តំណាងកម្ពុជា ចូលរួមការពិនិត្យរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ជុំទី៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស

Posted By: RoogRog Robot | 08-May-2024 19:36:00

2024-05-08 06:30pm

(ភ្នំពេញ)៖ តំណាងរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមការពិនិត្យរបាយការណ៍ឡើងវិញជាសកលតាមកាលកំណត់ (Universal Periodic Review - UPR) ជុំទី៤ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

គណៈប្រតិភូកម្ពុជា ដឹកនាំលោក កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រួមមានលោក នាក់ សើគីរីន រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌, លោក សោម ចំណាន រដ្ឋលេខាធិការ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោកស្រី ឡុង សូនីតា អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា, លោកស្រី ញាណ សុចិត្រា អគ្គនាយក ក្រសួងកិច្ចការនារី, លោក ឌី ខាំបូលី អគ្គនាយករងគោលនយោបាយ និងផែនការ នៃក្រសួងអប់រំ យុវជន និងកីឡា លោក ប៉ាង រ៉ាស៊ី អនុប្រធានក្រុមប្រឹក្សានីតិកម្ម ក្រសួងមហាផ្ទៃ និងលោក សុក ឫទ្ធិចាក់ ជំនួយការឧបនាយករដ្ឋមន្ត្រីសាយ សំអាល់។

ក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ ប្រទេសកម្ពុជា ក៏ដូចជាប្រទេសដទៃទៀតដែរ មានកាតព្វកិច្ចក្នុងការរៀបចំ និងបញ្ជូនរបាយការណ៍ UPR ទៅអង្គការសហប្រជាជាតិ ចន្លោះពី ៤ឆ្នាំកន្លះ ទៅ៥ឆ្នាំម្តងជាទៀងទាត់ ព្រមទាំងត្រូវចូលរួមក្នុងការពិនិត្យរបាយការណ៍នេះ ក្នុងទម្រង់ជាកិច្ចសន្ទនា បែបស្ថាបនាជាមួយនឹងតំណាងប្រទេសផ្សេងៗទៀត ក្នុងគោលបំណងចែករំលែកនូវឧត្តមានុវត្ត បទពិសោធន៍ល្អៗ និងបញ្ហាប្រឈមផ្សេងៗ ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅក្នុងប្រទេសនីមួយៗ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានដាក់ និងចូលរួមយ៉ាងសកម្មក្នុងការពិនិត្យរបាយការណ៍ UPR ចំនួនបីជុំ រួចមកហើយ។ ចំពោះរបាយការណ៍ UPR ជុំទី៤នេះ គឺជាការបង្ហាញនូវសមិទ្ធផលនានាដោយសង្ខេប ដែលកម្ពុជាសម្រេចបានលើវិស័យសិទ្ធិមនុស្ស ឆ្លើយតបទៅនឹងអនុសាសន៍ចំនួន ១៧៣ ដែលកម្ពុជា បានទទួលយកក្នុងពេលពិនិត្យរបាការណ៍ UPR ជុំទី៣ កាលពីឆ្នាំ២០១៩។

សូមបញ្ជាក់ឡើងវិញថា យន្តការ ពិនិត្យឡើងវិញជាសកលតាមកាលកំណត់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស មិនមែនជាវេទិកាបណ្តុះបង្អាប់ រិះគន់ ឬការវាយប្រហារគ្នាលើបញ្ហាសិទ្ធិមនុស្សនោះទេ ប៉ុន្តែជាវេទិកាមួយសម្រាប់កិច្ចសន្ទនាបែបស្ថាបនារវាងរដ្ឋ និងរដ្ឋ ក្នុងគោលដៅចែករំលែក ឬផ្លាស់ប្តូរនូវឧត្តមានុវត្ត បទពិសោធន៍ ចំណុចខ្វះខាត ឬបញ្ហាប្រឈមផ្សេងៗ ដើម្បីធានានូវការលើកកម្ពស់និងការការពារសិទ្ធិមនុស្សជាសកល។

ជាការកត់សម្គាល់ ទោះបីជាស្ថិតក្នុងស្ថានភាពលំបាកអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងវិបត្តិសកលផ្សេងៗទៀតក៏ដោយ ក៏ក្រសួង ស្ថាប័នមានសមត្ថកិច្ច បានខិតខំអនុវត្តអនុសាសន៍ទាំង១៧៣ បានយ៉ាងខ្ជាប់ខ្ជួន ដែលនេះជាការឆ្លុះបញ្ចាំងពីឆន្ទៈដ៏មុះមុតរបស់ប្រទេសកម្ពុជាក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។

ទន្ទឹមនេះ តាមរយៈការត្រៀមលក្ខណៈជាមុនយ៉ាងហ្មត់ចត់ គណៈប្រតិភូកម្ពុជាដែលដឹកនាំដោយលោក កែវ សុទ្ធិ មានជំនឿយ៉ាងមុតមាំថា ការចូលរួមពិនិត្យរបាយការណ៍ UPRជុំទី៤នេះ គឺជាឱកាសដ៏មានតម្លៃមួយក្នុងការបង្ហាញពីសមិទ្ធផលសំខាន់ៗ និងកិច្ចខិតខំប្រឹងប្រែងទាំងឡាយដែលកម្ពុជាសម្រេចបានលើវិស័យសិទ្ធិមនុស្សដល់សហគមន៍អន្តរជាតិ ហើយក៏រំពឹងដែរថានឹងទទួលបានលទ្ធផលគួរជាទីមោទកៈសម្រាប់ជាតិមាតុភូមិ៕










News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...