ប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ ក្នុងស្រុកកោះសូទិន, លោក ឡោ សុឡេង ណែនាំឲ្យក្រុមការងារត្រូវយកចិត្តទុកដាក់បម្រើ និងដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋ

Posted By: RoogRog Robot | 08-May-2024 20:26:19

2024-05-08 07:23pm

(កំពង់ចាម)៖ លោក ឡោ សុឡេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពងចាម នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង៨ ក្នុងស្រុកកោះសូទិន។

ថ្លែងក្នុងឱកាសនោះ លោក ឡោ សុឡេង បាននាំនូវការផ្ដាំផ្ញើសាកសួរទុក្ខពីសំណាក់ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ជូនដល់អង្គពិធីទាំងមូល ដោយក្ដីនឹករលឹកជាទីបំផុត។

ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកោះសូទិន បានគូសបញ្ជាក់អំពីតួនាទីភារកិច្ចមួយចំនួនរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមបណ្ដាឃុំនីមួយៗ ដោយសំដៅចូលរួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាល និងពង្រឹងប្រសិទ្ធភាពខ្ពស់ក្នុងការបម្រើសេវាសាធារណៈ ព្រមទាំងបំពេញតាមអ្វីដែលជាតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោក ឡោ សុឡេង បានណែនាំឲ្យក្រុមការងារទាំងអស់ ត្រូវបន្ដចុះតាមខ្នងផ្ទះ និងរៀបចំវេទិកាសាធារណៈដោយធ្វើជាទ្រង់ទ្រាយសមល្មម ប៉ុន្ដែឲ្យបាននូវអ្វីដែលជាបញ្ហាប្រឈម និងសេចក្ដីត្រូវការជាក់ស្ដែង។ ក្នុងករណីពិនិត្យឃើញថា អាចដោះស្រាយបានក្រុមការងារត្រូវចាត់ចែងដោះស្រាយបន្ទាន់ភ្លាមៗ ប៉ុន្ដែប្រសិនបើហួសដែនសមត្ថភាព ត្រូវរាយការណ៍មកលោកដើម្បីស្វែងរកដំណោះស្រាយ ពោលរាល់បញ្ហាទាំងអស់របស់ប្រជាពលរដ្ឋត្រូវតែដោះស្រាយ។

បន្ថែមពីនេះ ក្រុមការងារតាមមូលដ្ឋាន ក៏ត្រូវចូលរួមឧបត្ថម្ភ គាំទ្រដល់សកម្មភាពនានាក្នុងការអភិវឌ្ឍនៅមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ និងត្រៀមលក្ខណៈចូលរួមអន្ដរាគមន៍សង្គ្រោះហេតុការណ៍ផ្សេងៗ ដែលអាចកើតមានឡើងដូចជា គ្រោះធម្មជាតិជាដើម ដោយហេតុថាបច្ចុប្បន្នបរិយាកាសកំពុងតែកើនឡើងនូវក្ដៅ ដូច្នេះត្រូវតែយកចិត្តដាក់ ពិសេសក្មេងៗសិស្សសាលាតែម្ដង។

ព្រមពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កាន់តែខិតជិតចូលមកដល់នោះ លោក ឡោ សុឡេង បានផ្ដាំផ្ញើឲ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវពង្រឹងយកចិត្តទុកដាក់លើការងារថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ដើម្បីធានាឲ្យបានទាំងស្រុងនូវព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ដោយឡែក ចំពោះអង្គបោះឆ្នោតត្រូវរក្សាសុខភាព និងត្រៀមឯកសារឲ្យបានគ្រប់គ្រាន់៕





















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...