ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ចូលរួមជាមួយមេដឹកនាំសាសនាមកពី៦០ប្រទេស ដើម្បីប្រជុំផ្លាស់ប្តូរបទពិសោធន៍ដើម្បីលើកកម្ពស់សន្តិភាព និងសុខដុមនីយកម្មអន្តរសាសនា

Posted By: RoogRog Robot | 08-May-2024 22:09:24

2024-05-08 09:04pm

(ម៉ាឡេស៉ី)៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទមេដឹកនាំសាសនាអន្តរជាតិ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលរៀបចំដោយ រាជរដ្ឋាភិបាលម៉ាឡេស៊ី សហការជាមួយអង្គការសម្ព័ន្ធពិភពឥស្លាម។

ពិធីនេះត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាពលោក DATO'S SERI ANWAR IBRAHIM នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី, លោកបណ្ឌិត មហាំម៉ាត់ អាល់ឌុលការីម អាល់អ៊ីសា អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម (MWL), លោក Dato Haji Mohd Na’Im Mokhtar រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការឥស្លាម ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងសម្តេចព្រះសង្ឃរាជទាំងពីរគណៈនៅកម្ពុជា គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា មេដឹកនាំឥស្លាមសាសនា ព្រះពុទ្ធសាសនា គ្រឹស្តសាសនា ហិណ្ឌូសាសនា មកពី៦០ប្រទេស នៅជុំវិញពិភពលោក សរុប១,៥០០នាក់ ក្នុងគោលបំណងដើម្បីលើកកម្ពស់សន្តិភាព សុខដុមនីយកម្ម សាមគ្គីភាពក្នុងភាពចម្រុះ ក្នុងចំណោមមេដឹកនាំសាសនាជុំវិញពិភពលោក។

សូមបញ្ជាក់ថា នេះជាលើកទីមួយហើយ ដែលតំណាងសម្តេចព្រះសង្ឃរាជទាំងពីរគណៈនៅកម្ពុជា ត្រូវបានអង្គការសម្ព័ន្ធពិភពឥស្លាម បានអញ្ជើញមកចូលរួមកម្មវិធីមេដឹកនាំសាសនាអន្តរជាតិដ៏ធំ និងមានសារៈសំខាន់មួយនេះ។

នៅក្នុងសន្និសីទខាងលើ មេដឹកនាំសាសនាជាច្រើនរូប បានថ្លែងផ្លាស់ប្ដូរមតិយោបល់ ចែករំលែកបទពិសោធន៍ និងស្វែងរកមធ្យោបាយសម្រាប់កិច្ចសហការ រវាងមេដឹកនាំសាសនា អ្នកប្រាជ្ញ អ្នកដឹកនាំសហគមន៍ និងអ្នកនយោបាយ ដើម្បីឈានទៅសម្រេច បាននូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនា សម្រាប់ពិភពលោក។

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់បំផុត អំពីបញ្ហាសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដែលជាហេតុធ្វើឲ្យកម្ពុជា គ្មានជម្លោះជាតិសាសន៍ សាសនា និងការរើសអើងនោះទេ។ កម្ពុជាបានទទួលការកោតសរសើរ ពីបណ្តាប្រទេសនៅជុំវិញពិភពលោក និងជាគម្រូសម្រាប់បណ្តាប្រទេសដទៃទៀតរៀនសូត្រផងដែរ។

លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជា ជាប្រទេសដែលប្រកាន់យកសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ ក្នុងនោះមានអ្នកកាន់សាសនាព្រះពុទ្ធប្រមាណ៩៣ភាគរយ សាសនាឥស្លាម៥ភាគរយ និងសាសនាផ្សេងៗទៀត ២ភាគរយ ប៉ុន្តែគ្រប់សាសនាទាំងអស់ រស់នៅជាមួយគ្នា ប្រកបដោយសុខដុមរមនា ព្រោះនេះជាផ្នែកមួយនៃសុខសន្តិភាព និងការអភិវឌ្ឍ។

នៅចុងបញ្ចប់នៃសន្និសីទនេះ ត្រូវបានគេសន្និដ្ឋានថា នេះជាវេទិកាពិសេសមួយសម្រាប់អ្នកដឹកនាំសាសនា និងអ្នកពាក់ព័ន្ធដើម្បីចូលរួមក្នុងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការប្រកបដោយអត្ថន័យ តាមរយៈការឱបក្រសោបនូវភាពចម្រុះ និងជំរុញការគោរពគ្នាទៅវិញទៅមក ក្រោមការណែនាំរបស់មេដឹកនាំ ដូចជាលោកបណ្ឌិត Shaik Mohammed Abdulkareem Al-Essa អគ្គលេខាធិការ នៃអង្គការសម្ព័ន្ធពិភពឥស្លាម ដែលបានត្រួសត្រាយផ្លូវសម្រាប់មេដឹកនាំសាសនា ក្នុងការរួមរស់ដោយសន្តិភាព និងសុខដុមរមនាទាំងក្នុងប្រទេសម៉ាឡេស៊ី និងទូទាំងពិភពលោក។

ស្របពេលកម្ពុជាជាប្រទេស ដែលមានសុខសន្តិភាព ជាពិសេសទៀតនោះ គឺមានសុខដុមនីយកម្ម ជាតិសាសន៍ និងសាសនា អង្គការសម្ព័ន្ធពិភពឥស្លាម ក៏គ្រោងនឹងរៀបចំសិន្នសីទអន្តរជាតិ ស្តីពីសន្តិភាព និងសុខដុមនីយកម្មនៅកម្ពុជា នាពេលខាងមុខឆាប់ៗនេះ បន្ទាប់លោកបណ្ឌិត អូស្មាន ហាស្សាន់ បានលើកសំណើស្នើសុំ អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម កាលពីខែកុម្ភៈកន្លងទៅនៅទីក្រុងសារ៉ាយ៉េវ៉ូ ប្រទេសបូស្នៀ និងហ៊េកហ្ស៊ីហ្គូវីណា ដើម្បីផ្សព្វផ្សាយអំពីសុខសន្តិភាព និងសុខដុមរមនីយកម្ម ដល់ប្រទេសបណ្តាប្រទេសផ្សេងៗទៀត។

សូមជម្រាបថា អង្គការសម្ព័ន្ធពិភពឥស្លាម ជាអង្គការដ៏ធំមួយ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦២ ដោយ ព្រះចៅ ហ្វៃសល អាល់សាអ៊ូឌ ជាសមាជិកសង្កេតការរបស់ អង្គការសហប្រជាជាតិ (UN) ជាសមាជិកសង្កេតការរបស់ អង្គការសហប្រតិបត្តិការឥស្លាម (OIC) ដែលមានមានទីស្នាក់ការ នៅទីក្រុងម៉ាក្កៈ ប្រទេសអារ៉ាប៊ីសាអូឌីត ហើយមានការិយាល័យរបស់ខ្លួនជាច្រើន ដែលគ្របដណ្តប់ចំនួន៩៥ប្រទេស ព្រមទាំងមានដៃគូសហការជាមួយ អង្គការអន្តរជាតិធំៗជាច្រើនទៀត មានដូចជា អង្គការ UNESCO, UNICEF, OCHA, ECOSOC, WFP, UNHR, UNRWA, WHO, ICRC, និងធនាគារអភិវឌ្ឍន៍ឥស្លាម (IsDB )ផងដែរ៕
















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...