រដ្ឋបាលខេត្តកែប អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨​ ទិវាពលកម្មអន្តរជាតិ ១ឧសភា

Posted By: RoogRog Robot | 10-May-2024 15:38:36

2024-05-10 02:34pm

(កែប​)៖​ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដឹកនាំមន្ត្រីរាជការកងកម្លាំង អាជ្ញាធរ តំណាងនិយោជក និយោជិត កម្មករ កម្មការិនី នៅតាមសហគ្រាស គ្រឹះស្ថាននានាក្នុងខេត្តកែបជាង៣០០នាក់ ចូលរួមប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី១៣៨​ ទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ <<សហគ្រាសមួយ ជាសហគមន៍សុខសាន្ដមួយ>> ដែលរៀបចំដោយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០៤ នៅសាលប្រជុំសាលាខេត្តកែប។

លោក ស្រី សាម៉ន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានបញ្ជាក់ថា ទិវាពលកម្មអន្តរជាតិ ១ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃចលនាកម្មករអន្តរជាតិ ដែលចាប់ផ្តើមនាឆ្នាំ១៨៨៦ ក្នុងគោលបំណងធ្វើ ឲ្យប្រសើរឡើងនូវស្ថានភាពនៃលក្ខខ័ណ្ឌការងារ និងជីវភាពរស់នៅរបស់ប្រជាពលករ។

ដោយឡែកនៅកម្ពុជា ទិវាពលកម្មអន្តរជាតិ ១ ឧសភា ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ១៩៧៩ ហើយមកដល់បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានកំណត់យកថ្ងៃទី ១ ឧសភា ជាថ្ងៃបុណ្យការងាររបស់ពលករកម្ពុជា និងជាថ្ងៃឈប់សម្រាករបស់មន្ត្រីរាជការ កម្មករ និយោជិតទាំងអស់ ដូចជាថ្ងៃបុណ្យជាតិ បុណ្យប្រពៃណី និងបុណ្យអន្តរជាតិនានាផងដែរ។

នាឱកាសនោះ លោកអភិបាលខេត្ត សោម ពិសិដ្ឋ បានអានសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ដែលមានខ្លឹមសារ សម្តែងនូវក្តីសោមនស្សរីករាយ ចូលរួមអបអរសាទរជាមួយបងប្អូនកម្មករ និយោជិត និយោជក និងជនរួមជាតិទាំងអស់។

សារលិខិតក៏បានគូសបញ្ជាក់ថា <<រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបានប្រសូត្រចេញពីការបោះឆ្នោត ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងមានតម្លាភាព ក៏ដូចជាក្នុងនីតិកាលកន្លងមក បានបន្តផ្តោតការយកចិត្តទុកដាក់ លើអាទិភាព ជាចម្បងក្នុងការបង្កើតការងារកាន់តែប្រសើរជូនប្រជាពលរដ្ឋ ជាពិសេស សម្រាប់យុវជន ដែលគិតត្រឹម ខែមីនា ឆ្នាំ២០២៤ មានយុវជនចំនួន ៣៤,២៦៧នាក់ (ស្រី ៩,៦០៦នាក់) កំពុងទទួលបានការ បណ្ដុះបណ្ដាល ក្នុងនោះចំនួន ១៦,២៦៧នាក់ (ស្រី ២, ២២៣នាក់) កំពុងទទួលបានការបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈកម្រិត១>>។

រាជរដ្ឋាភិបាល បានខិតខំ លើកកម្ពស់សិទ្ធសេរីភាពអង្គការវិជ្ជាជីវៈ ស្រមតាមច្បាប់ស្ដីពីការងារ ច្បាប់ស្ដីពីសហជីព ច្បាប់ស្ដីពីរបបសន្ដិសុខសង្គម ច្បាប់ស្ដីពីប្រាក់ស្នួលអប្បបរមា និងលិខិតបទដ្ឋានការងារអន្ដរជាតិនានា។ លោកអភិបាលខេត្ត បន្តថា គិតត្រឹមខែមីនា ឆ្នាំ២០២៤ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះបញ្ជីការអង្គការវិជ្ជាជីវៈ សរុបចំនួន ៦,៣១៧ ក្នុងនោះសហភាពសហជីព មានចំនួន ៤២, សហព័ន្ធសហជីព មានចំនួន ២៨០, សហជីពមូលដ្ឋាន មានចំនួន ៥,៩៨៣ និងសមាគមនិយោជកមានចំនួន១២។

ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានកោតសរសើរ ចំពោះមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ដែលបានរួមសហការល្អជាមួយស្ថាប័នពាក់ព័ន្ធនានា ធ្វើការផ្សព្វផ្សាយ អប់រំ ជាប្រចាំដល់និយោជក និយោជិត កម្មករ កម្មការិនី ឲ្យបានយល់ច្បាស់ពីច្បាប់ ស្តីពីការងារ បង្ការទប់ស្កាត់ វិវាទការងារ និងបង្កើតឡើងនូវភាពយោគយល់គ្នាក្នុងទំនាក់ទំនងវិជ្ជាជីវៈ រវាងភាគីពាក់ព័ន្ធទាំងអស់។

លោកបានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ជៀសអោយឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ខិតខំប្រកបរបរទទួលទាន លើកកម្ពស់ជីវភាពរស់នៅ​ និងពង្រឹងជំនាញវិជ្ជាជីវៈ ពីព្រោះការងារគឺជាកត្តាគន្លឹះកំណត់នូវ កម្រិតជីវភាព និងជាមធ្យោបាយ ដ៏មានប្រសិទ្ធិភាពក្នុងការកាត់បន្ថយភាពក្រីក្រ។ ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានជូនវត្ថុអនុស្សាវរីយ៍ មានសារុង ម្នាក់១ និងថវិកាមួយចំនួន ដល់អ្នកចូលរួមទាំងអស់ផងដែរ៕























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...