វិភាគអន្តរជាតិ៖ តើលោក ណេតាន់យ៉ាហ៊ូ មានចេតនាអូសបន្លាយសង្រ្គាមហ្កាហ្សា ឬ?

Posted By: RoogRog Robot | 08-May-2024 21:57:52

2024-05-08 08:54pm

(វ៉ាស៊ីនតោន)៖ ក្រុមហាម៉ាសបានយល់ព្រមទទួលយកសំណើបទឈប់បាញ់សម្រាប់សង្រ្គាមហ្កាហ្សាហើយ នៅឡើយតែអ៉ីស្រាអែលថាមិនអាចទទួលយកបាន ហើយបានដឹកនាំប្រតិបត្តិការវាយលុកតាមជើងគោកទ្រង់ទ្រាយតូចមួយចូលក្នុងទីក្រុង Rafah។ យោធាអ៉ីស្រាអែល កាលពីថ្ងៃអង្គារ ទី៧ ខែឧសភា បានចូល គ្រប់គ្រងច្រកព្រំដែនដ៏សំខាន់ Rafah ដែលជាច្រកឆ្លងចេញ-ចូល រវាងតំបន់ហ្កាហ្សា និងប្រទេសអេហ្ស៉ីប ក្នុងបរិបទលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ត្រូវបានគេមើលឃើញថាកំពុងប្រឈមមុខបញ្ហាជុំទិសដែលសុទ្ធតែអាចកំណត់ពីជោគវាសនានៃតំណែងជានាយករដ្ឋមន្ត្រីរបស់លោក។

លោក Daniel C Kurtzer ជាអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ៉ីស្រាអែល បានប្រាប់កាសែតអាមេរិក New York Times ថាលោក ណេតាន់យ៉ាហ៊ូ កំពុងព្យាយាម បញ្ចៀសកុំឱ្យការបោះឆ្នោតសកលថ្មីមួយកើតឡើង ព្រោះវាអាចនឹងធ្វើឱ្យលោកបាត់បង់អំណាច និងត្រូវត្រឡប់ទៅប្រឈមមុខនឹងរឿងក្ដីក្ដាំនៅឯតុលាការ សាជាថ្មី។ ក្នុងន័យនេះ ការរស់រាននៃជីវិតនយោបាយតែងតែជាអាទិភាពចម្បង នៅក្នុងខួរក្បាលរបស់លោក ណេតាន់យ៉ាហ៊ូ។ បញ្ហាដែលនាយករដ្ឋមន្ត្រីរូបនេះ កំពុងប្រឈមសព្វថ្ងៃមានទាំងនយោបាយក្នុងស្រុក ការទូត និងយោធា។ ដូច្នេះយើងអាចចាប់ផ្ដើមមុនគេពីនយោបាយនៅក្នុងស្រុក៖

លោក ណេតាន់យ៉ាហ៊ូ កំពុងស្ថិតក្នុងស្ថានភាពមួយដ៏លំបាកក្នុងរក្សាសាមគ្គីភាពនៅក្នុងរដ្ឋាភិបាលចម្រុះរបស់លោកដែលក្ដាប់អាសនៈចំនួន ៦៤ ក្នុងចំណោម អាសនៈសរុប១២០ នៃសភាអ៉ីស្រាអែល ជាសំឡេងភាគច្រើនតិចតួចប៉ុណ្ណោះ។ សមាជិក ២រូបនៅក្នុងក្រុមចម្រុះស្ដាំនិយមជ្រុលរបស់លោក គឺលោក Itamar Ben-Gvir លោក Bezalel Smotrich ដែលមានអាសនៈសភាក្នុងដៃចំនួន១៤ បានគំរាមថានឹងដើរចេញពីរដ្ឋាភិបាល ប្រសិនបើលោក ណេតាន់យ៉ាហ៊ូ ផ្ដល់សម្បទានច្រើនពេក និងយល់ព្រមទទួលយកបទឈប់បាញ់មួយក្នុងតំបន់ហ្កាហ្សាដែលអាចឱ្យក្រុមហាម៉ាសប្រកាសពីជ័យជម្នះ។ អ្នកនយោបាយទាំង២ រូបនេះក៏បានទទូចដូចគ្នាទៅនឹងលោក ណេតានយ៉ាហ៊ូ ផងដែរថា យោធាអ៉ីស្រាអែលត្រូវតែវាយកលុកចូលទីក្រុង Rafah។

យ៉ាងនេះក្ដី ការបោះឆ្នោតសកលថ្មីណាមួយ ក៏មិនអាចធានាថាផលិតបានរដ្ឋាភិបាលចម្រុះមួយដែលរួមមានបញ្ចូលលោក Ben-Gvir និងលោក Smotrich នោះដែរ។ ដូច្នេះលោក ណេតាន់យ៉ាហ៊ូ នៅតែមានក្រឡាដើរដដែល ហើយការបើកការវាយលុកទ្រង់ទ្រាយតូច ក្នុងទីក្រុង Rafah ជាមួយការជម្លៀសជនស៊ីវិល អាចជាសញ្ញាមួយបង្ហាញថាអ៉ីស្រាអែលមានកូនចិត្តទទួលយកបទឈប់បាញ់បណ្ដោះអាសន្នមួយក្នុងតំបន់ហ្កាហ្សា។ ពីព្រោះវាជាវិធីមួយដែលអាចទុក ពេលឱ្យអ៉ីស្រាអែលដោះស្រាយជាមួយអ្វីដែលខ្លួនហៅថាកងពលចំនួន៤របស់ក្រុមហាម៉ាសទាំងនៅក្នុង និងនៅក្រោមទីក្រុង Rafah ដោយសន្សឹមៗ ឬប្រើច្រើន សប្ដាហ៍ ជាពិសេសក្នុងពេលដែលយោធាអ៉ីស្រាអែលកំពុងគ្រប់គ្រងច្រកព្រំដែនដ៏សំខាន់ Rafah ដែលជាច្រកឆ្លងចេញ-ចូល រវាងតំបន់ហ្កាហ្សា និងប្រទេស អេហ្ស៉ីប។

មិនតែប៉ុណ្ណោះ វាក៏អាចសម្រួលឱ្យមានការដោះលែងចំណាប់ខ្មាំងមួយចំនួន ដើម្បីបន្សាបកំហឹងក្រុមគ្រួសារសាច់ញាតិរបស់ពួកគេដែលកំពុងដឹកនាំបាតុកម្មប្រឆាំង រដ្ឋាភិបាលរបស់ លោក ព្រមទាំងអាចជួយផ្សះផ្សារភាពរកាំរកូសជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិនទៀតផង។ លោក Daniel Levy ជាអតីតអ្នកចរចា អ៉ីស្រាអែលដែលបច្ចុប្បន្ន កំពុងដឹកនាំវិទ្យាស្ថាន US/Middle East Project យល់ថា <<លោក ណេតាន់យ៉ាហ៊ូ មិនប្រញាប់បញ្ចប់សង្រ្គាមពេកទេ ហើយលោកក៏ មិនត្រូវការបទឈប់បាញ់មួយដែលគំរាមកំហែងដល់រដ្ឋាភិបាលចម្រុះរបស់លោកដែរ ឬក៏និយាយឱ្យខ្លីគឺលោកចង់ពន្យារពេល ដ្បិតលោកដឹងច្បាស់ថានៅពេល សង្រ្គាមបញ្ចប់ តើលោកនៅមានលេសអ្វីទៀតដើម្បីរារាំងកុំឱ្យការបោះឆ្នោតសកលថ្មីមួយកើតឡើង>>។

* យោធាក្រុមមន្ត្រី និងអ្នកវិភាគរបស់អ៉ីស្រាអែល បានសង្កត់ធ្ងន់ថាការកាត់ផ្ដាច់ការរត់ពន្ធអាវុធ និងសម្ភារៈចេញពីប្រទេសអេហ្ស៉ីប ចូលទៅក្នុងតំបន់ហ្កាហ្សាតាមផ្លូវក្រោមដី នៅក្រោមទីក្រុង Rafah គឺជាយុទ្ធសាស្ត្រដ៏សំខាន់ ជាជាងវត្តមានក្រុមអ្នកប​្រយុទ្ធហាម៉ាសក្នុងទីក្រុងស្ថិតភាគខាងត្បូងហ្កាហ្សានេះទៅទៀត។ <<ប្រសិនបើយើង បញ្ឈប់សង្រ្គាម ដោយគ្មានការបិទខ្ទប់ផ្លូវក្រោមដីទេ នោះវាស្មើនឹងយើងទុកឱកាសឱ្យក្រុមហាម៉ាស ឬក្រុមភេរវករដទៃទៀតប្រមូលផ្ដុំកម្លាំង ឬក៏កសាងសមត្ថភាព យោធារបស់ពួកគេឡើងវិញ>>។ នេះជាការបញ្ជាក់របស់លោក Kobi Michael មកពីវិទ្យាស្ថានសម្រាប់ការសិក្សាសន្តិសុខជាតិ មានមូលដ្ឋានក្នុងទីក្រុង Tel Aviv។ ស្រដៀងគ្នានេះដែរ លោក Nitzan Nuriel ជាអតីតនាយកការិយាល័យប្រឆាំងភេរវកម្មនៃក្រុមប្រឹក្សា សន្តិសុខជាតិអ៉ីស្រាអែល បាននិយាយថា <>។

ដោយឡែក អ្នកជំនាញម្នាក់ទៀត គឺលោក Natan Sachs ជានាយកមជ្ឈមណ្ឌលសម្រាប់គោលនយោបាយមជ្ឈិមបូព៌ា មកពីវិទ្យាស្ថាន Brookings​ មានមូលដ្ឋាន នៅសហរដ្ឋអាមេរិក បាននិយាយថាប្រតិបត្តិការវាយលុកចូលទីក្រុង Rafah ទោះធ្វើក្នុងទ្រង់ទ្រាយតូចក៏ដោយ តែវាដើរស្របតាមគោលដៅជាច្រើនរបស់លោក ណេតាន់យ៉ាហ៊ូ ក្នុងពេលតែមួយ ពីព្រោះលោកជឿថាប្រតិបត្តិការក្នុងទីក្រុង Rafah គឺជាបញ្ហាស្នូលនៃគោលដៅចម្បងរបស់អ៉ីស្រាអែល មិនមែនត្រឹមតែដើម្បីតាម កម្ទេចក្រុមហាម៉ាសសេសស់ទេ តែគឺដើម្បីបំផ្លាញសមត្ថភាពរបស់ហាម៉ាសមិនឱ្យងើបឡើងវិញ តាមរយៈការបិទខ្ទប់ការរត់ពន្ធតាមផ្លូវក្រោមដីជាប់ព្រំដែន អេហ្ស៉ីប។ លើសពីនេះទៅទៀត ការវាយលុក Rafah ក៏អាចនឹងក្លាយជាការដាក់សម្ពាធឱ្យក្រុមហាម៉ាសយល់ព្រមកែប្រែ ឬបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួនដែល ពួកគេទាមទារក្នុងកិច្ចចរចាស្វែងរកបទឈប់បាញ់ផងដែរ។

*​ ការទូតនិយាយពីនយោបាយការទូតវិញ លោក ណេតាន់យ៉ាហ៊ូ កំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងពីអន្តរជាតិ ក្នុងនោះមានទាំងពីសម្ព័ន្ធមិត្តរបស់សំខាន់របស់ខ្លួន គឺសហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងបណ្ដាប្រទេសអារ៉ាប់ក្នុងតំបន់ ដែលទទូចឱ្យអ៉ីស្រាអែលកុំវាយលុកចូលទីក្រុង Rafah។ ពួកគេចង់ឱ្យ លោក ណេតាន់យ៉ាហ៊ូ អនុញ្ញាតឱ្យលំហូរជំនួយមនុស្សធម៌កាន់តែច្រើនចូលទៅក្នុងតំបន់ហ្កាហ្សា និងយល់ព្រមទទួលយកកិច្ចព្រមព្រៀងមួយជាមួយហាម៉ាស ដែល នាំទៅរកយ៉ាងហោចណាស់ការសន្យា ដែលមានក្នុងសេចក្ដីព្រាងបទឈប់បាញ់សព្វថ្ងៃទាមទារឱ្យមាន <<ភាពស្ងាប់ស្ងាត់ប្រកបដោយនិរន្តរភាព>>។ ប៉ុន្តែ កិច្ចព្រមព្រៀងរបៀបនេះនៅតែមិនអាចដោះស្រាយការខ្វែងគំនិតគ្នាជាមូលដ្ឋានរវាងអ៉ីស្រាអែល និងហាម៉ាសទេ ជុំវិញថាតើត្រូវបញ្ចប់សង្រ្គាមយ៉ាងដូចម្ដេច? ក្រុមហាម៉ាសចង់ឱ្យសង្រ្គាមបិទបញ្ចប់ក្នុងពេលឥលូវនេះជាមួយការដកងទ័ពអ៉ីស្រាអែលទាំងស្រុងចេញពីហ្កាហ្សា និងដោះលែងអ្នកទោសប៉ាឡេស្ទីនជាថ្នូរនឹង ការដោះលែងចំណាប់ខ្មាំង។

អ៉ីស្រាអែលវិញចង់បានត្រឹមតែបទឈប់បាញ់បណ្ដោះអាសន្នប៉ុណ្ណោះ ហើយធ្វើដូច្នេះទើបរារាំងមិនឱ្យក្រុមហាម៉ាសប្រកាសពីជ័យជម្នះ។ យ៉ាងណាក៏ដោយ នៅបន្ទាប់ពីហាម៉ាសព្រមថយមួយជំហាន គួបផ្សំជាមួយនឹងយោធាអ៉ីស្រាអែលទើបតែគ្រប់គ្រងច្រកព្រំដែនដ៏សំខាន់ Rafah ដែលជាច្រកឆ្លងចេញ-ចូល រវាងតំបន់ហ្កាហ្សា និងប្រទេសអេហ្ស៉ីប គេមើលឃើញថាបទឈប់បាញ់មួយមានលទ្ធភាពអាចសម្រេចបានច្រើនជាងពេលមុនៗ ហើយវាមើលទៅក៏នឹងផ្ដល់ផល ចំណេញសម្រាប់លោក ណេតាន់យ៉ាហ៊ូអាចទទួលយកបានផងដែរ៕







News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...