មន្ត្រី៦៧១រូបរបស់រដ្ឋបាលខណ្ឌឬស្សីកែវ ចូលរួមធ្វើតេស្តរកសារធាតុញៀន តែលទ្ធផលអវិជ្ជមានទាំងអស់

Posted By: RoogRog Robot | 10-May-2024 15:38:36

2024-05-10 02:30pm

(ភ្នំពេញ)៖ មន្ត្រីរាជការស៊ីវិល ទាំងមន្ត្រីក្របខ័ណ្ឌ និងមន្ត្រីជាប់កិច្ចសន្យាសរុបចំនួន៦៧១រូប (ស្រី២៤១) នៃរដ្ឋបាលខណ្ឌឬស្សីកែវ មិនមានផ្ទុកសារធាតុញៀនឡើយ សូម្បីតែម្នាក់បន្ទាប់ពីទទួលបានការពិនិត្យទឹកនោម ដើម្បីស្វែងរកសារធាតុញៀននៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។

លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ បានប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ថា សម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេស មន្រ្តីសាលាខណ្ឌទាំង៦៧១នាក់ បានចូលរួមធ្វើតេស្តទឹកនោមដើម្បីស្វែងរកសារធាតុញៀន តែលទ្ធផលមិនមានមន្រ្តីណាម្នាក់រកឃើញនោះទេ។ លោកថា យុទ្ធនាការនេះ ធ្វើឡើងក្រោយពីទទួលបានការណែនាំ និងជំរុញយ៉ាងយកចិត្តទុកដាក់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្របតាមវិធានការដ៏ម៉ឺងម៉ាត់ និងមុតស្រួចប្រកបដោយគតិបណ្ឌិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

លោក ជិន ប៊ុនធឿន បានលើកឡើងថា នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិនេះ បើក្នុងករណីរកឃើញមានមន្ត្រីណា មានសារធាតុញៀនក្នុងខ្លួន ក្នុងចំណោមមន្ត្រីទាំងអស់ ប្រាកដជាត្រូវបណ្តេញចេញពីក្របខ័ណ្ឌ ដោយគ្មានការលើកលែងនោះទេ។

លោកអភិបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា <<តាមជាក់ស្ដែង និងបន្ទាប់ពីទទួលបានការពិនិត្យទឹកនោម ដើម្បីស្វែងរកសារធាតុញៀន លើមន្ត្រីក្របខ័ណ្ឌ និងមន្ត្រីជាប់កិច្ចសន្យាសរុបចំនួន៦៧១រូប (ស្រី២៤១) នៃរដ្ឋបាលខណ្ឌឬស្សីកែវ យ៉ាងយកចិត្តទុកដាក់ពីមន្ត្រីជំនាញ ឃើញថាមិនមានផ្ទុកសារធាតុញៀនឡើយ សូម្បីតែម្នាក់គ៏គ្មានដែរ ពោលគឺល្អ១០០%>>។

សូមរំលឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញបទបញ្ជាមួយ ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយតម្រូវ៖

*ទី១៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែលស្ថិតក្រោមឱវាទរបស់ខ្លួនលើការប្រើប្រាស់ គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

*ទី២៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែងចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណា ដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

*ទី៣៖ ការអនុវត្តទណ្ឌកម្មខាងវិន័យនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌ ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានឡើយ៕


























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...