អាជ្ញាធរខេត្តកោះកុង អំពាវនាវឱ្យប្រជានេសាទ ចុះបញ្ជីជលយានយន្ត ដើម្បីងាយស្រួលស្រាវជ្រាវនៅពេលបាត់បង់ និងប្រើប្រាស់ស្របច្បាប់

Posted By: RoogRog Robot | 07-May-2024 16:28:10

2024-05-07 03:23pm

(កោះកុង)៖ លោកស្រី​ អ៉ី នារីនេត​ អភិបាល​រង​កោះកុង​ បានដឹកនាំក្រុមការងារ មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះជួបសំណេះសំណាលជាមួយប្រជានេសាទ​ ដែល​អញ្ជើញ​មកចុះបញ្ជីជលយានយន្ត នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤។

នាឱកាសនោះ លោកស្រី​អភិបាល​រង​ខេត្ត​ បានអំពាវនាវប្រជានេសាទទាំងអស់ ដែលពុំទាន់បានចុះបញ្ជីជលយានយន្ត​ សូមចុះបញ្ជីឱ្យបានគ្រប់ៗគ្នា ជាពិសេស សូមជួយផ្សព្វផ្សាយបន្តដល់សាច់ញាតិ និងអ្នកជិតខាងទាំងអស់ ដែលមានទូក ពុំទាន់បានចុះបញ្ជី ឱ្យគាត់បានដឹង និងបានមកចុះបញ្ជីទាំងអស់គ្នា។

លោកស្រីបានលើកឡើងថា ក្រុមការងាររបស់រដ្ឋបាល មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន បានសហការគ្នាយ៉ាងសកម្ម ដើម្បីធ្វើយ៉ាងណាសម្របសម្រួលផ្តល់សេវាកម្មចុះបញ្ជីជលយានយន្តជូនប្រជាពលរដ្ឋល្អប្រសើរ។ ថែមទាំងបង្ខិតសេវានេះឱ្យគៀកនឹងសហគមន៍រស់នៅពលរដ្ឋតែម្តង មិនឱ្យចំណាយពេលវេលា ឬថវិកាច្រើនឡើយ។

លោកស្រី​អភិបាល​រង​ខេត្ត​ បានបន្ថែមថា​ ការចុះបញ្ជីជលយានយន្តនេះ ពិតជាមានសារសំខាន់ណាស់ ព្រោះប្រជានេសាទនឹងទទួលបាននូវភាពស្របច្បាប់ និងងាយស្រួលក្នុងការស្នើសូមប្រកបអាជីវកម្មផ្សេងៗ រួមជាមួយ នឹងការទិញ លក់ ផងដែរ។ ជាពិសេសជានេះទៅទៀត​ កម្លាំងមានសមត្ថកិច្ច មានភាពងាយស្រួលក្នុងការស្រាវជ្រាវ ស្វែងរក នៅពេលមានករណីចោរលួច ឬបាត់បង់ ដោយប្រការណាមួយ។

ឆ្លៀតក្នុងឱកាសនោះ លោក​ស្រី​អភិបាល​រង​ខេត្ត​ បានផ្តាំផ្ញើអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញទាំងអស់ ត្រូវខិតខំសម្របសម្រួលផ្តល់សេវាជូនប្រជានេសាទទាំងអស់ ឱ្យបានឆាប់រហ័ស មានតម្លាភាព និងការជឿ ទុកចិត្ត រួមជាមួយនឹងកិច្ចសហការល្អ ធ្វើយ៉ាងណាឱ្យការងារដើរទៅដោយរលូន និងប្រកបដោយផ្លែផ្កា។

លោកស្រីក៏បានផ្តាំផ្ញើដល់ប្រជានេសាទឱ្យមានការប្រុងប្រយ័ត្នឱ្យខ្ពស់មុនចេញនេសាទ ពីព្រោះលើផ្ទៃសមុទ្រវាមានហានិភ័យខ្លាំងណាស់៕












News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...