(មូស្គូ)៖ ប្រទេសរុស្ស៊ី នឹងផ្ដល់ជំនួយដល់អាជ្ញាធរតាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងការប្រយុទ្ធប្រឆាំងនឹងសាខាក្នុងស្រុករបស់ក្រុមរដ្ឋឥស្លាម (ISIS-K)។ នេះបើតាមការថ្លែងរបស់តំណាងពិសេសរបស់រុស្ស៊ីប្រចាំប្រទេសអាហ្វហ្គានីស្ថាន ប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ RIA កាលពីថ្ងៃសុក្រ ទី២ ខែឧសភា ឆ្នាំ២០២៥។
លោក Zamir Kabulov អតីតឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំក្រុងកាប៊ុល បានហៅក្រុម ISIS-K ថាជា <<សត្រូវរួម>> របស់ទីក្រុងមូស្គូ និងកាប៊ុល។ លោកបានប្រាប់ RIA ថា <<យើងឃើញ និងពេញចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងដែលក្រុមតាលីបង់កំពុងធ្វើ ក្នុងការប្រយុទ្ធនឹង ISIS-K... យើងនឹងផ្តល់ជំនួយដ៏ល្អបំផុតរបស់យើងដល់អាជ្ញាធរអាហ្វហ្គានីស្ថាន តាមរយៈរចនាសម្ព័ន្ធឯកទេស>>។ ការផ្ដល់ជំនួយនេះ ធ្វើឡើងក្រោយពេលរុស្ស៊ីបានដកក្រុមតាលីបង់ចេញពីបញ្ជីភេរវករកាលពីខែមុន។
ចំណាត់ការនេះ ធ្វើឡើងខណៈរុស្ស៊ីកំពុងប្រឈមនឹងការគំរាមកំហែងពីក្រុម ISIS បន្ទាប់ពីមានការវាយប្រហារនៅសាលប្រគុំតន្ត្រីក្បែរក្រុងមូស្គូកាលពីខែមីនា ឆ្នាំ២០២៤ ដែលសម្លាប់មនុស្ស ១៤៥នាក់ ហើយដែលសហរដ្ឋអាមេរិកជឿជាក់ថា ជាស្នាដៃរបស់ក្រុម ISIS-K។ ក្រុមតាលីបង់អះអាងថា ខ្លួនកំពុងធ្វើការកម្ចាត់ក្រុមនេះចេញពីអាហ្វហ្គានីស្ថាន។
គួរបញ្ជាក់ថា លោក ពូទីន កាលពីឆ្នាំមុនបានហៅតាលីបង់ថាជា <<សម្ព័ន្ធមិត្ត>> ប្រឆាំងភេរវកម្ម។ លោក Kabulov បាននិយាយថា ការដកក្រុមនេះចេញពីបញ្ជីភេរវករ <<បានដកចេញនូវរាល់ឧបសគ្គចំពោះកិច្ចសហប្រតិបត្តិការពេញលេញ>> ហើយរុស្ស៊ីបានទទួលស្គាល់ឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថាននៅមូស្គូហើយ។
លើសពីនេះ រុស្ស៊ីក៏មានបំណងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគជាមួយអាហ្វហ្គានីស្ថានផងដែរ។ លោក Kabulov បាននិយាយថា គម្រោងសេដ្ឋកិច្ចរួមគ្នា ដូចជាការអភិវឌ្ឍរ៉ែ និងបំពង់បង្ហូរឧស្ម័ន នឹងត្រូវពិភាក្សានៅក្នុងវេទិកាធុរកិច្ចរុស្ស៊ី-អាហ្វហ្គានីស្ថាននៅទីក្រុង Kazan នាចុងខែនេះ៕