សប្តាហ៍ក្រោយសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅកូរ៉េ ហើយខែក្រោយអញ្ជើញទៅសិង្ហបុរី ដែលនឹងមានជំនួបច្រើនជាមួយអ្នកវិនិយោគ និងអ្នកធ្វើធុរកិច្ច (Video inside)

Posted By: RoogRog Robot | 09-May-2024 18:46:50

2024-05-09 06:43pm

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សប្តាហ៍ក្រោយសម្តេចនឹងអញ្ជើញទៅកូរ៉េខាងត្បូង ហើយខែក្រោយទៅសិង្ហបុរី ដែលនឹងមានជំនួបច្រើនជាមួយអ្នកវិនិយោគ និងអ្នកធ្វើធុរកិច្ច។

សម្តេចថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញ​ជាអធិបតីប្រកាសបើកឱ្យដំណើរការជាផ្លូវការ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាអាហារសាមគ្គី នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា នយោបាយការទូតសេដ្ឋកិច្ច គឺជាកិច្ចការដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលថ្មី។ ការធ្វើធុរកិច្ច អត់មានជាប់និន្នាការនយោបាយនោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា <<ទាក់ទងទៅនឹងការវិនិយោគក្រៅប្រទេស ក្នុងរយៈពេលប៉ុន្មានខែនេះ ប្រហែលជាឮញឹកហើយនូវពាក្យទាក់ម៉ូយ។ ពាក់នេះដែលខ្ញុំប្រើ ហើយបងប្អូនមួយចំនួន បានបន្តប្រើប្រាស់ សូម្បីតែវិស័យឯកជនដែលទៅជាមួយខ្ញុំក៏ប្រើដែរ [...] ពាក្យថាទាក់ម៉ូយ គឺដើម្បីទាញអ្នកវិនិយោគមកកម្ពុជា មកពិនិត្យមើលឱ្យស្គាល់កម្ពុជា មកសម្រេចចិត្តក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីជួយជំរុញសេដ្ឋកិច្ចជាតិ។ សប្តាហ៍ក្រោយ ខ្ញុំទៅកូរ៉េខាងត្បូង និងមានការជួបវិស័យឯកជននៅទីនោះ ខែក្រោយខ្ញុំទៅសិង្ហបុរី ទស្សកិច្ចផ្លូវការ ក៏នឹងបន្តទាក់ទាញបន្តទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដែរថា ការជំរុញធុរកិច្ច ងាយស្រួលជាងការទូត និងនយោបាយ។ នយោបាយទាក់ម៉ូយរបស់សម្តេច មិនមែនបានតែខ្យល់នោះទេ គឺបានលទ្ធផលជាក់ស្តែង។

គិតត្រឹមខែមេសា ឆ្នាំ២០២៤ កម្ពុជាបានអនុម័តលើគម្រោងវិនិយោគថ្មី និង គម្រោងពង្រីកផលិតកម្មសរុបចំនួន១២៨ ដែលមានទុនវិនិយោគសរុបជាង ២.៥ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានជាង ១៣០ ពាន់កន្លែង ហើយបើតាមការថ្លែងរបស់សម្តេចធិបតី នេះជាលទ្ធផលខិតខំប្រឹងប្រែង៨ខែមកនេះ។ ម្សិលមិញនេះ សម្តេចបានចុះហត្ថលេខាអនុម័តលើគម្រោងធំៗចំនួន១៤ ជាមួយទុនវិនិយោគ ៤៨០លានដុល្លារផងដែរ។

សូមជម្រាបថា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ លោក ប្រាក់ សុខុន អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចុះហត្ថលេខាដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ដែលមានគោលបំណងចំនួន ៤ រួមមានការជំរុញពាណិជ្ជកម្មអន្តរជាតិ ការទាក់ទាញការវិនិយោគទុនផ្ទាល់ពីបរទេស ការលើកកម្ពស់វិស័យទេសចរណ៍ និងការជំរុញការផ្លាស់ប្តូរវប្បធម៌ បូករួមទាំងការផ្សព្វផ្សាយពីមុខម្ហូបខ្មែរផងដែរ។

នៅក្នុងប្រការ ២ នៃលិខិតដែលបានចុះហត្ថលេខាដោយ លោក ប្រាក់ សុខុន នោះ បានចែងថា <<ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះអង្គភាពចំណុះទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស>>។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសពង្រឹងការទូតសេដ្ឋកិច្ច ព្រោះសេដ្ឋកិច្ចជាអាយុជីវិតរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិ៕


















































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...