ប្រធានតុលាការកំពូល ចូលរួមជាអធិបតីក្នុងពិធីទទួលស្វាគមន៍និងពិសារភោជនាហារ ជាមួយភ្ញៀវកិត្តិយសអន្តរជាតិ

Posted By: RoogRog Robot | 10-May-2024 18:41:10

2024-05-10 05:37pm

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ គណៈមេធាវីនៃកម្ពុជា បានរៀបចំពិធីទទួលស្វាគមន៍និងពិសារភោជនាហារ( Diner Reception)ជូនភ្ញៀវកិត្តិយសអន្តរជាតិដែលជាប្រតិភូមេធាវីចំនួន១២ប្រទេស ដែលមកចូលរួមសន្និសីទអន្តរជាតិក្រោមប្រធានបទ <<ការចែករំលែកឧត្តមានុវត្តន៍ដើម្បីផ្តល់ជំនួយផ្នែកច្បាប់កាន់តែមានប្រសិទ្ធភាពនៅអាស៊ី>> នៅកម្ពុជា។

ក្នុងកម្មវិធីដ៏ឧឡារិកនេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសដ៏ខ្ពង់ខ្ពស់ ទទួលបានការអញ្ជើញចូលរួមជាអធិបតីនិងថ្លែងសន្ទរកថាបិទ ដោយលោកបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា និងដោយមានលោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ឈីវ ភិរម្យ តំណាងក្រសួងយុត្តិធម៌ ចៅក្រម ព្រះរាជាអាជ្ញា ព្រមទាំងថ្នាក់ដឹកនាំនិងបុគ្គលិកនៃគណៈមេធាវីចូលរួមផងដែរ។

ថ្លែងក្នុងពិធីនេះ លោកបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូលបានជម្រាបជូនភ្ញៀងអន្តរជាតិអំពី រដ្ឋធម្មនុញ្ញដែលបាន ការបែងចែកអំណាចទាំងបីដាក់ពីគ្នា ដែលអំណាចតុលាការជាអំណាចឯករាជ្យ និងធានារក្សាអនាគតិ និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដោយត្រូវបានបែងចែកជា សាលាជម្រះក្តីជាន់ទាប មានសាលាដំបូងរាជធានី ខេត្ត និងសាលាជម្រះក្តីជាន់ខ្ពស់មាន សាលាឧទ្ធរណ៍ និងតុលាការកំពូល។ លោកបណ្ឌិតបានកោតសរសើរ និងអរគុណដល់គណៈមេធាវី ប្រធានគណៈមេធាវីគ្រប់អាណត្តិ ជាពិសេស លោក លី ច័ន្ទតុលា ដែលបាន និងបន្តបេសកកម្មផ្តល់ជំនួយផ្នែកច្បាប់យ៉ាងមានប្រសិទ្ធភាព។

ក្នុងនាមជាសហប្រធាន នៃ គណៈកម្មាធិការ ដឹកនាំកែទម្រង់ ប្រព័ន្ធយុត្តិធម៌ ដែលជាយន្តការដើម្បី ជំរុញ និង គាំទ្រ ដល់ កិច្ចការ កែទម្រង់ ប្រព័ន្ធយុត្តិធម៌នោះ កិច្ចការនៃការផ្តល់ជំនួយផ្នែកច្បាប់ នៅតែជាទិសដៅអាទិភាពនៃកិច្ចការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ស្របតាម គោលនយោបាយរបស់រាជរដ្ឋាភិបាលគ្រប់អាណត្តិ ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រក្នុងការពង្រឹងគោលការណ៍នីតិរដ្ឋ ការពង្រឹងការប្រយុទ្ធប្រឆាំងអំពើបំពាន ដោយអយុត្តិធម៌ ក្នុងសង្គម និងការលើកកម្ពស់ការគោរពច្បាប់ និងការផ្តល់ សេវាជំនួយ ផ្នែក ច្បាប់ដល់ប្រជាពលរដ្ឋក្រីក្រ និងជន ងាយ រង គ្រោះ។

ស្របតាមយុទ្ធសាស្ត្រនេះ កម្ពុជាបានបង្កើតនូវក្រុមជំនួយផ្នែកច្បាប់ជាច្រើនដូចជា ក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោសែន, ក្រុមមេធាវីរបស់រាជរដ្ឋាភិបាល, ក្រុមមេធាវីការពារស្រ្តី, ក្រុមមេធាវីស្ម័គ្រចិត្តរបស់ក្រសួងយុត្តិធម៌, ក្រុមមេធាវីស្ម័គ្រចិត្តរបស់គណៈមេធាវីកម្ពុជា, ក្រុមមេធាវី ស្ម័គ្រចិត្តរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាដើម។ លោកបណ្ឌិតក៏បានអបអរសាទរនិងស្វាគមន៍ភ្ញៀវកិត្តិយសអន្តរជាតិទាំងអស់ដែលបានធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសន្និសីទអន្តរជាតិ ដែលរៀបចំដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ និងបានជូនពរឲ្យសន្និសីទអន្តរជាតិស្តីពីជំនួយផ្នែកច្បាប់នាពេលនេះ ប្រព្រឹត្តទៅដោយរលូន ជោគជ័យ ប្រកបដោយភាតរភាព៕



















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...