(ហ៊្សេរុយសាឡិម)៖ ក្រុមបាតុករតវ៉ាជនជាតិអ៉ីស្រាអែល កាលពីថ្ងៃចន្ទសប្តាហ៍នេះ បាននាំគ្នារារាំងរថយន្តដឹកជំនួយមនុស្សធម៌ ឆ្ពោះទៅកាន់តំបន់ហ្កាហ្សា ដោយគាស់យកកញ្ចប់ស្បៀងអាហារទៅចោលនៅតាមផ្លូវ ខណៈវាជាឧប្បត្តិហេតុថ្មីមួយកើតមានឡើង ខណៈដែលអ៉ីស្រាអែល សន្យាអនុញ្ញាតឱ្យមាន ការផ្គត់ផ្គង់ជំនួយមនុស្សធម៌ ដោយគ្មានការរំខានសម្រាប់តំបន់ហ្កាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ ២០២៤។
បើតាមមេធាវីតំណាងឱ្យក្រុមបាតុករ មនុស្ស ៤នាក់ រួមទាំងអនីតិជនម្នាក់ត្រូវបានចាប់ខ្លួន នៅចំណុចត្រួតពិនិត្យនៃទីក្រុង Tarqumiya ភាគខាងលិចតំបន់ Hebron ជាកន្លែងដែលអ៉ីស្រាអែលកាន់កាប់ក្នុងតំបន់ West Bank។ សេចក្តីថ្លែងការណ៍មួយពីក្រុម Order 9 ដែលដឹកនាំការធ្វើបាតុកម្ម បានឱ្យដឹងថា ជំនួយដែលប្រទេសអ៉ីស្រាអែលបញ្ជូនទៅ នឹងទៅដល់ដៃក្រុមហាម៉ាស។ ដរាបណា អ៉ីស្រាអែល ផ្តល់អំណោយដល់ក្រុមហាម៉ាស រួមជាមួយលទ្ធភាពនៃការគ្រប់គ្រងទាំងស្រុងលើតំបន់ហ្គាហ្សា តាមរយៈសិទ្ធិកាន់កាប់ការចែកចាយជំនួយទាំងនោះ ហាម៉ាស់នឹងមិនមានការចាប់អារម្មណ៍លើកិច្ចព្រមព្រៀង ដែលនឹងនាំយកចំណាប់ខ្មាំងជាង ១០០នាក់ត្រលប់មកវិញឡើយ។
គួរបញ្ជាក់ថា អ៉ីស្រាអែល បាននិងកំពុងប្រឈមមុនឹងសម្ពាធជាអន្តរជាតិ ឱ្យបង្កើនលំហូរជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា ខណៈដែលសហគមអន្តរជាតិព្រមានថា វិបត្តិមនុស្សធម៌ធ្ងន់ធ្ងរកំពុងគំរាមកំហែងដល់ភាគច្រើននៃប្រជាជនជាង ២លាននាក់នៅទីនោះ៕