សប្បុរសជនមកពីជាង ២០ស្ថាប័នរដ្ឋ និងឯកជន នាំយកថវិកាប្រគល់ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា

Posted By: RoogRog Robot | 08-May-2024 13:10:51

2024-05-08 01:06pm

(ភ្នំពេញ)៖ សប្បុរជនមកពីជាង ២០ស្ថានប័នរដ្ឋ និងឯកជន នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បាននាំថវិកាប្រគល់ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤។

ពិធីនេះបានប្រព្រឹត្ដទៅនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហិរញ្ញឹក កាកបាទក្រហមកម្ពុជា។

ក្នុងចំណោមសប្បុរសជនទាំងអស់ មានធនាគារ ខេប៊ីប្រាសាក់ ម.ក ដឹកនាំដោយលោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្ដិ បរិច្ចាគថវិកាចំនួន ១០០លានរៀល, សប្បុរសជន តាមរយៈលោកស្រី នារីវុឌ្ឍី ហូ ក្នុងនោះលោក ហូ សិទ្ធី និងលោកស្រី នារីវុឌ្ឍី ហូ ថវិកាចំនួន ៥ពាន់ដុល្លារអាមេរិក, លោក ហេង សុខណាង និងលោកស្រី ហូ សុវណ្ណិកា ថវិកាចំនួន ៣ពាន់ដុល្លារអាមេរិក, លោក ហូ សិទ្ធីគុណ លោកស្រី សេង សុជាតិតា ១ពាន់ដុល្លារអាមេរិក, លោកស្រី យស សុគន្ធា និងស្វាមី សៀ យីចិន ថវិកាចំនួន ៥០០ដុល្លារអាមេរិក, មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឃុន ថន ថវិកាចំនួន ៥០០ដុល្លារ។

ក្នុងនោះក៏មាន ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA) ដឹកនាំដោយនាយកប្រតិបត្ដិការ លោក ហ្ស៊ីហ្គើរអាតឆាបារ៉ូវ ថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិក, ធនាគារ វិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី BIDC ដឹកនាំអគ្គនាយករងធនាគារ លោក ម៉ៅ សុខខេន ថវិកាចំនួន ៣ម៉ឺនដុល្លារអាមេរិក, គ្រឹស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី ៥ពាន់ដុល្លារអាមេរិក, ក្រសួងអធិការកិច្ច ដឹកនាំផ្ទាល់ដោយលោករដ្ឋមន្ដ្រី ហួត ហាក់ ឧបត្ថម្ភអង្ករ ៨តោន, មីជាតិ ១០០កេស, ទឹកសុទ្ធ ១០០កេស, ៤.ទឹកស៊ីអ៊ីវ ១០០យួរ, លោកស្រី ជូ ដារ៉ារ៉េត ជំនួយការសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ថវិកា ៥០០ដុល្លារអាមេរិក, កញ្ញា សោម សុខដារ៉ាមនុអេរីកា ថវិកាចំនួន ២ពាន់ដុល្លារអាមេរិក និងតាមបណ្ដាស្ថាប័នរដ្ឋ និងឯកជនជាច្រើនទៀត។

ក្នុងឳកាសនោះ លោកស្រីកិត្ដិបណ្ឌិត អ៊ុក ម៉ាលី បានថ្លែងថា ក្នុងនាមសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសប្បុរសជនទាំងអស់ ដែលសមានទឹកចិត្តប្រកបដោយសប្បុរសធម៌ ចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា ហើយសកម្មភាពដ៏ថ្លៃថ្លានេះ គឺជាកម្លាំងចលករមិនអាចខ្វះបាន ជួយទ្រទ្រង់និរន្តរភាព នៃប្រតិបត្តិការមនុស្សធម៌ របស់សមាគមជាតិ កាកបាទក្រហមកម្ពុជា។

លោកស្រីអគ្គហិរញ្ញឹកកាកបាទក្រហមកម្ពុជា បានឱ្យដឹងទៀតថា ការប្រើប្រាស់ថវិកា របស់កាកបាទក្រហមកម្ពុជាក្នុងឆ្នាំ២០២៣កន្លងទៅ គឺក្រៅពីប្រើប្រាស់លើប្រតិបត្តិការជួយសង្គ្រោះប្រជាជនរងគ្រោះ និងងាយរងគ្រោះនោះ គឺបានប្រើប្រាស់ទៅលើសកម្មភាពមនុស្សធម៌នានា ដូចជា ការជីកអណ្ដូងទឹកស្អាត ការសាង សង់ផ្ទះ ជូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុត នៅតាមមូលដ្ឋាននានា រួមជាមួយ ការផ្តល់ប្រាក់កម្ចីគ្មានការប្រាក់ជូនអ្នកងាយរងគ្រោះ នៅតាមមូលដ្ឋានគោលដៅមួយចំនួន ដើម្បីពួកគាត់យកទៅប្រកបរបរអាជីវកម្មផ្សេង ដើម្បីកែប្រែសេដ្ឋកិច្ចគ្រួសាររបស់ខ្លួន ការផ្តល់ថវិកាជារៀងរាល់ឆ្នាំ ចំនួន ១លានដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផា ហើយក្នុងឆ្នាំ២០២៣កន្លងទៅនេះ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ គ្រប់ប្រភេទបានប្រមាណ ជាង៩ម៉ឺន៩ពាន់គ្រួសារ។

ដោយឡែកថ្មីនេះ ក្រុមប្រតិបត្តិកាកបាទក្រហមកម្ពុជា ក៏បានផ្តល់អំណោយមនុស្សធម៌ជាបន្តបន្ទាប់ ជូនអង្គការសមាគមន៍ចំនួន៥ ដែលក្នុងនោះមាន អង្គការសង្គ្រោះជនអស់សង្ឃឹម អង្គការលើស្ទួយប្រជាពលរដ្ឋមជ្ឈមណ្ឌល់បុរីទារក និងកុមារជាតិ សមាគមដន្ត្រីសំនៀងជនពិការ និងអង្គការផ្ទះបាយកុមារ ដែលមានអ្នកទទួលផលរាប់ពាន់នាក់ផងដែរ។

សូមបញ្ជាក់ទៀតថា ឆ្នាំ២០២៤នេះ គឺជាឆ្នាំទី៥ ដែលកាកបាទកាកបាទក្រហមកម្ពុជា មិនបានប្រារព្ធពិធីជួបជុំ ដើម្បីអបអរសាទរទិវាពិភព លោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ប៉ុន្តែទោះជាយ៉ាងណាក្តីកាកបាទក្រហមកម្ពុជា គឺបន្ដទទួលស្វាគមន៍ជានិច្ចចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានទឹកចិត្តសប្បុរសធម៌ ចូលរួមជាថវិកា និងសម្ភារៈផ្សេងៗ ជូនកាកបាទក្រហមកម្ពុជា តាមរយៈការអញ្ជើញ មកផ្ទាល់ដល់ទីស្នាក់ការកណ្ដាល ឬចាត់តំណាងនាំមកប្រគល់ជូន ក៏ដូចជាការផ្ដល់ជូនតាមប្រព័ន្ធធនាគារផ្សេងៗ ហើយកាកបាទក្រហមកម្ពុជា បានចាត់ទុកវិភាគទានទាំងនោះ គឺសុទ្ធតែបានរួមចំណែក ធ្វើឲ្យស្ថាប័នមនុស្សធម៌មួយនេះ មានលទ្ធភាពបំពេញបេសកកម្មជួយសង្គ្រោះជនរងគ្រោះ និងរងគ្រោះ ដែលត្រូវការចាំបាច់ការជួយសង្គ្រោះពីកាកបាទក្រហមកម្ពុជា៕






































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...