មន្ត្រី៖ អាកាសធាតុក្តៅខ្លាំង ធ្វើឱ្យទិន្នផលទុរេនខេត្តកំពត និងខេត្តបាត់ដំបង អាចធ្លាក់ចុះជាង៥០%

Posted By: RoogRog Robot | 08-May-2024 15:41:00

2024-05-08 02:34pm

(ភ្នំពេញ)៖ កសិករដាំទុរេននៅខេត្តចំនួន២ កំពុងរងផលប៉ះពាល់​ ដោយសារការកើនឡើងនៃកំដៅ​ ធ្វើឱ្យទិន្នផលទុរេនធ្លាក់ចុះ ហើយតាមមន្រ្តីជំនាញ ​ទិន្នផលទុរេននៅខេត្តបាត់ដំបង និងខេត្តកំពតនៅឆ្នាំនេះ ​នឹងថយចុះប្រមាណពី៥០% ទៅ៦០% ខណៈតម្លៃ​ក៏មិនសូវល្អ ដោយសារតែគុណភាព និងរសជាតិទុរេនមិនល្អដូចឆ្នាំមុនៗ។

ចាប់ពីខែឧសភា គឺជាពេលវេលា ដែលនៅតាមបណ្តាខេត្តមួយចំនួន ដូចជាខេត្តកំពត ខេត្តបាត់ដំបង ចាប់ផ្តើមប្រមូលផលទុរេន សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ទិន្នផលទុរេនឆ្នាំនេះ មានការធ្លាក់ចុះច្រើនបើធៀបនឹងកាលពីឆ្នាំមុន។ បច្ចុប្បន្ននេះកសិករដាំដំណាំទុរេននៅខេត្តដំបង ​បាននិងកំពុងរងផលប៉ះពាល់ ដោយសារអាកាសធាតុក្តៅខ្លាំង ដែលបណ្ដាលឲ្យ​ផ្លែទុរេនមានប្រះបែកលើដើម ​ខ្លះមានដាច់ទងធ្លាក់ បាក់បែក​ ព្រោះតែត្រពាំង អូរ ស្ទឹង អណ្ដូង ​បា​នរីងស្ងួតជាច្រើនបណ្ដាលឲ្យខ្វះទឹកស្រោចស្រព។​​

ប្រធានមន្ទីរកសិកម្មរូបនេះបានព្យាករណ៍ថា ទិន្នផលទុរេន នៅខេត្តបាត់ដំបង បានថយចុះ ប្រមាណ៥០ទៅ៦០%។ លោកថា សម្រាប់នៅខេត្តបាត់ដំបងជាទូទៅទុរេន អាចប្រមូលផលក្នុងសប្ដាហិ៍ទី៣ ក្នុងខែឧសភា ទៅដល់សប្ដាហិ៍ទី២ក្នុងខែសីហា។ ចំពោះតម្លៃទីផ្សារទុរេនឆ្នាំនេះ លោកមិនទាន់អាចប៉ាន់ប្រមាណបាននៅឡើយទេ ខណៈកាលពីឆ្នាំមុន មានតម្លៃចន្លោះពី ១៤០០០រៀល ទៅ ១៨០០០រៀល​ ក្នុងមួយគីឡូក្រាម។​

លោក តេង វ៉ាន់ធឿន អនុប្រធានការិយាល័យនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពត បានប្រាប់បណ្តាញព័ត៌មាន Fresh Nesws នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤នេះថា ដំណាំទុរេន គឺជាដំណាំដែលត្រូវការទឹកស្រោចស្រពគ្រប់គ្រាន់ និងស្រោចជាប់ជាប្រចាំ នោះទើបមានផ្កា និងផ្លែល្អ។ ប៉ុន្តែដោយសារឆ្នាំនេះ អាកាសធាតុក្តៅខ្លាំង បានធ្វើឱ្យប៉ះពាល់ដល់ការចេញផ្កា និងផ្លែ​ ហេតុនេះហើយបានធ្វើឱ្យទិន្នផលធ្លាក់ចុះ គួរឱ្យកត់សម្គាល់។

បើតាមលោក វ៉ាន់ធឿន កាលពីឆ្នាំមុនផលទុរេននៅខេត្តកំពត ទទួលបានប្រមាណ ១៥តោនក្នុងមួយហិកតា។

លោក អួន ឈាងម៉េង​ ប្រធានសហគមន៍ទុរេនទឹកឈូខេត្តកំពត បានឱ្យដឹង​ថា កសិករដាំទុរេន នៅខេត្តកំពត ក្រៅពីរងផលប៉ះពាល់ដោយសារអាកាសក្តៅហើយ ថែមទាំងរងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃផងដែរ ដែលធ្វើ​ឱ្យទុរេន ត្រូវងាប់អស់ជាច្រើនហិកតា ​ខណៈលោកប៉ាន់ប្រមាណថា ទុរេនកំពតឆ្នាំនេះ អាចនឹងធ្លាក់ចុះប្រមាណ៥០%។

លោកលើកឡើងថា បើទោះបីជាទិន្នផលធ្លាក់ចុះក៏ដោយ ប៉ុន្តែតម្លៃវិញមិនល្អនោះទេ ដោយសារគុណភាពទុរេន។ បច្ចុប្បន្នទុរេន​កំពតប្រភេទម៉ានថង មានតម្លៃប្រមាណជាង ២ម៉ឺនរៀលក្នុងមួយគីឡូ ខណៈប្រភេទឪខាក់ មានតម្លៃជាង ១ម៉ឺនរៀលក្នុងមួយគីឡូក្រាម។

លោកលើកឡើងថា ស្របពេលដែលទិន្នផលធ្លាក់ចុះ​ ហើយតម្លៃមិនកើនឡើង កសិករដាំទុរេន នៅខេត្តកំពតបានរងការខាតបង់យ៉ាងខ្លាំង ដោយសារតែពួកគាត់ បានចំណាយច្រើនទៅថ្លៃធាតុចូលកសិករដូចថ្នាំ និងជី និងការថែទាំជាដើម។

លោកបានឱ្យដឹងថា ផលប៉ះពាល់ដំណាំរេនពីអាកាសធាតុក្តៅនៅឆ្នាំនេះ ក៏អាចនឹងជះឥទ្ធិពលដល់ទិន្នផលដំណាំទុរេន នៅឆ្នាំក្រោយផងដែរ​ ដោយសារដើមទុរេន មានសុខភាពមិនល្អ។

​យោងតាមទិន្នន័យពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពត គិតត្រឹមចុងឆ្នាំ២០២៣ ​ផ្ទៃដីដាំទុរេននៅខេត្តកំពតមានចំនួន២ ៣៤៥ហិកតា ក្នុងនោះផ្ទៃប្រមូលផល មានចំនួន១ ៤២៨ ហិកតា ។ កាលពីឆ្នាំ២០២៣ ទុរេនកំពតប្រមូលផលបានប្រមាណជាង ២ម៉ឺនតោន​។​

ចំណែកនៅខេត្តបាត់បាត់ដំបងវិញ ផ្ទៃដីដាំដុះទុរេនសរុបចំនួន ៦២៥ហិកតា ក្នុងនោះផ្ទៃដីប្រមូលចំនួន ៤១៧ហិកតា។ ជារៀងរាល់ឆ្នាំ​ ទទួលទិន្នផលជាមធ្យម១២ទៅ១៣តោន​ ក្នុងមួយហិកតា​៕






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...