ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងអ្នកវិនិយោគកម្ពុជា រៀបចំសិក្ខាសាលា​ផ្សព្វផ្សាយ​ការវិនិយោគ ជូនសហគ្រាសរបស់ជប៉ុន

Posted By: RoogRog Robot | 08-May-2024 18:06:37

2024-05-08 06:01pm

(តូក្យូ, ជប៉ុន)៖ ក្នុងបេសកកម្មកៀរគរការវិនិយោគនៅប្រទេសជប៉ុន នៅព្រឹកថ្ងៃពុធ ទី៨ ខែឧស​ភា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍ រួមជាមួយអ្នកវិនិយោគរបស់កម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីសក្តានុពល និងកាលានុ​វត្តភាព​នៃ​ការវិនិយោគនៅកម្ពុជា ជូនដល់សហគ្រាសរបស់ជប៉ុន។

សិក្ខាសាលានេះ ត្រូវបានសហការរៀបចំដោយមជ្ឈមណ្ឌល​អាស៊ាន-ជប៉ុន (AJC) និងអង្គការ​ពា​ណិជ្ជ​កម្ម​ក្រៅប្រទេសរបស់ជប៉ុន (JETRO)។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី​តំណាង​ស្ថានទូតប្រចាំប្រទេសជប៉ុន ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសជប៉ុន សម្ព័ន្ធ​សភាមិត្តភាព​កម្ពុជា​-ជប៉ុន សមាគមជប៉ុន-កម្ពុជា និងវិស័យឯកជនសរុបប្រមាណ ១៥០​រូប។

ថ្លែងក្នុងសិក្ខាសាលានោះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងសេចក្តីសោមនស្សរីករាយ​ក្រៃ​លែង ​ដែលបានចូលរួមក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នេះ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បាន​រំលេចអំពីសក្តានុពលវិជ្ជមានរបស់កម្ពុជា​មាន​ជាអាទិ៍ ស្ថិរភាពនយោបាយ, ស្ថានភាព​ម៉ាក្រូ​សេដ្ឋ​កិច្ចដែលមានលំនឹងវិជ្ជមាន, កម្លាំងពលកម្ម​វ័យ​ក្មេងប្រកបដោយថាមវន្ត, រាជរដ្ឋាភិបាលដែល​មាន​ទំនោរគាំទ្រដល់ការរីកលូតលាស់នៃធុរកិច្ច, របបវិនិយោគដែលមានភាពទាក់ទាញ និងអនុគ្រោះ និងហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយ​ ដែល​បាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពតភ្ជាប់ និង​ប្រទាក់ក្រឡា។

លោកឧបនាយករដ្ឋមន្ត្រីបានបង្ហាញសុទិដ្ឋិនិយមយ៉ាងមុតមាំថា វិនិយោគិន និងធុរជនដែលបាន​អញ្ជើញ​ចូលរួមនាពេលនោះ នឹងអញ្ជើញសិក្សាស្វែងយល់ដោយផ្ទាល់នៅកម្ពុជា ក៏ដូចជាពាំនាំនូវ​បច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា​ទៅកាន់សហគមន៍​ធុរកិច្ច​ជប៉ុន​ឱ្យកាន់តែ​ទូលំ​ទូលាយ​បន្ថែមមួយកម្រិតទៀត។

ក្នុងសិក្ខាសាលានោះ វាគ្មិនមកពីវិស័យឯកជននានា ក៏បានចូលរួមវេទិកាពិភាក្សា ស្តីពីសក្តា​នុ​ពលវិនិយោគលើវិស័យថ្មីៗនៅកម្ពុជាដោយបានគូសបញ្ជាក់អំពីភាពងាយស្រួលក្នុងការប្រកបអាជីវកម្មនៅកម្ពុជា ពិពិធកម្មនៃសកម្មភាពវិនិយោគដែលពោរពេញដោយឱកាស និងការ​គាំទ្រ​ផ្នែក​គោលនយោបាយប្រកបដោយបុរេសកម្មពីសំណាក់រាជរដ្ឋាភិបាលលើអនុវិស័យថាមពលកកើតឡើងវិញ ខ្សែច្រវាក់ផលិតកម្មបៃតង និងសេដ្ឋកិច្ចឌីជីថលដែលកំពុងតែដើរស្រប​នឹងនិន្នាការ​តំបន់ និងសកល។

សូមបញ្ជាក់ថា ក្នុងសិក្ខាសាលានោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញបើកកម្មវិធី​ផ្គូផ្គង​ធុរកិច្ចរវាងសមាគមឧកញ៉ាកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា និងសមាគមកម្ពុជា-ជប៉ុន ព្រមទាំង​អញ្ជើញផ្តល់កិច្ចសម្ភាសន៍ជូនសារព័ត៌មាន Nikkei ផងដែរ៕


























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...