រទេស​តួកគី-​ ល្ខោន​ស្រមោល​ស្បែក​ធំ​ ចុះបញ្ជីនា​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០០៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​- ល្បែង​ទាញ​ព្រ័ត្រ​ ចុះ​បញ្ជីនាថ្ងៃ​ទី​២​ ខែ​ធ្នូ ឆ្នាំ​២០១៥​ នៅ​ទី​ក្រុង​វិនឌុក​ ប្រទេស​ណាមីប៊ី​- ចាប៉ី​ដង​វែង​ ចុះបញ្ជីនា​ថ្ងៃ​ទី​៣០​ ខែ​វិច្ឆិកា ឆ្នាំ២០១៦ នៅ​ទី​ក្រុង​អេតឌីស​អាបាបា​ ប្រទេស​អេត្យូពី​- ល្ខោន​ខោលវត្តស្វាយអណ្តែត​ ចុះបញ្ជីនា​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​ នៅ​ទីក្រុង​ព័រល្វី នៃ​សាធារណរដ្ឋ​ម៉ូរីស​​- គុន​ល្បុក្កតោ​ ចុះបញ្ជីនា​ថ្ងៃ​​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នៅ​ទី​ក្រុង​រ៉ាបាត​ ព្រះ​រាជា​ណាចក្រម៉ារ៉ុក - ក្រមាខ្មែរ ចុះបញ្ជីនាថ្ងៃទី៤ ខែឆ្នូ ឆ្នាំ២០២៤ នៅទីក្រុង អាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ ។

៣. បញ្ជី​ស្មារតី​ចង​ចាំ​នៃ​ពិភព​លោក៖​- បណ្ណាសារឧក្រិដ្ឋ​កម្ម​ ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​ ចុះបញ្ជីនា​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០០៩ នៅ​ទី​ក្រុង​ប្រ៊ីដថោន​ ប្រទេស​បាបា​ដូស- ឯកសារ​សំឡេង​និទាន​រឿង​រាមកេរ្ដិ៍ ដោយ​តាគ្រុឌ ចុះ​បញ្ជីនាថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៤ នៅ​ខេត្ត​ខ្វាង​ចូវ​ ប្រទេស​ចិន- រឿង​អ៉ីណាវ បុស្សិបា ចុះបញ្ជីនា​ថ្ងៃ​ទី​៣០​ ខែ​តុលា​ ឆ្នាំ​២០១៧ នៅ​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង ។

<<កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប>>៕

















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...