សហរដ្ឋអាមេរិក ជឿថាអ៉ីស្រាអែល និងហាម៉ាស អាចទម្លុះភាពជាប់គាំង នៃកិច្ចចរចាស្ដីពីបទឈប់បាញ់

Posted By: RoogRog Robot | 08-May-2024 10:38:54

2024-05-08 09:34am

(RAFAH)៖ សហរដ្ឋអាមេរិក បាននិយាយថាកិច្ចចរចាស្ដីពីបទឈប់បាញ់សម្រាប់សង្រ្គាមក្នុងតំបន់ហ្កាហ្សា អាចដោះស្រាយការខ្វែងគំនិតគ្នារវាងអ៉ីស្រាអែល និងហាម៉ាស ខណៈកងកម្លាំងអ៉ីស្រាអែលកាលពីថ្ងៃអង្គារ ទី៧ ខែឧសភា បានដណ្ដើមគ្រប់គ្រងច្រកផ្លូវព្រំដែនដ៏សំខាន់មួយក្នុងទីក្រុង Rafah។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។

តាមអ្នកនាំពាក្យសេតវិមាន លោក John Kirby ក្រុមហាម៉ាសបានធ្វើការកែប្រែពាក្យពេចន៍មួយចំនួននៅក្នុងសំណើបទឈប់បាញ់ ឆ្លើយតបទៅនឹងសំណើរបស់អ៉ីស្រាអែល គឺមានគោលដៅទម្លុះភាពជាប់គាំង។ អ្នកនាំពាក្យរូបនេះបន្ថែមថា អត្ថបទកិច្ចព្រមព្រៀងនេះដែរអាចសន្មត់បានថាការខ្វែងគំនិតគ្នាដែលនៅសេសសល់អាចនឹងត្រូវបាន ដោះស្រាយ តែលោកបដិសេធមិនផ្ដល់ព័ត៌មានលម្អិតអ្វីនោះទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ ទី៦ ខែឧសភា ក្រុមហាម៉ាសបានយល់ព្រមទទួលយកសំណើបទឈប់បាញ់មួយចែកចេញជា៣ដំណាក់កាល ប៉ុន្តែអ៉ីស្រាអែលថាសំណើនេះខ្លួន មិនអាចទទួលយកបានឡើយ ក្នុងពេលដែលរថក្រោះអ៉ីស្រាអែលត្រូវបានរាយការណ៍ថាចាប់ផ្ដើមរុលចូលក្នុងទីក្រុង Rafah។ ក្រុមហាម៉ាសវិញក៏បានព្រមានដែរថាប្រសិនបើ ការវាយប្រហាររបស់អ៉ីស្រាអែលនៅតែបន្តកើតឡើងក្នុងទីក្រុង Rafah នោះវាក៏នឹងមិនមានកិច្ចព្រមព្រៀងបទឈប់បាញ់អ្វីនោះដែរ៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...