បារាំងប៉ាន់ស្មានថា កងទ័ពរុស្ស៉ីប្រហែល១៥០,០០០នាក់ បានស្លាប់ក្នុងសង្រ្គាមនៅអ៊ុយក្រែន

Posted By: RoogRog Robot | 03-May-2024 01:49:12

2024-05-03 03:38pm

(ប៉ារីស)៖ ក្នុងបទសម្ភាសមួយដែលចេញផ្សាយនាថ្ងៃសុក្រនេះ រដ្ឋមន្រ្តីការបរទេសបារាំង លោក Stephane Sejourne បាននិយាយថា យោងតាមការប៉ាន់ស្មាន របស់រដ្ឋាភិបាលបារាំង ទាហានរុស្ស៉ីសរុបប្រហែល១៥០,០០០នាក់ បានបាត់បង់ជីវិត អំឡុងសង្រ្គាមឈ្លានពាន​នៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤។

ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរុស្ស៉ី Novaya Gazeta Europe លោក Sejourne បានឱ្យដឹងថា តួលេខប៉ាន់ស្មាននៃកងទ័ពរុស្ស៉ី ដែលរងគ្រោះសរុប គឺរាប់បញ្ចូលទាំងអ្នករងរបួស មានចំនួនប្រមាណ៥០០,០០០នាក់ ក្នុងសង្រ្គាមដែលនាពេលនេះស្ថិតក្នុងឆ្នាំទី៣ហើយ។ ប្រទេសរុស្ស៉ីមិនបានប្រកាសឱ្យដឹងឡើយ អំពីព័ត៌មានពាក់ព័ន្ធចំនួនកងទ័ពរបស់ខ្លួន ដែលស្លាប់និងរបួស ក្នុងសង្រ្គាមនៅអ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៉ី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ធ្លាប់បានអះអាងកាលពីខែកុម្ភៈ ឆ្នាំនេះថា កងទ័ពរុស្ស៉ីចំនួន១៨០,០០០នាក់ បានស្លាប់ក្នុងសង្រ្គាម ខណៈចក្រភពអង់គ្លេស បានប៉ាន់ស្មានថា ទាហានរុស្ស៉ីប្រហែល៤៥០,០០០នាក់ ត្រូវបានសម្លាប់ឬរងរបួស នៅអ៊ុយក្រែន។ រុស្ស៉ីបានលើកទ័ពចូលឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយវាបានប្រែក្លាយជាសង្រ្គាមអូសបន្លាយដ៏បង្ហូរឈាម​មួយនៅអឺរ៉ុប និងធ្វើឱ្យរុស្ស៉ីប្រឈមភាពឯកោពីក្រុមលោកខាងលិច៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...