រដ្ឋមន្ត្រីសុខាភិបាល ជំរុញឱ្យយកចិត្តទុកដាក់ពង្រឹងសេវាច្រកចេញចូលតែមួយ និងធ្វើឱ្យមានប្រសិទ្ធភាព ផ្តល់សេវាឱ្យបានឆាប់រហ័ស ជូនដល់ពលរដ្ឋ

Posted By: RoogRog Robot | 07-May-2024 16:46:00

2024-05-07 03:38pm

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើឱ្យថ្នាក់ដឹកនាំទទួលបន្ទុកត្រូវពិនិត្យ និងពង្រឹងសេវាច្រកចេញចូលតែមួយ ត្រូវយកចិត្តទុកដាក់ និងធ្វើឱ្យមានប្រសិទ្ធភាព ក្នុងការជំរុញការផ្តល់សេវាឱ្យបានឆាប់រហ័សជូនដល់ប្រជាពលរដ្ឋ។

ការថ្លែងដូច្នេះរបស់លោកសាស្ត្រាចារ្យ ឈាង រ៉ា ក្នុងឳកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែឧសភា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដែលប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នាទីស្តីការក្រសួងសុខាភិបាល។

ក្នុងឱកាសនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងឲ្យថ្នាក់ដឹកនាំទទួលបន្ទុកត្រូវចុះពិនិត្យលើសេវាសាធារណៈ ជាពិសេសវិស័យឯកជន ដើម្បីធានាឱ្យគ្រឹះស្ថានទាំងនោះមានគុណវឌ្ឍន៍ មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការថែទាំព្យាបាលសុខុមាលភាព ជូនអ្នកមកទទួលសេវាប្រកបដោយគុណភាព។

លើសពីនោះលោកសាស្ត្រាចារ្យក៏បានស្នើឱ្យថ្នាក់ដឹកនាំ ជាពិសេសមន្រ្តី និងបុគ្គលិកសុខាភិបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់លើសមត្ថភាពមន្ត្រីរាជការរបស់ខ្លួនទាក់ទងនឹងរបៀបរបប និងឥរិយាបថក្នុងការបំពេញការងារ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីឈានទៅរកការគ្របដណ្តប់សុខភាពជាសកល។

ទន្ទឹមនឹងនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ដល់ថ្នាក់ដឹកនាំនៅតាមអង្គភាពក្រោមឱវាទក្រសួង និងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មេត្តាយកចិត្តទុកដាក់ក្នុងការពិនិត្យការស្នើសុំ ឬបំពាក់គ្រឿងឥស្សរិយយសជូនមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល ដែលមានស្នាដៃក្នុងការបំពេញការងារស្របតាមនីតិវិធីដែលបានកំណត់។

បន្ថែមជាងនេះទៅទៀត លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើឱ្យថ្នាក់ដឹកនាំក្រសួងទទួលបន្ទុកចុះមូលដ្ឋាន ត្រូវពិនិត្យអំពីការស្នើ និងបំពាក់គ្រឿងឥស្សរិយយសរបស់មូលដ្ឋានសុខាភិបាល ដោយដាក់ជាសូចនាករបន្ថែមក្នុងការចុះពិនិត្យមូលដ្ឋានសុខាភិបាលទូទរាជធានី-ខេត្ត។

សូមបញ្ជាក់ផងដែរកិច្ចប្រជុំនេះរៀបចំឡើងតាមរយៈប្រព័ន្ធហាយប្រីដ៍ (Hybrid) និងមានការអញ្ជើញចូលរួមផ្ទាល់នៅទីស្តីការក្រសួងសុខាភិបាល ដោយមានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គនាយករង អគ្គាធិការ អគ្គាធិការរង ប្រធាននាយកដ្ឋាន នៃក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំជាទីប្រឹក្សាបណ្តាខេត្ត តាមប្រព័ន្ធអនឡាញ៕
























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...