អាល្លឺម៉ង់បញ្ជូននាវាចម្បាំង២គ្រឿង មកកាន់តំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ចំពោះមុខភាពតានតឹងក្នុងតំបន់

Posted By: RoogRog Robot | 08-May-2024 14:44:24

2024-05-08 01:40pm

(បែរឡាំង)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ អាល្លឺម៉ង់បានបញ្ជូននាវាចម្បាំង២គ្រឿង មកកាន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ដើម្បីពង្រឹងវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ ចំពោះមុខការកើនឡើងនៃភាពតានតឹងរវាងចិននិងកោះតៃវ៉ាន់ ក៏ដូចជាចំពោះមុខបញ្ហាវិវាទ នៅឯសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤។

រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយថា ភាពតានតឹងទាំងនេះ កំពុងដាក់តែសម្ពាធលើសេរីភាពនៃការធ្វើ​នាវាចរណ៍ និងការធ្វើដំណើរឆ្លងកាត់ដោយសេរី នៅតាមច្រកផ្លូវធ្វើពាណិជ្ជកម្ម។ ប្រមាណជា៤០ភាគរយ នៃលំហូរពាណិជ្ជកម្មបរទេសរបស់​សហភាពអឺរ៉ុប (EU) គឺត្រូវឆ្លងកាត់តំបន់សមុទ្រចិនខាងត្បូង។ លោកប្រមុខការពារជាតិអាល្លឺម៉ង់ បានសង្កត់ធ្ងន់ថា <<ការពង្រើយកន្តើយ ដោយមិនបង្ហាញវត្តមាននៅឥណ្ឌូ-ប៉ាស៉ីហ្វិក ដើម្បីគាំទ្រដល់សណ្តាប់ធ្នាប់ ដែលផ្អែកលើក្បួនច្បាប់អន្តរជាតិ គឺមិនមែនជាជម្រើសមួយ ​សម្រាប់អាល្លឺម៉ង់ឡើយ ហើយវត្តមានគឺជារឿងសំខាន់>>។

គួរបញ្ជាក់ថា នាវាយោធាអាល្លឺម៉ង់ទាំង២គ្រឿងខាងលើ គឺមួយគ្រឿងជាប្រភេទនាវាផ្គត់ផ្គង់ឈ្មោះ Frankfurt am Main និងមួយទៀត ជាប្រភេទ frigate ឈ្មោះ Baden-Wuerttemberg។ នាវាទាំងពីរនឹងធ្វើដំណើរកាត់សមុទ្រចិនខាងត្បូង ប៉ុន្តែវាមិនទាន់ច្បាស់ទេថា នាវាទាំងពីរនោះ នឹងបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដូចសហរដ្ឋអាមេរិកបានធ្វើដែរឬយ៉ាងណា ខណៈទង្វើបែបនោះមុខជានឹងបណ្តាលឱ្យ ​ចិនដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាល្លឺម៉ង់ ខឹងសម្បារមិនខាន។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២១ នាវាចម្បាំងអាល្លឺម៉ង់១គ្រឿង បានបើកឆ្លងកាត់តំបន់សមុទ្រចិនខាងត្បូង ជាលើកដំបូងបំផុតក្នុងរយៈពេល​ជិត២០ឆ្នាំ ដើម្បីចូលរួមជាមួយជាមួយ ក្រុមប្រទេសលោកខាងលិចមួយចំនួនទៀត ក្នុងការពង្រីកវត្តមានយោធានៅក្នុងតំបន់មួយ ដែលចិន​កំពុងកើនឡើងដែនឥទ្ធិពល យ៉ាងឆាប់រហ័ស៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...