(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលមានគោលបំណងកាត់បន្ថយថវិកាសហព័ន្ធសម្រាប់បណ្ដាញសារព័ត៌មានសាធារណៈ NPR និង PBS ដោយចោទប្រកាន់ស្ថាប័នទាំងពីរថាមានភាពលម្អៀង និងបក្ខពួកនិយម។ នេះបើយោងតាមសេចក្តីប្រកាសរបស់សេតវិមានកាលពីល្ងាចថ្ងៃព្រហស្បតិ៍ និងរាយការណ៍បន្តដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២ ខែឧសភា ឆ្នាំ២០២៥។
បទបញ្ជានេះបានណែនាំដល់សាជីវកម្មសម្រាប់ការផ្សព្វផ្សាយជាសាធារណៈ (CPB) ដែលជាអ្នកចែកចាយថវិកាសហព័ន្ធ ឲ្យ <<បញ្ឈប់ការផ្ដល់មូលនិធិដោយផ្ទាល់>> ដល់ NPR និង PBS ក្នុងកម្រិតអតិបរមាតាមដែលច្បាប់អនុញ្ញាត និងបដិសេធការផ្ដល់មូលនិធិនាពេលអនាគត។ បទបញ្ជានេះក៏មានគោលបំណងបញ្ឈប់ការផ្ដល់មូលនិធិដោយប្រយោលផងដែរ ដោយតម្រូវឲ្យ CPB ធានាថា អ្នកទទួលជំនួយរបស់ខ្លួន ដូចជាស្ថានីយក្នុងស្រុក មិនប្រើប្រាស់ថវិកាសហព័ន្ធសម្រាប់ NPR និង PBS ឡើយ។
កន្លងមក ទាំង NPR និង PBS បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់លោក ត្រាំ ក្នុងការកាត់បន្ថយថវិការបស់ពួកគេ នឹងរំខានដល់សេវាសារព័ត៌មានដ៏សំខាន់ និងមាន <<ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ>> ដល់ប្រជាជនអាមេរិកដែលពឹងផ្អែកលើពួកគេសម្រាប់ព័ត៌មានដែលអាចទុកចិត្តបាន ជាពិសេសក្នុងពេលមានគ្រាអាសន្ន។
គួរបញ្ជាក់ថា នេះគឺជាការប៉ុនប៉ងចុងក្រោយបំផុតរបស់លោក ត្រាំ ក្នុងការប្រើប្រាស់ថវិកាសហព័ន្ធជាឧបករណ៍ដាក់សម្ពាធលើស្ថាប័នដែលលោកមិនយល់ស្រប។ រដ្ឋបាលរបស់លោកបានចោទប្រកាន់ស្ថាប័នអប់រំ និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនថាមាននិន្នាការឆ្វេងនិយម និងលម្អៀង ហើយបានព្យាយាមកាត់បន្ថយថវិកា។ អ្នកតស៊ូមតិសិទ្ធិមនុស្សបានបង្ហាញក្តីបារម្ភអំពីសេរីភាពនៃការបញ្ចេញមតិ។
កាលពីថ្ងៃចន្ទ CPB បានប្ដឹងសេតវិមាន បន្ទាប់ពីលោក ត្រាំ បានព្យាយាមបណ្ដេញសមាជិកក្រុមប្រឹក្សាភិបាលរបស់ខ្លួន ៣នាក់ក្នុងចំណោម ៥នាក់។ CPB គឺជាសាជីវកម្មមិនរកប្រាក់ចំណេញដែលបង្កើតឡើងដោយសភា និងផ្តល់ថវិកាដល់ស្ថានីយវិទ្យុ និងទូរទស្សន៍សាធារណៈជាង ១,៥០០។ មានរបាយការណ៍ថា សេតវិមានគ្រោងនឹងស្នើសុំសភាឲ្យលុបចោលថវិកា ១.១ពាន់លានដុល្លារសម្រាប់ CPB៕