លីបង់ ព្រមានក្រុមហាម៉ាស់ កុំឲ្យប៉ះពាល់សន្តិសុខជាតិរបស់ខ្លួន

Posted By: RoogRog Robot | 02-May-2025 08:55:20

2025-05-02 06:49pm

(បេរូត)៖ ប្រទេសលីបង់ បានចេញការព្រមានមួយទៅកាន់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ (Hamas) នៅថ្ងៃសុក្រនេះ កុំឲ្យធ្វើប្រតិបត្តិការណាមួយដែលប៉ះពាល់ដល់សន្តិសុខ ឬអធិបតេយ្យភាពរបស់ប្រទេស ខណៈដែលលីបង់កំពុងប្រឈមនឹងសម្ពាធពីសហរដ្ឋអាមេរិកឲ្យដកអាវុធក្រុមប្រដាប់អាវុធក្រៅរដ្ឋ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥។

អគ្គលេខាធិការនៃក្រុមប្រឹក្សាការពារជាតិជាន់ខ្ពស់ លោក Mohammad al-Mustafa បានបញ្ជាក់ថា នឹងមានអនុសាសន៍ផ្លូវការ <<ព្រមានក្រុមហាម៉ាស់ ប្រឆាំងនឹងការប្រើប្រាស់ទឹកដីលីបង់ ដើម្បីអនុវត្តសកម្មភាពណាមួយដែលគំរាមកំហែងដល់សន្តិសុខជាតិលីបង់>>។

ក្រុមហាម៉ាស់មានវត្តមានជាយូរមកហើយនៅក្នុងប្រទេសលីបង់ ជាពិសេសក្នុងជំរំជនភៀសខ្លួនប៉ាឡេស្ទីន ដែលអំណាចរបស់កងកម្លាំងសន្តិសុខលីបង់មានកម្រិត។ យុទ្ធជនហាម៉ាស់ រួមជាមួយក្រុមហេសបូឡា បានបាញ់មីស៊ីលពីលីបង់ចូលទៅអ៊ីស្រាអែល ក្រោយការវាយប្រហារថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ ការវាយប្រហារសងសឹករបស់អ៊ីស្រាអែល ក៏បានសម្លាប់មេបញ្ជាការហាម៉ាស់មួយចំនួននៅក្នុងប្រទេសលីបង់ រួមទាំងមេដឹកនាំរងម្នាក់របស់ក្រុមនេះផងដែរ។

ថ្នាក់ដឹកនាំលីបង់ រួមទាំងប្រធានាធិបតី Joseph Aoun និងនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីជំហររបស់លីបង់ ដែលបដិសេធមិនចូលក្នុងជម្លោះក្នុងតំបន់ និងពីតម្រូវការបន្ទាន់ក្នុងការនាំយកអាវុធទាំងអស់ មកស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ ដើម្បីការពារស្ថិរភាពជាតិ។

គួរបញ្ជាក់ថា ការព្រមានជាសាធារណៈនេះ គឺជាសញ្ញាមួយបង្ហាញពីការលំបាករបស់លីបង់ក្នុងការរក្សាតុល្យភាព រវាងការគាំទ្របញ្ហាប៉ាឡេស្ទីន និងការរក្សាអធិបតេយ្យភាព និងស្ថិរភាពផ្ទៃក្នុងរបស់ខ្លួន៕



News Source: freshnewsasia.com
LATEST NEWS
វិទ្យុពេលព្រឹក - ឧសភា ០៣, ២០២៥
MORE NEWS CLICK HERE...