(ភ្នំពេញ)៖ លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា មកដល់ពេលនេះក្រសួងអប់រំ ដែលជាសេនាធិការបស់រាជរដ្ឋាភិបាល នខិតខំធ្វើកំណែរទម្រង់ជាបន្ទាប់នៅតាមវិទ្យាស្ថានអប់រំ សំដៅធ្វើយ៉ាងណា ចូលរួមចំណែកក្នុងការផលិតមូលធនមនុស្ស និងធនធានមនុស្សឱ្យមានប្រសិទ្ធភាពសម្រាប់សង្គមជាតិ។
លោកស្រីបណ្ឌិត សឿ សុជាតា បានថ្លែងយ៉ាងដូចនេះនារសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥នេះ នាឱកាសតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងស្រវឹង ជូនដល់បុគ្គលិកអប់រំ និស្សិត គរុនិស្សិត និងគរុសិស្សនៅវិទ្យាស្ថានជាតិអប់រំ និងដោយមានការចូលរួមពីលោកបណ្ឌិត សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ រួមទាំងមាន តំណាងអង្គការដៃគូរ និងមានគរុសិស្ស និស្សិតជាច្រើនរូបទៀត។
លោកស្រីបណ្ឌិត សឿ សុជាតា បានថ្លែងថា មកដល់ពេលនេះប្រទេសកម្ពុជាបានដំណើរការអភិវឌ្ឍ និងទទួលបានលទ្ធផលគួរជាទីគត់សម្គាល់ និងជាទីមោទកបំផុតសម្រាប់ប្រជាជាតិរបស់យើង, ស្ថិតនៅក្រោមម្លប់សន្តិភាព យើងឃើញថា ការអភិវឌ្ឍប្រទេសជាតិ ពិតជាមានផលប្រយោជន៍ច្រើនបំផុតសម្រាប់ខ្លួនយើងផ្ទាល់ សម្រាប់ក្រុមគ្រួសារ សម្រាប់សហគមន៍ និងប្រជាជាតិទាំងមូលផងដែរ។
លោកស្រីបណ្ឌិត បានបន្ថែមថា ជាចក្ចុវិស័យរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ បានសម្រួចទៅមុខឆ្ពោះទៅរកការអភិវឌ្ឍ ដែលនៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល បានបញ្ជាក់ឱ្យឃើញថា យើងបានឯកភាពគ្នាក្នុងការអភិវឌ្ឍក្នុងទិសដៅមួយចំនួនមាន៖ ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច, បង្កើនការប្រកួតប្រជែង, អភិវឌ្ឍន៍វិស័យឯកជន និងការងារ, ភាពធន់ និងចេរភាព និងបរិយាបន សំដៅធ្វើយ៉ាងណាឱ្យសង្គមជាតិ និងប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍជាបន្តបន្ទាប់។
លោកស្រីបណ្ឌិត សឿ សុជាតា បានបញ្ជាក់ទៀតថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលរាជរដ្ឋាភិបាល ក្នុងការសម្រេចទិសដៅទាំងនេះ ក្រសួងអប់រំ យុវជន និងកីឡា ដែលមានលោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ជារដ្ឋមន្ត្រី បានខិតខំធ្វើការកំណែរទម្រង់ជាបន្តបន្ទាប់ នៅតាមវិទ្យាស្ថាន និងសាលារៀន ដោយបានចំណាយថវិកាអស់ជាច្រើន សំដៅធ្វើយ៉ាងណាក្នុងការចូលរួមអភិវឌ្ឍន៍នូវមូលធនមនុស្ស និងបណ្តុះធនធានមនុស្ស និងផលិតឱ្យបានគ្រូបង្រៀនដែលគុណវុឌ្ឍិ ក្លាយជាធនធានមនុស្សដ៏ពូកែ ក្នុងការស្តារ និងផលិតនូវធនធានមនុស្សដើម្បីសង្គមជាតិ។
ដើម្បីសម្គាល់ថា មនុស្សម្នាក់ដែលមានមូលធនមនុស្សគ្រប់គ្រាន់ គឺផ្អែកទៅលើ ៤ណុច រួមមាន៖ (១) ចំណេះដឹងសម្បទា គឺជាអ្នកដែលមានចំណេះដឹងពិតប្រាកដ (២) ចរិយាសម្បទា (៣) កាយសម្បទា (៤) ស្មារតីស្នេហាជាតិសម្បទា។
លោកស្រីបណ្ឌិត សឿ សុជាតា បានបន្ថែមថា ការបណ្តុះបណ្តាលធនធានមនុស្សនាពេលបច្ចុប្បន្ននេះ កំពុងដើរតួរយ៉ាងសំខាន់ ក្នុងផលិតធនធានមនុស្សប្រកបដោយគុណភាព និងចំណេះដឹងស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី ដែលបានយកចិត្តទុកដាក់ និងផ្តល់អតិភាពខ្ពស់លើវិស័យអប់រំផងដែរ។
សូមបញ្ជាក់ថា នៅក្នុងយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១, រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា នឹងបន្តរក្សាសន្តិភាព ស្ថិរភាព និងទ្រទ្រង់ដំណើរការវិវឌ្ឍន៍តទៅមុខ គឺឈរលើវិថីអភិវឌ្ឍប្រកដោយគុណភាព និងចីរភាព ក្នុងនោះសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ គឺឈក្នុងលំដាប់ទីមួយនៃការចំណាយ លើក្រសួងនិងស្ថាប័នផ្សេងៗ៕