សមាគមហិរញ្ញវត្ថុចំនួន២ សហការជាមួយរដ្ឋបាលខេត្តរតនគិរី ផ្សព្វផ្សាយពីសេវាធនាគារ និងហិរញ្ញវត្ថុផ្លូវការ​

Posted By: RoogRog Robot | 09-May-2024 14:59:16

2024-05-09 02:39pm

(រតនគិរី)៖ លោក ងិន ណែល អភិបាលរងខេត្ត តំណាងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាថ្នាក់ខេត្ត ស្តីពីការផ្សព្វផ្សាយសេវាធនាគារ និងហិរញ្ញវត្ថុផ្លូវការ ក្នុងខេត្តរតនគិរី ដែលបានរៀបចំដោយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

សិក្ខាសាលានេះ មានការចូលរួមពីសំណាក់តំណាងសាខាធនាគាជាតិនៃកម្ពុជាខេត្តរតនគិរី, តំណាងនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ, តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត, លោក លោកស្រី ចៅសង្កាត់ ចៅសង្កាត់រង មេឃុំជំទប់ឃុំ អធិការ មេប៉ុស្តិ៍ មេភូមិ និង លោក លោកស្រី តំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលផ្តល់សេវាធនាគារ និងហិរញ្ញវត្ថុ ក្នុងខេត្តរតនគិរីជាច្រើនរូបទៀតផងដែរ។

លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងថា សិក្ខាសាលាថ្នាក់ខេត្ត ស្តីពីការផ្សព្វផ្សាយសេវាធនាគារ និងហិរញ្ញវត្ថុផ្លូវការក្នុងខេត្តរតនគិរីនាពេលនេះ មានគោលបំណងសំខាន់ៗចំនួន៤ ដូចជាទី១៖ ផ្សព្វផ្សាយពីបច្ចុប្បន្នភាព និងទិសដៅនៃការផ្តល់សេវាធនាគារ និងហិរញ្ញវត្ថុផ្លូវការ។ ទី២៖ ចូលរួមទប់ស្កាត់ការផ្តល់កម្ចីក្រៅផ្លូវការ។ ទី៣៖ ពិគ្រោះយោបល់ និងស្វែងរកដំណោះស្រាយ ដើម្បីពង្រឹងការផ្តល់ និងទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងទី៤៖ បញ្រ្ជាបការយល់ដឹងពីអត្ថប្រយោជន៍នៃការប្រើប្រាស់សេវាហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន។

លោកស្រីបន្តថា សម្រាប់ខេត្តរតនគិរី មានប្រជាជនសរុបប្រមាណ ២០ម៉ឺននាក់ ក្នុងនោះប្រជាជនពេញវ័យអាយុចាប់ពី ១៨ឆ្នាំមានប្រមាណ ១១ម៉ឺននាក់។ ប្រជាជនក្នុងខេត្តរតនគិរី បានទទួលសេវាហិរញ្ញវត្ថុផ្លូវការប្រមាណ ៦៥% នៃប្រជាជនពេញវ័យសរុប តាមរយៈគ្រឹះស្ថានធនាគា និងហិរញ្ញវត្ថុផ្លូវការចំនួន១៩ និងមានសមតុល្យឥណទានសរុបប្រមាណជា ២,០០៩ ប៊ីលានរៀល។ នេះសបញ្ជាក់ថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បានពង្រីកប្រតិបត្តការរបស់ខ្លួន ផ្តល់សេវាផ្លូវការដល់ទីជនបទ ជាពិសេសបងប្អូនជនជាតិភាគតិច និងកំណើនសេដ្ឋកិច្ចជាតិ។

លោក តូច ចៅចេក សមាជិកក្រុមប្រឹក្សាភិបាល សមាគមធនាគារនៅកម្ពុជា ក៏បានលើកឡើងផងដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជាបានរងផលប៉ះពាល់ និងជួបកត្តាប្រឈមជាសកលផ្សេងៗ ដូចជាវិបត្តិកូវីដ-១៩ សង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន ការកើនឡើងអតិផរណា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្មរវាងអាមេរិក-ចិន និងជម្លោះរវាង អ៊ីស្រាអែល និងក្រុមហាម៉ាស់ជាដើម។ កត្តាប្រឈមទាំងអស់នេះ បានជះឥទ្ធិពលដោយផ្ទាល់ និងប្រយោលមកលើវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាផងដែរ។

ទោះជាយ៉ាងនេះ ក្តីឆ្លងកាត់កត្តាប្រឈមទាំងអស់នេះ វិស័យធនាគារនៅកម្ពុជានៅតែបង្ហាញភាពរឹងមាំ ភាពធន់ ក្នុងការចូលរួមដោះស្រាយ និងទប់ទល់ទៅនឹងកត្តាប្រឈមទាំងអស់នោះ។ ជាក់ស្តែងក្នុងកំឡុងពេលវិបត្តិជំងឺកូវីដ-១៩ វិស័យធនាគារ និងហិរញ្ញវត្ថុ មិនត្រឹមតែគាំទ្រ និងជួយខ្លួនឯងឱ្យរួចផុតពីវិបត្តិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចាក់បញ្ចូលទុន ទៅក្នុងសកម្មភាពសេដ្ឋកិច្ច ជាពិសេសជួយដល់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងចូលរួមដោះស្រាយបន្ទុករបស់ប្រជាពលរដ្ឋ តាមរយៈការរៀបចំឥណទានឡើងវិញជាដើម។

លោក ងិន ណែល បានលើកឡើងអំពីគុណតម្លៃសន្តិភាព ដែលជំរុញឱ្យមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ រួមទាំងវិស័យធនាគារ និងបានលើកឡើងអំពីប្រវត្តិនៃការកសាងឡើងវិញ នៃវិស័យធនាគារ និងតួនាទីយ៉ាងសំខាន់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ជូនប្រជាពលរដ្ឋនៅតាមតំបន់ជនបទ ដើម្បីបង្កើត និងពង្រីកអាជីវកម្មរបស់ខ្លួន ព្រមទាំងបានជំរុញឲ្យប្រជាពលរដ្ឋប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ និងត្រូវមានការប្រុងប្រយ័ត្ន ចំពោះការឆបោកផ្នែកហិរញ្ញវត្ថុ។

លោកអភិបាលរងខេត្តក៏បានបញ្ជាក់បន្ថែមថា វិស័យធនាគារ និងហិរញ្ញវត្ថុ នៅខេត្តរតនគិរី បានរួមចំណែកយ៉ាងសកម្ម ក្នុងការលើកស្ទួយកម្រិតជីវភាពរស់នៅ របស់ប្រជាជននៅទូទាំងខេត្ត មិនថានៅទីរួមខេត្ត ក្រុង ស្រក ឃុំ ភូមិ ហើយជាពិសេសការផ្តល់សេវាហិរញ្ញវត្ថុ ជូនដល់បងប្អូនជនជាតិភាគតិចផងដែរ៕




















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...