មន្រ្តីពន្ធដារ៖ មានករណីជាច្រើន ទទួលបានការលើកលែង និងការអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ

Posted By: RoogRog Robot | 08-May-2024 14:46:15

2024-05-08 02:44pm

(ភ្នំពេញ)៖ លោក ង៉ែត លាភ អនុប្រធាននាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ក្នុងការអនុវត្តការប្រមូលពន្ធអាករគ្រប់ប្រភេទ តែងតែមានការអនុគ្រោះ និង/ឬលើកលែងពន្ធ ដើម្បីជាការលើកទឹកចិត្ត និងបញ្ចៀសផលប៉ះពាល់ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ។

លោក ង៉ែត លាភ លើកឡើងដូចនេះធ្វើឡើងនៅក្នុងកម្មវិធី <<ពន្ធដារកម្ពុជា>> ដោយលោកបន្ថែមទៀតថា ចំពោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ មានការលើកលែង និងការអនុគ្រោះពន្ធជាច្រើនករណី។

លោកបានបញ្ជាក់ថា ចំពោះករណីលើកលែងពន្ធ មានដូចជា ដីសម្បទានសេដ្ឋកិច្ច ឬសង្គមកិច្ចដល់ជនក្រីក្រសង់លំនៅដ្ឋាន ឬ/និងធ្វើកសិ-ឧស្សាហកម្ម ឬកសិកម្មលក្ខណៈគ្រួសារ។

ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ក្នុងរង្វង់ញាតិ៖ ១. ការធ្វើសន្តតិកម្មរវាងឪពុក-ម្ដាយបង្កើត និងកូនបង្កើត, រវាងប្ដី-ប្រពន្ធ, រវាងយាយ-តាបង្កើត និងចៅបង្កើត, ពីឪពុក-ម្ដាយទៅឱ្យកូនបង្កើត និងកូនប្រសារ ដែលជាសហព័ទ្ធ (ជាទ្រព្យរួម ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍)។

ចំពោះការធ្វើប្រទានកម្មលើកទី១៖ រវាងឪពុក-ម្តាយបង្កើត និងកូនបង្កើត, រវាងប្ដី-ប្រពន្ធ, រវាងយាយ-តាបង្កើត និងចៅបង្កើត, ពីឪពុក-ម្ដាយទៅឱ្យកូនបង្កើត និងកូនប្រសារដែលជាសហព័ទ្ធ (ជាទ្រព្យរួម ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍), ពីយាយ-តាទៅឱ្យចៅបង្កើត និងចៅប្រសារដែលជាសហព័ទ្ធ (ជាទ្រព្យរួម ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍)។

ចំពោះករណីលើកលែងពន្ធនេះ ក៏ធ្វើឡើងចំពោះការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលកត់ត្រាក្នុងបញ្ជីសារពើភណ្ឌរបស់រដ្ឋ និង ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ របស់បេសកកម្មការទូត ឬកុងស៊ុលបរទេស ឬអង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា។

ចំណែកករណីការអនុគ្រោះពន្ធ គឺអនុញ្ញាតឱ្យដកចេញពីតម្លៃមូលដ្ឋានគិតពន្ធចំនួន ២០០ ០០០ ០០០ (ពីររយលាន) រៀល ចំពោះសន្តតិកម្ម និង ១០០ ០០០ ០០០ (មួយរយលាន)រៀលចំពោះប្រទានកម្ម សម្រាប់ការផ្ទេរ៖ រវាងឪពុក-ម្តាយក្មេក និងកូនប្រសារ, រវាងបងប្អូនបង្កើត និងបងប្អូនបង្កើត។

អនុញ្ញាតឱ្យដកចេញពីតម្លៃមូលដ្ឋានគិតពន្ធចំនួន ១០០ ០០០ ០០០ (មួយរយលាន)រៀល ចំពោះការធ្វើប្រទានកម្មទ្រព្យដដែល ចាប់ពីលើកទី២តទៅ សម្រាប់ការផ្ទេរ៖ រវាងឪពុក-ម្ដាយបង្កើត និងកូនបង្កើត,រវាងប្ដី-ប្រពន្ធ, រវាងយាយ-តាបង្កើត និងចៅបង្កើត,ពីឪពុក-ម្ដាយទៅឱ្យកូនបង្កើត និងកូនប្រសារដែលជាសហព័ទ្ធ (ជាទ្រព្យរួម ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍)-ពីយាយ-តាទៅឱ្យចៅបង្កើត និងចៅប្រសារដែលជាសហព័ទ្ធ (ជាទ្រព្យរួម ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍)។

សូមបញ្ជាក់ផងដែរថា ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ចលនទ្រព្យ និងអចលនទ្រព្យត្រូវបានអនុវត្តនៅពេលមានការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ចលនទ្រព្យ ឬអចលនទ្រព្យ តាមរូបភាពទិញ-លក់ ដោះដូរ ធ្វើអំណោយ ឬការដាក់ជាភាគហ៊ុននៅក្នុងក្រុមហ៊ុន ចំពោះចលនទ្រព្យឬអចលនទ្រព្យ។ អ្នកជាប់ពន្ធមានពេលវេលាចំនួន ៣ខែដើម្បីដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធឱ្យបានចប់សព្វគ្រប់ ដោយគិតចាប់ពីកាលបរិច្ឆេទស្នើសុំផ្ទេរកម្មសិទ្ធិមធ្យោបាយដឹកជញ្ជូន របស់មន្ទីរសាធារណការនិងដឹកជញ្ជូន ចំពោះចលនទ្រព្យ ឬគិតចាប់ពីថ្ងៃចេញដីការបញ្ចូន របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ឬរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចំពោះការផ្ទេរសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...