ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារជីកស្តារស្រះទឹកនៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរបរិស្ថាន ក្នុងភូមិសាស្ត្រខេត្តកំពត

Posted By: RoogRog Robot | 07-May-2024 17:37:23

2024-05-07 04:34pm

(កំពត)៖ នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត រួមជាមួយឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកនៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរបរិស្ថាន ក្នុងភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។

សូមជម្រាបថា ការងារជីកស្តារស្រះទំហំ១២៥ គុណ ៤៥ ម៉ែត្រ ជម្រៅ៣ម៉ែត្រ ក្នុងភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពតនេះ ជាផ្នែកមួយនៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរបរិស្ថាន ដែលតាមរយៈគម្រោងនេះ ខេត្តកំពតបានទទួលគម្រោងជីកស្តារស្រះទឹក ទាំងស្រះសហគមន៍ និងស្រះឯកជនសរុបចំនួន ១៦០ស្រះ ដោយនៅជំហានទី១ គម្រោងអនុវត្តការងារជីកស្តារចំនួន ៨០ស្រះ នៅក្នុងស្រុកចំនួន ៥ រួមមាន៖ ស្រុកដងទង់ ២៣ស្រះ ស្រុកបន្ទាយមាស ២២ស្រះ ស្រុកឈូក ១០ស្រះ ស្រុកជុំគិរី ២៤ស្រះ និងស្រុកទឹកឈូ ១ស្រះ។ រហូតមកដល់ពេលនេះ វឌ្ឍនភាពនៃការងារជីកស្តារស្រះទឹកនៅជំហានទី១ សម្រេចបានប្រមាណ ៦០%។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជួបសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនប្រជាកសិកនៃសហគមន៍កសិកររុងរឿង ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដល់បងប្អូនប្រជាពលរដ្ឋផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាលកម្ពុជាជានិច្ចកាលតែងតែយកចិត្តទុកដាក់នូវរាល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបញ្ហាប្រឈមខ្វះទឹក ដោយបានណែនាំឱ្យក្រសួងធនធានទឹក និងឧតុនិយមចុះអន្តរាគមន៍តាមគ្រប់មធ្យោបាយ ដើម្បីដោះស្រាយបញ្ហាទឹក សម្រាប់បម្រើឱ្យការងារស្រោចស្រព និងប្រើប្រាស់ប្រចាំថ្ងៃជូនបងប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នានោះដែរ បងប្អូនប្រជាកសិករនៃសហគមន៍កសិកររុងរឿងបានសម្តែងនូវក្តីរីករាយ និងសូមថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាតាមគ្រប់មធ្យោបាយដល់ពួកគាត់ និងបានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ថ្នាក់ដឹកនាំក្រសួង និងមន្ទីរ ព្រមទាំងអាជ្ញាធរថ្នាក់ក្រោមជាតិដែលតែងចុះអន្តរាគមន៍ដោយផ្ទាល់។

គួរបញ្ជាក់ថា គម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរបរិស្ថានជាគម្រោងរួមរបស់ក្រសួងចំនួនបី ដើម្បីជួយដល់ប្រជាកសិករ ក្នុងនោះមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក និងឧតុនិយម ដោយអនុវត្តនៅលើខេត្តគោលដៅចំនួនបួនគឺខេត្តកំពត ខេត្តតាកែវ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលក្នុងគម្រោងមានការជីកស្ដារស្រះទឹកសរុប ចំនួន ៨០០ ស្រះ៕














News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...