សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកវិនិយោគត្រូវរួមគ្នាគោរពនូវអនុលោមភាព ដើម្បីធានាសណ្តាប់ធ្នាប់ និងភាពប្រកួតប្រជែង (Video inside)

Posted By: RoogRog Robot | 09-May-2024 19:58:23

2024-05-09 06:57pm

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ប្រកាសបើកឲ្យដំណើរការជាផ្លូវការ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាអាហារសាមគ្គី នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដាំផ្ញើដល់អ្នកវិនិយោគទាំងអស់ ត្រូវគោរពនូវអនុលោមភាព ដើម្បីធានាដល់សណ្ដាប់ធ្នាប់ក្នុងការរកស៉ី និងភាពប្រកួតប្រជែង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវការយល់ឃើញទៀតថា ដើម្បីធានាបាននូវអនុលោមភាពនេះ ក៏ទាមទារឲ្យមានការចូលរួមយ៉ាងស្អិតរមួតរវាងវិស័យឯកជន ជាមួយរាជរដ្ឋាភិបាល សំដៅបង្កើតបាននូវភាពជឿទុកចិត្តគ្នាទៅវិញទៅមក ទាំងវិស័យឯកជន និងវិស័យឯក ទាំងស្ថាប័នរដ្ឋ ជាមួយស្ថាប័នរដ្ឋ។

សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា <<នៅក្នុងធុរកិច្ច ទាល់តែវិស័យឯកជនចូលរួមជាមួយរាជរដ្ឋាភិបាលទើបទៅរួច ដោយត្រូវរួមគ្នាពង្រឹងអនុលោមភាព មានន័យថា គ្រប់គ្នាត្រូវស្រុះគ្នាអនុវត្តទៅតាមគោលការណ៍ដែលយើងបានឯកភាពគ្នា ដើម្បីឲ្យយើងប្រកួតប្រជែងមិនហត់ អាចធ្វើផែនការដោយងាយស្រួល បង្កើតភាពទុកចិត្តរវាងរដ្ឋ និងរដ្ឋ រវាងវិស័យឯកជន និងវិស័យឯកជន>>។

បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, សម្រាប់សមាគមដែលបានបង្កើតឡើងនៅទៀតសោទ នៅពេលដាក់ចេញគោលការណ៍រួមហើយនោះ គ្រប់សមាជិកទាំងអស់ត្រូវតែអនុវត្តឲ្យបានព្រមៗគ្នា និងត្រឹមត្រូវតាមអ្វីដែលបានកំណត់ ដើម្បីធានានូវនិរន្ដ៍ភាពរបស់សមាគម ព្រោះមិនដូច្នេះទេសមាគមនោះនឹងបែកបាក់ជាក់ជាមិនខានឡើយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងទៀតថា ប្រសិនបើសមាគមមួយ គ្រប់សមាជិកទាំងអស់អនុវត្តតាមព្រមៗគ្នា នោះអ្នកដែលចូលតាមក្រោយក៏ងាយស្រួលក្នុងការបំពេញកិច្ចការងារ ដោយហេតុថា មានបទដ្ឋានមួយច្បាស់លាស់។ សម្ដេចធិបតី បានប្រៀបការអនុវត្តន៍ និងគោរពអនុលោមភាព ប្រៀបដូចជាការគោរពច្បាប់ចរាចរណ៍ ដើម្បីសម្រួលដល់ការធ្វើដំណើរបានទាំងអស់គ្នា ធានាមិនឲ្យមានគ្រោះថ្នាក់ចរាចរណ៍។

ត្រង់ចំណុចអនុលោមភាពនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានទាញចំណាប់អារម្មណ៍ថា កន្លងទៅគ្រាន់តែលឺពាក្យអនុលោមភាពនេះ អ្នកវិនិយោគហាក់សម្ដែងនូវការព្រួយបារម្ភ ហើយថែមទាំងចាត់ទុកស្ថាប័នរដ្ឋប្រៀបដូចជាឆ្មា ចាំតែចាប់កណ្ដុរ ពោលស្ថាប័នរដ្ឋចាំតែចាប់កំហុស វិស័យឯកជនតែប៉ុណ្ណោះ។

សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល បានពន្យល់ថា ដើម្បីធានានិរន្ដរ៍ភាពនៃការធ្វើធុរកិច្ច មិនអាចត្រឹមតែស្ថាប័នរដ្ឋចាំតែចាប់កំហុសនោះទេ ពោលស្ថាប័នរដ្ឋត្រូវតែមានតួនាទីគាំទ្រ មិនមែនគ្រាន់តែចាំផាកពិន័យនោះទេ។ សម្ដេចធិបតី មិនចង់លឺពាក្យ រដ្ឋចាំតែផាក ចាំតែចាប់នោះទេ ផ្ទុយទៅវិញ សម្ដេចចង់បានភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ដើម្បីបំពេញឲ្យគ្នាទៅវិញទៅមក។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា វិស័យឯកជន និងស្ថាប័នរដ្ឋ ត្រូវតែរួមគ្នាបង្កើតនូវបរិយាកាសវិនិយោគមួយប្រកបដោយភាពទាក់ទាញ និងប្រកួតប្រជែង ហើយប្រែក្លាយកម្ពុជាទៅជាប្រទេសមួយដែលវិនិយោគិនចង់មករកស៉ីបណ្ដាក់ទុន សំដៅជំរុញឲ្យវិស័យឯកជន កាន់តែមានការរីកចម្រើនបន្ថែមទៀត៕


















































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...